អន្តរជាតិ
ចិន​និង​អាមេរិក ចាប់ផ្ដើម​ការចរចា​ឡើងវិញ​នៅ​សៀង​ហៃ តែ​ធ្វើឡើង​ស្ងាត់ៗ​
30, Jul 2019 , 8:39 pm        
រូបភាព
មន្ត្រីចរចាអាមេរិក និងចិននាជំនួបកន្លងមកនៅប៉េកាំង។
មន្ត្រីចរចាអាមេរិក និងចិននាជំនួបកន្លងមកនៅប៉េកាំង។
​នៅ​ថ្ងៃទី​៣០ ខែកក្កដា សហរដ្ឋអាមេរិក និង​ចិន​បានចាប់ផ្ដើម​ការចរចា​ឡើងវិញ​ហើយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ ជំនួប​ដែល​ធ្វើឡើង​នៅ​ទីក្រុង​សៀង​ហៃ ជាការ​ជួប​តទល់​លើកដំបូង​រវាង​ក្រុម​ចរចា​ទាំងពីរ​ចាប់តាំងពី​ជំនួប​មេដឹកនាំ​អាមេរិក និង​ចិន​ក្នុង​ខែឧសភា ដែល​បាន​ព្រមព្រៀងគ្នា​ឲ្យ​មានការ​ចរចា​ឡើងវិញ​។ ការចរចា​ជុំ​ថ្មី​នេះ ទំនង​មិនមាន​លទ្ធផល​គាប់ចិត្ត​ឡើយ​ព្រោះ​ទាំង​ចិន ទាំង​អាមេរិក សុទ្ធតែ​មិន​រំពឹង​ខ្ពស់​ដូចគ្នា​។​

 
​ក្រោយ​ផ្អាក​អស់​ពេល​ជា​យូរ តំណាង​ចរចា​អាមេរិក និង​ចិន បានចាប់ផ្ដើម​ការចរចា​ជាថ្មី​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​សៀង​ហៃ​។ នេះ​ជា​ជំនួប​លើក​ទី​១២ រវាង​ប្រតិភូ​ជាន់ខ្ពស់​អាមេរិក និង​ចិន តែ​ជា​លើកទីមួយ​ដែល​ការចរចា​ធ្វើ​នៅ​សៀង​ហៃ ខណៈ​ជំនួប​នៅលើ​ទឹកដី​ចិន​កន្លងមក តែង​ធ្វើឡើង​នៅ​រដ្ឋធានី​ប៉េកាំង​រហូតមក​។ ជំនួប​នេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង បើកភ្លើង​បៃតង​ដល់​ការចរចា​ឡើងវិញ​។​
 
​ប្រតិភូ​អាមេរិក​មិនមាន​ការផ្លាស់ប្ដូរ​អ្វី​ទេ ហើយ​នៅតែ​ដឹកនាំ​ដោយ​តំណាង​ចរចា​ពាណិជ្ជកម្ម Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគា​រ Steven Mnuchin ។ តំណាង​ចរចា​ចិន​នៅតែ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ ដដែល​។ ជំនួប​នៅ​សៀង​ហៃ​នេះ ក៏មាន​វត្តមាន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចុង សាន ដែល​ត្រូវ​ចេញមុខ​ដោយផ្ទាល់​លើកដំបូង​ផង​។ លោក ចុង សាន ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​មាន​ជំហរ​តឹងរ៉ឹង​ក្នុង​ការចរចា​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ជំនួប​លើកដំបូង​នៅ​សៀង​ហៃ ធ្វើឡើង​លាក់កំបាំង និង​មិន​ហ៊ឹកហ៊ាក់​បើកចំហ​អ្វី​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចិន មិនបាន​រាយការណ៍​ច្រើន​ពី​ជំនួប​ថ្ងៃទី​៣០ ខែកក្កដា​នេះ ឡើយ ខណៈដែល​សេចក្ដីរាយការណ៍​ជា​វីដេអូ ឬ​រូបថត​ពី​ការ​ទៅដល់​របស់​ប្រតិភូ​អាមេរិក ក៏​មិនឃើញ​មាន​ដែរ ទោះ​នេះ​ជា​ជំនួប​ទល់មុខ​លើកដំបូង​តាំងពី​ខែឧសភា​ក្ដី​។ ខុសពី​លើក​មុនៗ កម្មវិធី​របស់​ប្រតិភូ​ទាំងពីរ​ក៏ត្រូវ​បាន​លាក់បាំង​ដូចគ្នា​។ 
 
​យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua តាមរយៈ​បទ​វិចារណកថា​របស់ខ្លួន បានស្នើ​ឲ្យ​ប្រតិភូ​អាមេរិក​រៀនសូត្រ​ពី​ទស្សនកិច្ច​ប្រធានាធិបតី រី​ឆាត និក​សុន នៅ​សៀង​ហៃ​ក្នុង​ឆ្នាំ​១៩៧២ ។ ទីក្រុង​សៀង​ហៃ​នេះហើយ ជាទី​ដែល​លោក និក​សុន ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ទទួលស្គាល់​ចិន​ដោយស្មោះ​ត្រង់ ដូចនេះ​មន្ត្រី​អាមេរិក ក៏ត្រូវ​បង្ហាញ​ការស្មោះត្រង់ និង​មាន​ក្ដី​រំពឹង​សមរម្យ​ដើម្បី​ចាប់ផ្ដើម​ការចរចា​ម្ដងទៀត​។ នេះ​បើតាម​វិចារណកថា​ដដែល​។​
 
​ទំនង​រំឭក​ដល់​ទស្សនកិច្ចរ​ប​ស់លោក និក​សុន ការចរចា​លើក​នេះ ក៏​រៀបចំឡើង​នៅផ្ទះ​សំណាក់​ភ្ញៀវ​រដ្ឋ Xijiao ដែល​លោក និក​សុន ស្នាក់អាស្រ័យ​ដើម្បី​រៀបចំសេចក្ដី​ថ្លែងការណ៍​ឆ្នាំ​១៩៧២ ផងដែរ​។ សម្រាប់​ជំនួប​លើក​នេះ គម្រោង​ទិញ​ផលិតផល​កសិកម្ម​អាមេរិក ទំនងជា​របៀបវារៈ​សំខាន់ ខណៈ​ចិន​ទំនង​ប្រើប្រាស់​ការទិញ​នេះ​ដើម្បី​យកចិត្ត​អាមេរិក និង​ជា​ថ្នូរ​ការលើកលែង​ការ​រឹតត្បិត​របស់​អាមេរិក​លើ​ផលិតផល​ចិន​មួយចំនួនទៀត​៕

Tag:
 ចិន​
  អាមេរិក​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com