អន្តរជាតិ
​ជប៉ុន មាន​សមាជិក​ព្រឹទ្ធសភា​២​រូប ដែលជា​ជនពិការ​ក្នុង​សភាព​ធ្ងន់ធ្ងរ​
30, Jul 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ជប៉ុន​ព្យាយាម​បង្ហាញ​ពី​គំរូ​ភាព​នៃ​ការមិន​រើសអើង​ជនពិការ ដោយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​កាលពីពេល​ថ្មីៗ​កន្លងមក មាន​បេក្ខជន​ដែល​អង្គុយ​លើ​រទេះរុញ​ពីរ​នាក់ បាន​ជាប់ឆ្នោត ជា​លើកដំបូង​បំផុត​។ នេះ​បើតាម​ការផ្សាយ​របស់ The Japan Times​។​

 
​លោក Yasuhiko Funago អាយុ​៦១​ឆ្នាំ មាន​ជំងឺ​ប្រព័ន្ធ​ប្រាសាទ ALS ដោយ​លោក​មិនអាច​ដើរ និង​និយាយ​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ហើយ​ប្រើប្រាស់​ការដកដង្ហើម​សិ​ប្ប​និម្មិត​ចាប់តាំងពី​ឆ្នាំ​២០០២​មក​។ រីឯ​លោកស្រី Eiko Kimura អាយុ​៥៤​ឆ្នាំ មាន​ជំងឺ​ពិការ​ខួរក្បាល​។​
 
​លោក Funago និង​លោកស្រី Kimura សុទ្ធតែជា​សមាជិក​គណ​បក្សប្រឆាំង Reiwa Shingsengumi ដែល​ទើបតែ​ត្រូវបាន​បង្កើត​ថ្មី​ដោយ​លោក Taro Yamamoto​។ ពួកគាត់​សុទ្ធតែ​ស្ថិតនៅលើ​កៅអី​រុញ​។​
 
​បើទោះបីជា​មិនអាច​និយាយ ប៉ុន្តែ​លោក Funago អាច​បង្ហាញ​ពី​អារម្មណ៍ និង​ធ្វើ​ចលនា​របស់ខ្លួន តាមរយៈ​ជំនួយ​ពី​កុំព្យូទ័រ​ផងដែរ​។ លោក​ក៏​ជា​អនុប្រធាន​អង្គការ Earth ដែល​ផ្តល់ជំនួយ និង​សេវាកម្ម​សម្រាប់​មនុស្ស​ពិការ និង​ជន​ចាស់ជរា​។​
 
​អ្នកស្រី Rie Saito ដែល​បាន​ឈរឈ្មោះ​សម្រាប់​បក្សប្រឆាំង Constitutional Democratic Party ក៏​ជា​បេក្ខជន​ពិការ​ម្នាក់​ផងដែរ ដោយ​គាត់​ថ្លង់​តាំងពី​កំណើត ប៉ុន្តែ​គាត់​មិនបាន​ជាប់ឆ្នោត​នោះឡើយ​៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com