ជាតិ
អ្នកតំណាងរាស្ត្រ ដួង វណ្ណា ក្នុងសម្លៀកបំពាក់សាមញ្ញពេលចុះទៅទីតាំងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង រូបពីហ្វេសប៊ុក «ក្មេងឌឺ»៖ លោកស្រី ដួង វណ្ណា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្លៀកខោជើងវែង និងអាវដៃវែង ពាក់ស្បែកជើងផ្ទាត់ ដែលបានចុះពិនិត្យកន្លែងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ កក្កដា
× ភ្នំពេញ៖ មនុស្សជាង៤០នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។ ក្នុងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាម្នាក់ ចុះពិនិត្យទីតាំងកើតហេតុនោះដែរ។
តាមរយៈរូបថត ដែលបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេឃើញមានស្ត្រីម្នាក់ ស្ថិតនៅក្នុងសម្លៀកបំពាក់ខោខ្មៅជើងវែង និងអាវដៃវែង ពាក់ស្បែកជើងផ្ទាត់ ហាក់បង្ហាញសកម្មភាពយកចិត្តទុកដាក់ និងអារម្មណ៍សង្វេគក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។ ស្ត្រីម្នាក់នោះ គឺជាលោកស្រី ដួង វណ្ណា តំណាងរាស្ត្រនៃគណបក្សប្រជាជនប្រចាំមណ្ឌលស្វាយរៀង ដែលបានចុះពិនិត្យទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសួនថ្មី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
«ក្តុកក្តួលណាស់! មានអារម្មណ៍អាណិតអាសូរណាស់នៅពេលឃើញទិដ្ឋភាពបែបនេះ»។ នេះជាការលើកឡើងរបស់លោកស្រី ដួង វណ្ណា ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មិនចង់ឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់បែបនេះឡើយ ពោលគឺអ្នកបើកបរត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្លួន។
នៅព្រឹកថ្ងទី៣១ កក្កដានេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយរថយន្តដឹកមាន់ បុកជាមួយរថយន្តដឹកកម្មករនិយោជិត ហើយក៏បណ្តាលឲ្យរថយន្តដឹកកម្មករនិយោជិតក្រឡាប់។ ក្នុងចំណោមកម្មករនិយោជិត ដែលរងរបួសទាំងនោះ មានអ្នកខ្លះ បាក់ដៃ បាក់ជើង និងបែកក្បាល។ ហើយក្នុងចំណោមនោះ ក៏មានកម្មការិនី មានផ្ទៃពោះផងដែរ។ ក្រោយកើតហេតុការណ៍ អ្នកដែលរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
Tag:
ដួង វណ្ណា
CPP
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com