អន្តរជាតិ
កំណត់ត្រា​ថ្មី​! ត្រឹម​១២​ម៉ោង អេ​ត្យូ​ពី ដាំ​កូនឈើ​ជាង ៣៥០​លាន​ដើម
30, Jul 2019 , 9:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed កំពុងដាំដើមឈើ កាលពីថ្ងៃចន្ទ​ទី ២៩ ខែកក្កដា (រូប៖ Twitter )
លោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed កំពុងដាំដើមឈើ កាលពីថ្ងៃចន្ទ​ទី ២៩ ខែកក្កដា (រូប៖ Twitter )
ដោយ:
​ប្រទេស អេ​ត្យូ​ពី បាន​ដាំ​កូនឈើ​ច្រើនជាង ៣៥៣​លាន​ដើម ក្នុង​រយៈពេល​ត្រឹម ១២​ម៉ោង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ។ ពួកគេ ជឿជាក់ថា នេះ​ជា​កំណត់ត្រា​ពិភពលោក​ថ្មី ខណៈ​ឥណ្ឌា ជា​អ្នកកាន់កាប់​កំណត់ត្រា​ពិភពលោក​បច្ចុប្បន្ន​ដាំ​ដើមឈើ​បាន ៦៦​លាន​ដើម ក្នុង​ឆ្នាំ​២០១៧ ដោយ​ប្រើ​រយៈពេល​១២​ម៉ោង​។

 
​ការដាំ​ដើមឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការដាំ​ដើមឈើ ៤​ពាន់​លាន​ដើម​ហៅថា «​កេរ្តិ៍ដំណែល​បៃតង​» ឬ «Green Legacy» ។ គម្រោង​បៃតង​ដែល​ផ្តួចផ្តើម និង​ដឹកនាំ​ផ្ទាល់​ដោយ​លោកនាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី Abiy Ahmed មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការបាត់បង់​ព្រៃឈើ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។​
 
​ប្រជាជន​អេ​ត្យូ​ពី​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ហើយ​ត្រឹម​រយៈពេល ៦​ម៉ោង​ដំបូង លោកនាយក​រដ្ឋមន្ត្រី Ahmed តាមរយៈ​គណនី Twitter អះអាងថា ដើមឈើ​ប្រមាណ ១៥០​លាន​ដើម ត្រូវបាន​ដាំ​រួចរាល់​។​
«​យើង ធ្វើដំណើរ​មកដល់​ពាក់​កណ្តាលផ្លូវ​នៃ​គោលដៅ​យើង​ហើយ​» ។ លោក និយាយ​បែបនេះ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​អេ​ត្យូ​ពី​។  ក្រោយពី​បញ្ចប់​រយៈពេល​១២​ម៉ោង​រួចមក លោកនាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី បានប្រកាស​តាម Twitter ជាថ្មី​ថា អេ​ត្យូ​ពី មិន​ត្រឹមតែ​សម្រេច​គោលដៅ​យុទ្ធនាការ #GreenLegacy ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រេច​ហួស​ពី​គោលដៅ​កំណត់​ថែម​ទៀតផង ។ 
 
​ដំបូង​ឡើយ គោលដៅ​នៃ​ការដាំ​ដើមឈើ​រយៈពេល​១​ថ្ងៃ​របស់​អេ​ត្យូ​ពីនេះ គឺកំណត់​ត្រឹមតែ ២០០​លាន​ដើម​ប៉ុណ្ណោះ​។ ក្រោយ​បូកសរុប​រួចរាល់ កូនឈើ​សរុប ៣៥៣ ៦៣៣ ៦៦០ ដើម ត្រូវបាន​ដាំ​លើ​ផ្ទៃដី​អេ​ត្យូ​ពី ក្នុង​រយៈពេល ១២​ម៉ោង​។ នេះ​ការអះអាង​របស់​រដ្ឋមន្ត្រី​បច្ចេកវិទ្យា និង​នវានុវត្តន៍​អេ​ត្យូ​ពី Getahun Mekuria ដោយ​ជឿជាក់ថា នេះ​ជា​កំណត់ត្រា​ពិភពលោក​។ 
 
​បច្ចុប្បន្ន កំណត់ត្រា​ពិភពលោក​សម្រាប់​ការដាំ​ដើមឈើ​ក្នុងពេល​ត្រឹម​មួយថ្ងៃ ធ្លាប់បាន​រៀបចំឡើង​ក្នុងប្រទេស​ឥណ្ឌា ក្នុង​ឆ្នាំ​២០១៧​។ ក្នុង​កម្មវិធី​នេះ អ្នកស្ម័គ្រចិត្ត​ប្រមាណ​១,៥​លាន​នាក់ បាន​ដាំ​ដើមឈើ​ជាង ៦៦​លាន​ដើម ក្នុង​រយៈពេល​១២​ម៉ោង​។ 
 
​អេ​ត្យូ​ពី គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​២ ក្នុង​តំបន់​អាហ្វ្រិក ជាមួយ​ប្រជាជន​សរុប ១០០​លាន​នាក់​។ យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ប្រទេស​នេះ មាន​ព្រៃឈើ​ប្រមាណ ១៤​ភាគរយ គ្របដណ្តប់​ផ្ទៃដី​សរុប​ក្នុង​ឆ្នាំ​២០១៨៕

Tag:
 អេ​ត្យូ​ពី​
  បម្រែបម្រួល​អាកាសធាតុ​
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com