ជាតិ
កម្ពុជា និង​តួ​ក​គី ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ ហើយ​ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​
31, Jul 2019 , 11:21 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា និង​តួ​ក​គី ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​ជាតិ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង និង​លោក Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី នៅក្នុង​ពិធី​ចុះហត្ថលេខា​ពង្រឹង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ នាទី​ក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​៣០ កក្កដា​។​

 
​ក្នុង​កិច្ចប្រជុំ​ទ្វេរ​ភាគី​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​ការងារ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម រួមទាំង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទាំងពីរ​នេះ ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ជាមួយគ្នា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួ​ក​គី ក៏បាន​សរសើរ​កម្ពុជា ក្នុង​ការសហការ​បង្ក្រាប​ចលនា​ភេរវកម្ម​ហ្វេ​ក​តូ ដែល​បាន​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា​កន្លងមក​ផងដែរ​។ 
 
​ហ្វេ​ក​ប៊ុ​ក​សម្ដេច ស ខេង បាន​ស្រង់​សម្តី​ប្រមុខ​ដឹកនាំ​មហាផ្ទៃ​តួ​ក​គី យ៉ាង​ដូច្នេះ​ថា​៖«​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា ដែល​បាន​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​ហ្វេ​ក​តូ​នាពេល​កន្លងមក ហើយ​ថា​ភាគី​ទាំងពីរ​នឹង​បន្តការងារ​យ៉ាង​ម៉ឺងម៉ាត់​បន្ថែមទៀត​លើ​ការងារ​ប្រឆាំង​ភេរវកម្ម​នេះ​ទៀត​»​។ 
 
​ក្រុម​ភេរវកម្ម​ហ្វេ​ក​តូ ដែល​រដ្ឋាភិបាល​តួ​ក​គី តាម​កម្ចាត់​នេះ ធ្លាប់បាន​វាយប្រហារ​នៅក្នុង​កន្លែង​ប្រជុំជន​មួយ​ក្នុងប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៦ ដែល​បង្ក​ឲ្យ​មាន​អ្នកស្លាប់​២៥១​នាក់ និង​អ្នករបួស​ជិត​២២០០​នាក់​។ ក្រោយ​បង្ក​ភេរវកម្ម​ហើយ រដ្ឋាភិបាល​តួ​ក​គី និង​កម្ពុជា សហការគ្នា​ទប់ស្កាត់​ក្រុម​នេះ​ក្រោយពី​ដឹងថា មាន​បណ្ដាញ​ចលនា​ភេរ​វករ ដែល​មក​ចង់​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា​។​
 
​ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​សន្តិសុខ និង​រួមគ្នា​ប្រឆាំង​ភេរវកម្ម​នោះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ចែករំលែក​ពី​កិច្ចការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​ការគ្រប់គ្រង​ចរាចរណ៍ រួមទាំង​ការពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​។ ជាពិសេស​ការងារ​បណ្ដុះ​បណ្ដាល​នគរបាល មន្ត្រី​សន្តិសុខ ឆ្មាំ​សមុទ្រ និង​កងរាជអាវុធហត្ថ​ជាដើម​។​
 
«​អ្វីៗ​គឺ​ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​អនុវត្ត​ហើយ នៅឡើយ​តែ​ការអនុវត្ត​ជាក់ស្ដែង​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​បន្ថែមថា កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ជួយ​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​បន្ថែមទៀត​៕
 

Tag:
 ស ខេង​
  ភេរវកម្ម​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com