អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ទៀតហើយ​នៅថ្ងៃនេះ​
31, Jul 2019 , 9:02 am        
រូបភាព
មីស៊ីលចម្ងាយខ្លីដែលកូរ៉េខាងជើងបាញ់កាលពីថ្ងៃទី២៦ ខែកក្កដា។ នៅថ្ងៃទី៣១ ខែកក្កដានេះ កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ទៀត។ រូបភាព KCNA
មីស៊ីលចម្ងាយខ្លីដែលកូរ៉េខាងជើងបាញ់កាលពីថ្ងៃទី២៦ ខែកក្កដា។ នៅថ្ងៃទី៣១ ខែកក្កដានេះ កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ទៀត។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះ បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​ដែល​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​បន្តបន្ទាប់​បែបនេះ​។ ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង​និយាយថា មី​ស៊ី​ល​ដែល​បាញ់​លើក​នេះ ខុសពី​មី​ស៊ី​ល​ដែល​បាញ់​លើក​មុន​។​

​មី​ស៊ី​ល​ទីមួយ​បាញ់​ចេញ​នៅ​ម៉ោង​៥ និង​៦​នាទី ហើយ​គ្រាប់​ទី​ពីរ​បាញ់​នៅ​ម៉ោង​៥ និង​២៧​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង​។ មី​ស៊ី​ល​ទាំងពីរ ហោះ​ក្នុង​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ និង​ហោះ​ក្នុង​កម្ពស់​ប្រហែល​៣០​គីឡូម៉ែត្រ​។ សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន កំពុង​ត្រួតពិនិត្យ​ព័ត៌មាន​បន្ថែម​។​
 
​ការបាញ់​លើក​នេះ មាន​រយៈពេល​៦​ថ្ងៃ​គត់​ក្រោយ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ដូចគ្នានេះ​កាលពី​សប្ដាហ៍​មុន ដែល​បាន​ធ្លាក់ចូល​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។ មី​ស៊ី​ល​ដែល​បាញ់​ថ្ងៃទី​២៦ ខែកក្កដា ជា​ប្រភេទ​មី​ស៊ី​ល KN-23 ដែល​កូរ៉េខាងជើង​ចម្លង​តាម​មី​ស៊ី​ល​រុស្ស៊ី Iskandar ។ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Jeong Kyeong-doo និយាយថា មី​ស៊ី​លបាញ់​ថ្ងៃទី​៣១ ខែកក្កដា ជា​មី​ស៊ី​ល​ផ្សេង ប៉ុន្តែ​មិន​ផ្ដល់ព័ត៌មាន​លម្អិត​ឡើយ​។​
 
​មិនទាន់មាន​ការបញ្ជា​ក់​មូលហេតុ ឬ​ព័ត៌មាន​ពី​កូរ៉េខាងជើង​ឡើយ​។ យ៉ាងណាមិញ ក្រោយ​ការបាញ់​មី​ស៊ី​ល​កាលពី​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​លោក គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កំពូល ថា ជាការ​ព្រមាន​ម៉ឺងម៉ាត់​មួយ​សម្រាប់​យោធា​កូរ៉េខាងត្បូង​ដែល​ល្មោភ​សង្គ្រាម ព្រោះ​ហ៊ាន​នាំចូល​អាវុធ​ទំនើបៗ និង​ធ្វើ​សមយុទ្ធ​យោធា​។ លោក គីម ចង់​និយាយ​ដល់​ការពង្រាយ​យន្តហោះ F-35 របស់​អាមេរិក និង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​។​
 
​ក្រោយ​បាញ់​ចុងក្រោយ​នេះ ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង​យល់ថា កូរ៉េខាងជើង​គួរតែ​ត្រូវបាន​ចាត់ទុកជា​សត្រូវ​ហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Jeong បញ្ជាក់ថា​៖ «​របប​កូរ៉េខាងជើង និង​យោធា​របស់ខ្លួន ពិតណាស់​ស្ថិតក្នុង​លក្ខណៈ​ជាស​ត្រូវ ប្រសិនបើ​ពួកគេ​គំរាម​យើង ហើយ​ដុត​បញ្ឆេះ​យើង​នោះ​។​»
 
​អាមេរិក​ឯណោះ​វិញ បាន​ឆ្លើយតប​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ម្នាក់​ប្រាប់ Yonhap ថា អាមេរិក​ដឹង​ពី​ព័ត៌មាន​នៃ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ហើយ​បន្ត​តាមដាន​ស្ថានការណ៍​ទៀត​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com