ក្លិបគិរីវង់សុខសែនជ័យ កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា បានបង្ហាញនិមិត្តសញ្ញា (ឡូហ្គោ) ថ្មី ដោយមានរូបមាន់គក ជំនួសឲ្យសត្វនាគដែលធ្លាប់ប្រើប្រាស់កន្លងមក។ ថ្នាក់ដឹកនាំក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវមួយ ប្រើប្រាស់រូបមាន់គក ដែលត្រូវបានចាត់ទុកជាស្តេចមាន់ ដើម្បីរំលឹកគុណសម្តេច សុខ អាន ដែលជាស្ថាបនិក ហើយបានជួយឧបត្ថម្ភគាំទ្រក្លិបចាប់តាំងពីបង្កើតដំបូង។ សម្តេច សុខ អាន បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងអាយុ៦៦ឆ្នាំ។
ទាក់ទងនឹងនិមិត្តសញ្ញាថ្មីនេះ ក្លិបគិរីវង់សុខសែនជ័យ បានពន្យល់យ៉ាងលម្អិតថា មាន់គក ដែលត្រូវបានចាត់ទុកជាស្តេចមាន់ តំណាងឲ្យភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ស្មោះត្រង់ ប្រុងប្រយ័ត្ន ប្រកបដោយឬទ្ធានុភាព បញ្ញាវាងវៃ និងវិន័យ។
រូបជើងមាន់ ក្រញុំាបាល់ គឺតំណាងឲ្យការគ្រប់គ្រង បាល់គ្រប់កាលៈទេសៈនៃការប្រកួត ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ។ ខែល បង្ហាញពីភាពរឹងមាំនៃក្រុម ក្បាច់ភ្ញីភ្លើង តំណាងឲ្យស្មារតីរួមសាមគ្គីគ្នា រីឯក្បាច់ពងត្រី ជាការតុបតែងលម្អដើម្បីឲ្យតម្លៃដល់ក្បាច់រចនាខ្មែរ ខណៈពណ៌បៃតង បង្ហាញពីការរីកលូតលាស់ ដុះដាល និងការអភិវឌ្ឍក្លិបឆ្ពោះទៅមុខ។ ពណ៌បៃតងជុំវិញខែល តំណាងឲ្យការរួបរួមគ្នា ដែលមានន័យថា «រួមគ្នាដើម្បីទាំងអស់គ្នា» ឬ «Stronger Together»។
គីរីវង់សុខសែនជ័យត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ដំបូងឡើយក្លិបនេះមានឈ្មោះថា ក្លិបកងរាជអាវុធហត្ថខេត្តតាកែវ ។ ប៉ុន្តែក្រោយ ក្លិបនេះ ត្រូវបានដូរឈ្មោះមក គីរីវង់សុខសែនជ័យ ដែលជាឈ្មោះស្រុកកំណើតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេច និងគ្រួសារសម្តេចជាអ្នកឧបត្ថម្ភក្លិបនេះរហូតមកផងដែរ។
គិរីវង់សុខសែនជ័យ ជាក្លិបគំរូមួយនៅក្នុងបាល់ទាត់កម្ពុជា ដែលតែងតែរក្សាឈ្មោះរបស់ខ្លួន បើទោះជាលទ្ធផលមិនសូវគាប់ប្រសើរក៏ដោយ ស្របពេលដែលក្លិបជាច្រើនដែលបង្កើតតំណាល បានដកខ្លួនថយ ឬក្ស័យធន។
ក្លិបខេត្តតាកែវមួយនេះ បង្ហាញវត្តមានលើកដំបូងក្នុងក្របខណ្ឌបាល់ទាត់កម្ពុជាចាប់ពីឆ្នាំ២០០៨មក ហើយបន្តលេងជាប់រហូតដល់រដូវកាលឆ្នាំ២០១៣ ។ ក្លិបនេះ បានធ្លាក់ចេញពីក្របខណ្ឌកំពូលដល់ទៅ៣លើកនៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៧។ ឆ្នាំ២០១៦ ពួកគេជាម្ចាស់ជើងឯកនៅក្របខណ្ឌលំដាប់ទីពីរ ដែលជាក្របខណ្ឌមិនមានការរៀបចំទៀងទាត់នៅក្នុងបាល់ទាត់កម្ពុជា។
លទ្ធផលដ៏ល្អបំផុតរបស់គិរីវង់ គឺទទួលបានចំណាត់ថ្នាក់លេខ៥ក្នុងក្របខណ្ឌកំពូលកាលពីឆ្នាំ២០០៩ និងឆ្នាំ២០១០ និងឡើងដល់ចំណាត់ថ្នាក់លេខ៤នៃពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៣។ នៅឆ្នាំ២០១៧ គិរីវង់បង្ហាញវត្តមាននៅក្របខណ្ឌកំពូលម្តងទៀត ដោយសារវេស្ទើនភ្នំពេញ និងស៊ីម៉ាក់យូណាយធីត ប្រកាសរំសាយ។
បច្ចុប្បន្ន លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកូនទីពីរ របស់សម្តេច សុខ អាន ជាប្រធានក្លិប លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន។ លោក ឌុក វាសនា ជាអ្នកចាត់ការទូទៅ រីឯ លោក Ekapob Potisai ជនជាតិថៃ ជាគ្រូបង្វឹក។
នាការប្រើប្រាស់ឯកសណ្ឋានថ្មីលើកដំបូង គិរីវង់ បានយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០ កាលពីថ្ងៃទី២៨ ខែកក្កដា នៅកីឡដ្ឋានរបស់ខ្លួន ដោយខ្សែប្រយុទ្ធឆ្នើម ដាវ នីម សម្រេចបាននៅតង់ទីមួយ ហើយខ្សែប្រយុទ្ធម៉ាលី Souleymane Coulibaly បន្ថែមគ្រាប់ទីពីរនៅជិតបញ្ចប់ការប្រកួត។
គិតត្រឹមសប្តាហ៍ទី១៧នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ គិរីវង់ស្ថិតនៅលេខរៀងទី១០ ដោយឈ្នះ៦ប្រកួត និងចាញ់១១ប្រកួត។ ដោយឡែកក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមខេត្តតាកែវមួយនេះ ត្រូវតទល់ជាមួយវិសាខានៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេទម្លាក់ជើងខ្លាំងណាហ្គាវើលដ៍៕