ជាតិ
អន្តរជាតិ
​នៅពេលដែល​យុវជន​ពី​លោកខាងលិច មកសុំ​ទាន​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ដំណើរ​កម្សាន្ត​!
31, Jul 2019 , 10:24 am        
រូបភាព
ដោយ: រួបរួម
​និន្នាការ​ថ្មី​សម្រាប់​យុវជន​មួយចំនួន​ពី​បណ្តា​ប្រទេស​លោកខាងលិច​! ពួកគេ​មកកាន់​ទ្វីបអាស៊ី ពិសេស​នៅ​តំបន់​អាស៊ី​អាគេ្នយ៍ ដោយ​នាំគ្នា​ដើរ​សុំទាន​ដើម្បី​រកលុយ​សម្រាប់​ដំណើរ​ទេសចរណ៍​កម្សាន្ត​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​។ នេះ​បើតាម​ការផ្សាយ​របស់ Business Insider និង​បណ្តាសារ​ព័ត៌មាន​ធំៗ​លើ​ពិភពលោក​។​

 
​អាស៊ីអាគ្នេយ៍ ពោរពេញ​ទៅ​ពលរដ្ឋ​ដែលមាន​ទឹកចិត្ត​ល្អ​ប្រពៃ មាន​ក្តី​អាណិតអាសូរ និង​ចូលចិត្ត​ជួយ​យក​អសារ​អ្នកដទៃ​។ យុវជន​មួយចំនួន​ពី​ប្រទេស​លោកខាងលិច ជាពិសេស​អ្នក​ដែល​មិនសូវមាន​ធនធាន​គ្រប់គ្រាន់ ចាប់បាន​ចំណុច​នេះ ដោយ​ពួកគេ​ប្រឹង​ធ្វើ​សកម្មភាព​កម្សត់​គ្រប់បែបយ៉ាង​ដើម្បី​រកលុយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់ខ្លួន​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​។​
 
​អាជ្ញាធរ​នៅ​តំបន់​ទេសចរណ៍​ធំៗ ដូចជា ក្រុង​បាលី (​ប្រទេស​ឥណ្ឌូណេស៊ី​) ប្រទេស​ថៃ  និង​ហុងកុង​ជាដើម បាន​ហាមប្រាម​រាល់​សកម្មភាព ដូចជា ការដើរ​សុំទាន​ផ្ទាល់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ការ​ផ្តិល​អង្គុយ​សុំទាន ការប្រគំ​តន្ត្រី និង​ការលក់​រូបថត តាមផ្លូវ​ជាដើម​។ 
 
​អ្នកសុំទាន​ពី​លោកខាងលិច​មួយចំនួន បាន​អះអាងថា ពួកគេ​ត្រូវ​ចោរលួច​លិខិតឆ្លងដែន ឬ​កាបូប​លុយ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​ដំណើរ​វិលត្រឡប់​ទៅវិញ​។ ពិតណាស់​អ្នកខ្លះ មាន​ករណីនេះ កើតឡើង​ពិតប្រាកដ តែ​អ្នកខ្លះ គ្រាន់តែ​ជាការ​ភូតកុហក​បោក​បញ្ឆោត​។​
 
​យោងតាម The Guardian អាជ្ញាធរ​ថៃ បានដាក់​កំហិត​ដល់​ភ្ញៀវទេសចរ បង្ហាញ​ភស្តុតាង​ថា ពួកគេ​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ដំណើរ​កម្សាន្ត​របស់​ពួកគេ​នៅ​ថៃ រីឯ​គោលការណ៍​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ឯណោះ​វិញ ប្រសិន​គេ​ប្រទះឃើញ​ករណី​បរទេស​សុំទាន​តាមផ្លូវ ឬ​ប្រគំ​តន្ត្រី អាជ្ញាធរ​នឹង​ដឹកនាំ​បញ្ជូន​ពួកគេ​ភ្លាមៗ​ទៅកាន់​បណ្តា​ស្ថានទូត​ពាក់ព័ន្ធ​។​
 
​តាមពិតទៅ​អំពើ​សប្បុរសធម៌ មិន​ខុស​នោះឡើយ ប៉ុន្តែ​បណ្តា​ពលរដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​ជាទូទៅ​មាន​កម្រិតជីវភាព​ចាញ់​ពលរដ្ឋ​នៅ​លោកខាងលិច​ជាពិសេស​អូស្ត្រាលី អង់គ្លេស និង​រុស្ស៊ី ជាដើម ដូច្នេះ​វា​ជា​រឿង​មួយ​ដែល​ត្រូវ​គិតគូ​ឲ្យ​បាន​វែងឆ្ងាយ​នៅពេលដែល​ពួកគេ​សម្រេច​ដាក់​ទាន​ដល់​អ្នក​ដែលមាន​ជាង​ខ្លួន​។​
 
​នៅ​ហុងកុង សកម្មភាព​សុំទាន និង​ការសម្តែង​តាមផ្លូវ​របស់​ជនបរទេស នៅក្រៅ​ស្ថានីយ​រថភ្លើង តាម​គល់ស្ពាន និង​ផ្លូវ​ដើរ ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​។ នេះ​បើតាម​ការផ្សាយ​របស់ South China Morning Post​។​
 
​កម្ពុជា​ក៏​ជួប​ករណីនេះ​ញឹកញាប់​ផងដែរ ដោយ​ខ្លះ​ជា​រឿង​ពិត ហើយ​ខ្លះទៀត​ជា​រឿងប្រឌិត​។ ជាទូទៅ ពលរដ្ឋ​ខ្មែរ តែងតែមាន​សមានចិត្ត​ចំពោះ​ជនបរទេស នៅពេលដែល​ឃើញ​ពួកគាត់​ឃើញ​អ្នក​ទាំងនោះ ស្ថិតក្នុង​ស្ថានភាព​ដុនដាប​។ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​ព័ត៌មាន​ទៅ​មនុស្ស​ជាច្រើន នៅពេល​ដែលមាន​អ្នក​បង្ហោះ​រូបថត​ជាមួយនឹង​សំណេរ​បែប​អាណិតអាសូរ និង​សុំ​ការជួយ​សង្គ្រោះ ជាពិសេស​ករណី​បរទេស​បាត់​លិខិតឆ្លងដែន ឬ​ត្រូវ​ចោរឆក់​កាបូប​លុយ​។​
 
«​ក្នុងចំណោម​មនុស្ស​ពីរ​នាក់ បុរស​ចំណាស់​ខ្មែរ និង​ជនបរទេស ដែល​ស្ថិតក្នុង​ស្ថានភាព​តោកយ៉ាក អត់ឃ្លាន​ដូចគ្នា​។ មួយចំនួនធំ​ផ្តោតទៅលើ​ជនបរទេស ជាមួយ​ក្តី​អាណិតអាសូរ ដោយ​មិនបាន​ចាប់អារម្មណ៍​លើ​ជាតិ​សាសន៍​ខ្លួនឯង​»​។ នេះ​ជាការ​កត់សម្គាល់​របស់​យុវជន​ម្នាក់ ដោយ​បន្ថែមថា ពលរដ្ឋ​ខ្មែរ​អាចជួយ​ជនបរទេស​ទាំងនោះ​បាន តាមរយៈ​ការទាក់ទង​ទៅកាន់​ស្ថានទូត​របស់​ពួកគេ​។ «​អ្នកខ្លះ​តែងតែ​ឲ្យ​តម្លៃ​រដ្ឋាភិបាល​បរទេស​ដែល​យកចិត្តទុកដាក់​ព​ល​រដ្ឋ​របស់ខ្លួន ដូច្នេះ​ស្ថានទូត​របស់​ពួកគេ​ច្បាស់​ជា​មិន​បិទ​ភ្នែក​នោះឡើយ​នៅពេលដែល​ឃើញ​ពលរដ្ឋ​ខ្លួន​មាន​បញ្ហា ជាពិសេស​ករណី​បាត់​លិខិតឆ្លងដែន ឬ​ចោរឆក់​កាបូប​លុយ​ជាដើម​»៕

© រក្សាសិទ្ធិដោយ thmeythmey.com