អន្តរជាតិ
នយោបាយអន្តរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃរូម៉ានីលាលែង ដោយសារមន្ត្រីថ្នាក់ក្រោមមិនអើពើករណីឃាតកម្មក្មេងស្រីម្នាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូម៉ានី លោក Nicolae Moga បានប្រកាសលាលែងពីតំណែង
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូម៉ានី លោក Nicolae Moga បានប្រកាសលាលែងពីតំណែង នៅថ្ងៃអង្គារទី ៣០ កក្កដា ក្រោយពីផ្ទុះបាតុកម្មមួយជុំវិញករណីឃាតកម្មលើក្មេងស្រីម្នាក់ ខណៈដែលប៉ូលិសមិនបានជួយជីវិតនាងទាន់ពេលវេលាឡើយ ទោះទទួលបានការសុំជួយក្ដី។
សំណុំរឿងដ៏កក្រើកនេះ បានបង្កជាបាតុកម្មប្រឆាំងនឹងអាជ្ញាធរក្រុងប៊ុយការ៉េស ដោយប្រជាជនរ៉ូមានីរាប់ពាន់នាក់បានចូលរួម កាលពីយប់ថ្ងៃសៅរ៏ ទី២៧ ខែកក្កដា។
«ខ្ញុំ សម្រេចចិត្តធ្វើរឿងនេះដើម្បីការពារកិត្យានុភាពរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងន់បំផុត ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីថ្នាក់ក្រោមខ្លះ»។ លោករដ្ឋមន្ត្រី Moga និយាយបែបនេះក្នុងលិខិតលាលែងពីតំណែងរបស់លោក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Moga គឺជាមន្ត្រីជាន់ខ្ពស់ទីបីហើយ ដែលត្រូវអស់តំណែងក្នុងរឿងក្តីឃាតកម្មដ៏កក្រើកក្នុងប្រទេសរូម៉ានីមួយនេះ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ អ្នកដែលខ្ទាតចេញពីតំណែងមុនលោក គឺមានដូចជាស្នងការប៉ូលីសក្រុង លោក Ioan Buda និងប្រធាននាយកដ្ឋានសេវាកម្មទូរគមនាគមន៍ពិសេស លោក Ionel Vasilca ។
Alexandra បានទទួលទូរសព្ទទៅការិយាល័យប៉ូលិសរហូតដល់១១២ដង ប៉ុន្តែគ្មានអ្នកអើពើ។ ពេលប៉ូលិសលើក គេឮសំដីចុងក្រោយថា «គេ [ឃាតករ] មកហើយ»
និយាយពីសំណុំរឿងឃាតកម្មលើក្មេងស្រីជំទង់ ជនសង្ស័យឈ្មោះថា Gheorghe Dinca អាយុ ៦៥ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាកន្លងទៅ នៅភាគខាងត្បូងទីក្រុង Caracal ។ បុរសរូបបនេះ បានសារភាពថា បានចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ឈ្មោះថា Alexandra និងក្មេងស្រីម្នាក់ទៀត ឈ្មោះថា Luiza ដែលបានបាត់ខ្លួន កាលពីខែមេសាកន្លងទៅ។
ទោះជាបែបនេះក្តី មេធាវីរបស់ជនសង្ស័យ Dinca បានអះអាងទៀតថា ព្រះរាជអាជ្ញារូម៉ានី មានមន្ទិលសង្ស័យថា លោកប្រហែលជាប្រព្រឹត្តបទល្មើសបែបនេះច្រើនជាង២ករណីដែលលោកបានសារភាពពេលនេះ។
រឿងហេតុដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីព្រហស្បតិ៍ ទី២៥ ខែកក្កដា សប្តាហ៍មុន ដោយក្មេងស្រី Alexandra ត្រូវបានចាប់ជំរិតនៅក្បែរផ្ទះ ។ យ៉ាងណាមិញ ក្រោយត្រូវបានគេចាប់ជំរិត ជនរងគ្រោះអាចស្វែងរកមធ្យោបាយដើម្បីហៅទូរសព្ទអាសន្នចំនួន ១១២ដង ហើយបានផ្តល់ព័ត៌មានដល់ប៉ូលិសអំពីទីតាំង ដែលនាងត្រូវបានគេចាប់ឃុំខ្លួន។ យោងតាមសំដីប៉ូលីស ក្មេងស្រីរូបនេះ បានស្រែកថា «គាត់មកហើយ, គាត់មកហើយ» មុននឹងបណ្តាញទូរសព្ទនាង ត្រូវបានកាត់ផ្តាច់ ។
មហាជន រិះគន់ថា មន្ត្រីសមត្ថកិច្ច បរាជ័យក្នុងការអនុវត្តតួនាទីដោយយកចិត្តទុកដាក់ ហើយធ្វើអន្តរាគមន៍យឺតពេលវេលាដើម្បីស្វែងរកទីតាំង និងជួយសង្គ្រោះក្មេងស្រីចំទង់រូបនោះ។ តាម AFP ប្រធានាធិបតីរូម៉ានី លោក Klaus Iohannis នៅថ្ងៃអង្គារ ទី៣០ កក្កដា បានរិះគន់ធ្ងន់ៗលើភាពចន្លោះប្រហូងក្នុងករណីឃាតកម្មនេះ និងបានទាមទារឲ្យចាត់វិធានការចាំបាច់នាន ដើម្បីធានាឲ្យបានថា សោកនាដកម្មបែបនេះ លែងអាចកើតឡើងក្នុងប្រទេសលោក៕
Tag:
រូម៉ានី
អំពើឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com