ជាតិ
សេដ្ឋកិច្ច
កន្លះ​ឆ្នាំ គយ​រកបាន ១៤៧៥​លាន​ដុល្លារ​, ពន្ធដារ ១៥២៦​លាន​ដុល្លារ​
30, Jul 2019 , 6:11 pm        
រូបភាព
ដោយ:
​រដ្ឋ​រក​ចំណូល​សរុប​បាន ៣០០១ លាន​ដុល្លារ​ពី​ផ្នែក​គយ និង​ផ្នែក​ពន្ធដារ សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩ ។​


 
​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ថា ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ចំណូល​សរុប​ទទួលបាន ១៤៧៥ លាន​ដុល្លារ​អាមេរិក កើនឡើង ២៥,៥​ភាគរយ (​កើន​៣០០​លាន​ដុល្លារ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ចំណូល​នេះ​ត្រូវ​នឹង​៦៥​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ មុខទំនិញ​ជា​ប្រភព​ចំណូល​សំខាន់ៗ រួមមាន យានយន្ត​និង​គ្រឿងចក្រ​គ្របដណ្ដប់ ៥២​ភាគរយ​នៃ​ចំណូល​សរុប ប្រេងឥន្ធនៈ​និង​ថាមពល​១៧​ភាគរយ ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់ ២៩,៥​ភាគរយ​។ 
 
​រីឯ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន នៅ​ថ្ងៃទី​២៣​ខែកក្កដា បានប្រកាសថា ការរកចំណូល​ពន្ធអាក​រ​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ សម្រេចបាន ១៥២៦,៥ លាន​ដុល្លារ កើនឡើង ២៨,៩៤​ភាគរយ (​ប្រមាណ ៣២៤​លាន​ដុល្លារ​)​។ ចំណូល​នេះ​ស្មើនឹង​៦៦,៧​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំណូល​ពន្ធដារ​ដែល​កើនឡើង​ដល់​ជិត​៣០​ភាគរយ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ កត់សម្គាល់​ដូច្នេះ​ថា​៖«​តាមរយៈ​ការដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការស្នើសុំ​ការ​បង្វិល​សង និង​ប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង អាករ​លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ (E-VAT Refund) បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម និង​ទប់ស្កាត់​ការ​គេចវេះ​កេង​បន្លំ​ប្រាក់​ពន្ធ​ដែលជា​លទ្ធផល​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩ ចំណូល​អាករ​លើ​តម្លៃបន្ថែម​កើនឡើង ៣៦,៦២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨»៕
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨​កន្លងមក ចំណូល​ពី​គយ​មាន​ចំនួន ២៥០០​លាន​ដុល្លារ​ដែល​កើន​៣២​ភាគរយ ខណៈ​ចំណូល​ពន្ធដារ​មាន​ទំហំ ២១៩៧,៨ លាន​ដុល្លារ ដែល​កើន ១៣,៣៧​ភាគរយ​៕

Tag:
 គយ​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com