ជាតិ
សេដ្ឋកិច្ច
អ្នកខ្លះសួរថា ហេតុអ្វីមិនធ្វើឲ្យ១ដុល្លារស្មើ៤រៀលបានហើយ ស្រួលគិត កុំមានសូន្យច្រើនពេក (៤០០០)!
× ១ដុល្លារអាមេរិក ស្មើ ៤០០០រៀល។ អ្នកខ្លះសួរថា ហេតុអ្វីមិនធ្វើឲ្យ១ដុល្លារស្មើ ៤រៀល បានហើយ កុំឲ្យមានសូន្យច្រើនពេក ពិបាកគិត? ឬអាចសួរម្យ៉ាងទៀតថា ហេតុដូចម្ដេច ១ដុល្លារ មិនស្មើ ១រៀល?
ក្នុងបទឧទ្ទេសនាមនាសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ នៅថ្ងៃទី២៧ខែកក្កដា អ្នកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសរបស់ធនាគារជាតិនៃកម្ពុជា បានបកស្រាយជុំវិញអត្រាប្ដូរប្រាក់រៀល និងដុល្លារ។ ក្នុងបទឧទ្ទេសនាមនោះ អ្នកស្រីមិនបានលើកឡើងពីដើមហេតុយ៉ាងម៉េចបានជា ១ដុល្លារមិនស្មើ១រៀល ឬលុយគេ១ដុល្លារសោះ ស្រាប់តែស្មើលុយខ្មែរ ៤០០០រៀល?
ទោះជាមិនបានពន្យល់ពីដើមហេតុ តែអ្នកស្រី ជា សិរី បានបកស្រាយពីភាពមិនអាចឲ្យ ១ដុល្លារ ស្មើ ៤រៀលបានឡើយ ដោយសារហេតុផលបច្ចេកទេសមួយចំនួន។
សូមស្ដាប់ការបកស្រាយរបស់លោកស្រី ជា សិរី ៖
មិនមែនតែប្រាក់រៀលខ្មែរទេ លុយប្រទេសផ្សេងក៏ខុសត្រូវគ្នាច្រើនអ៊ីចឹងដែរ នៅប្រទេសខ្លះ ១ដុល្លារ ដូរបានរាប់ម៉ឺនឯណោះ។ អ្នកស្រី ជា សិរី អះអាងថា សំខាន់នៅត្រង់អត្រាប្ដូរប្រាក់ មានស្ថិរភាពដែរ ឬទេ? ឯរឿងលុយមានសូន្យច្រើន មិនចោទជាបញ្ហានោះទេ។
បើអត្រាប្ដូរប្រាក់គ្មានស្ថិរភាព បច្ច័យផ្សេងនឹងកើតឡើងបង្កជាបញ្ហាដល់សេដ្ឋកិច្ចជាមិនខាន។ ឧទាហរណ៍មួយក្នុងចំណោមនោះគឺ បើ១ដុល្លារដូរបាន ៣៥០០រៀល ដែលមានន័យថាប្រាក់រៀលឡើងថ្លៃ នោះអ្នកបើកប្រាក់ខែជាដុល្លារ មិនសប្បាយចិត្តនោះទេ។ ពួកគេយកដុល្លារមកប្ដូរយកប្រាក់រៀល ដើម្បីចាយវាយផ្សេងៗ តែប្ដូរបានតិចជាងមុន។
អ្នកស្រី ជា សិរី លើកឡើងថា បើកាត់សូន្យចេញ ឲ្យ១ដុល្លារស្មើ ៤រៀល គឺងាយស្រួលគិតមែន ព្រោះមិនមានសូន្យច្រើន តែបង្កផលលំបាកច្រើន។ ផលលំបាក ដូចជា បញ្ជីស្នាមទាំងប៉ុន្មាន ត្រូវប្ដូរថ្មី, ការចាយវាយ ពិសេសភ្ញៀវទេសចរ នឹងងាយភាន់ច្រឡំរវាងតម្លៃលុយចាស់ និងតម្លៃលុយថ្មី ជាដើម៕
Tag:
ជា សិរី
ប្រាក់រៀល
ដុល្លារ
អត្រាប្ដូរប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com