អន្តរជាតិ
វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​សម្រាប់​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី​និយាយថា លោក Aleksei Navalny អាច​ត្រូវគេ​បំពុល​ដោយ​ជាតិគីមី​
30, Jul 2019 , 7:59 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​សម្រាប់​លោក Aleksei Navalny មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី​និយាយថា លោក Navalny អាច​ត្រូវគេ​បំពុល​ដោយ​ជាតិគីមី​។​

 
​លោកស្រី Anastassia Vassilieva បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​យើង​មិនអាច​បដិសេធ​បានទេ​ថា ស្បែក​របស់គាត់​ត្រូវបាន​ប៉ះពាល់​នឹង​ជាតិពុល ហើយ​ត្រូវបាន​បំផ្លាញ​ដោយសារ​ធាតុគីមី​»​។​
 
​លោក Navalny កំពុង​ជាប់ពន្ធនាគារ​រយៈពេល​៣០​ថ្ងៃ​នៅពេលដែល​គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ បន្ទាប់ពី​ទទួលរង​នូវ​អ្វីដែល​អាជ្ញាធរ​បាន​និយាយថា​ជា «​ប្រតិកម្ម (​អា​ឡាក់​ហ្ស៊ី​)​ធ្ងន់ធ្ងរ​»​។ លោកស្រី Kira Yarmyush អ្នកនាំពាក្យ​របស់ លោក Navalny បាន​និយាយថា «​ឥស្សរជន​ប្រឆាំង​វិមាន​ក្រឹម​ឡាំង​ដែល​ទៅដល់​មន្ទីរពេទ្យ ខ្លះ​ហើម​មុខ និង​ស្បែក​ឡើង​ក្រហម​ខ្លាំង​»​។ អ្នកស្រី​បាន​បន្ថែមទៀតថា លោក Navalny មិនដែល​មានប្រតិកម្ម​បែបនេះ​ពីមុនមក​ទេ​។ 
 
​លោក Leonid Volkov ដែលជា​ជំនួយការ​កំពូល​របស់​លោក Navalny បានសរសេរថា គាត់​មានប្រតិកម្ម​ស្រដៀង​គ្នា​នេះដែរ បន្ទាប់ពី​គាត់​ត្រូវបាន​ឃុំឃាំង​នៅក្នុង​បន្ទប់​តែមួយ​ជាមួយ​លោក Navalny កាលពី​ខែ​មុន​។ លោក​បាន​អំពាវនាវ​ឱ្យមាន «​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​» នៃ​បទដ្ឋាន​អនាម័យ​នៅ​មណ្ឌល​ឃុំឃាំង​។ កាលពី​ថ្ងៃ​ច័ន្ទ អ្នកតំណាង​មន្ទីរពេទ្យ​ដែល​លោក Navalny ត្រូវបាន​ព្យាបាល បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​លោកខាងលិច​ថា គាត់​ស្ថិតក្នុង​ស្ថានភាព​គួរឱ្យ​ធូរចិត្ត​។ លោក Navalny ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ប្រហែលជា​១២​ដង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​បាន​ជាប់ពន្ធនាគារ​សរុប​ជាង​២០០​ថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com