ជាតិ
​​​ន​យោ​បាយ​ជាតិ​
មួយ​ឆ្នាំក្រោយ​ការបោះឆ្នោត អាមេរិក ស្នើ​ជាថ្មី​ឲ្យ​ឈប់​ចោទ​លោក កឹម សុខា
30, Jul 2019 , 5:03 pm        
រូបភាព
លោក កឹម សុខា និង ភរិយា ជួបសំណេះសំណាលជាមួយក្រុមមេធាវីនាពេលកន្លងមក (រូបពីគណនីហ្វេសប៊ុក Chantha Muth)
លោក កឹម សុខា និង ភរិយា ជួបសំណេះសំណាលជាមួយក្រុមមេធាវីនាពេលកន្លងមក (រូបពីគណនីហ្វេសប៊ុក Chantha Muth)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ស្ថានទូត​ខ្លួន បាន​អំពាវនាវ​ជាថ្មី ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា តុលាការ ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្សប្រឆាំង ដែល​កំពុងស្ថិត​នៅក្នុង​ផ្ទះ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ រួមទាំង​អ្នកទោសនយោបាយ​ដទៃទៀត​។ ការអំពាវនាវ​របស់​សហរដ្ឋអាមេរិក​នាពេល​នេះ គឺធ្វើឡើង​ក្រោយពី​ការបោះឆ្នោត​អាណត្តិ​ទី​៦ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​កន្លងផុត​ទៅមួយ​ឆ្នាំ​។


 
​លើសពីនេះ សហរដ្ឋអាមេរិក បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការចោទប្រកាន់​ប្រជាពលរដ្ឋ ដោយ​គ្មាន​មូលដ្ឋាន និង ក្រោម​ហេតុផល​នយោបាយ​។ ស្ថានទូត​អាមេរិក បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​កម្ពុជា គួរតែ​អាច​ប្រើ​សិទ្ធិ​របស់ខ្លួន ក្នុងការ​សម្តែង​មតិ​ដោយ​សេរី និង​អាច​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី​....»​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាមេរិក ថា​ប្រៀបដូចជា​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ថ្លែង​ដូច្នេះ​ថា​៖«​សហរដ្ឋអាមេរិក កាន់ជើង​អតីត​បក្សប្រឆាំង​»​។​
 
​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ​។ ដ្បិត​លោក ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ក្តី តែ​ចៅក្រម​ស៊ើបសួរ បានដាក់​បម្រាម​ចំពោះ​លោក ដោយ​មិន​ឲ្យ​លោក​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទ​។​
 
​បើតាម​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល សហរដ្ឋអាមេរិក បាន​ហៅ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ ថា​មាន​កំហុសឆ្គង​យ៉ាងខ្លាំង ដោយ​មិនមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ឡើយ ហើយក៏​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​។ សហរដ្ឋអាមេរិក យល់​ដូច្នេះ ក៏​ព្រោះតែ​ការបោះឆ្នោត​នេះ ពុំមាន​វត្តមាន​អតីត​គណបក្សប្រឆាំង​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក តប​ទៅ​សហរដ្ឋអាមេរិក​ថា ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ប្រជាពលរដ្ឋ​អាមេរិក​ដែរ  គឺ​មិន​ចង់ឃើញ​បរទេស​ណាមួយ ឈ្លានពាន​អធិបតេយ្យភាព​របស់ខ្លួន ដែល​ប៉ះពាល់​ការបោះឆ្នោត​ឡើយ​។ លោក សរសេរ​បែបនេះ​ថា​៖«​ប្រជាពលរដ្ឋ​ខ្មែរ​យល់ច្បាស់​អំពី​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​របស់ខ្លួន ដូចដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក៏ដូចជា​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែលជា​តម្លៃពិត​ប្រាកដ​នៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​»​។​
 
​សូម​រម្លឹកថា ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦ មាន​គណបក្ស​ទាំងអស់​២០ ដែល​ចូលរួម​ប្រកួតប្រជែង​។ តែ​លទ្ធផល មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​៕ 

Tag:
 អាមេរិក​
  កឹម សុខា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com