អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ លោក ត្រាំ ផ្ដាំ​ចិន​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​ហើយ កុំ​ពន្យារពេល​
31, Jul 2019 , 3:58 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃសមភាគីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃសមភាគីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែកក្កដា បាន​បង្ហោះ​សារ​មិន​ពេញចិត្ត​តាម​បណ្ដាញ​សង្គម Twitter ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ចោទ​ចិន​ថា ព្យាយាម​បន្លាយពេល​ចរចា និង​រង់ចាំ​ឲ្យ​ការបោះឆ្នោត​នៅ​អាមេរិក​ឆ្នាំ​២០២០ រួចរាល់​សិន​។ លោក ត្រាំ ផ្ដាំ​ឲ្យ​ចិន​ប្រឹង​ចរចា​ជាមួយ​អាមេរិក​ឲ្យ​មាន​កិច្ចព្រមព្រៀង​ត្រឹម​អាណត្តិ​នេះ ព្រោះ​នៅ​អាណត្តិ​ក្រោយ ការចរចា​នឹង​កាន់តែ​ពិបាក​ខ្លាំង​មិន​ខាន​។

 
​ចំ​ថ្ងៃ​មន្ត្រី​ជួបគ្នា​រក​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នៅឯ​សៀង​ហៃ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្រាប់តែ​បង្ហាញ​ជំហរ​រំពឹង​តិចតួច​ពី​ជំនួប​នេះ​ទៅវិញ​។ លោក ត្រាំ ព្រមាន​ថា កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ អាច​មិន​លេច​រូបរាង​រហូត​ដល់ពេល​ក្រោយ​ការបោះឆ្នោត​អាមេរិក​ឡើយ​។ បើតាម​លោក ត្រាំ ចិន​ជា​អ្នក​ចង់​ពន្យារពេល​ចរចា​ដោយ​រង់​ចាំមើល​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​សិន​។ 
 
«​ពួកគេ (​ចិន​) ចង់​ខ្ញុំ​ចាញ់ ន្អាលនឹង​ចរចា​ជាមួយ​អ្នកផ្សេង​ដូចជា​លោកស្រី Elizabeth Warren ឬ​លោក Joe Biden ឬ​អ្នកដទៃ​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ដោយ​សំដៅ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ មុននឹង​និយាយ​ដាស់តឿន​ចិន​វិញ​ថា ចិន​ទៅវិញ​ទេ​ដែល​ចង់បាន​កិច្ចព្រមព្រៀង​ខ្លាំង តែមាន​ឬ​មិនមាន គឺ​អាស្រ័យ​លើ​រូបលោក​ផ្ទាល់ មិនមែន​ចិន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​
 
​ការលើកឡើង​របស់លោក ត្រាំ បែបនេះ ទំនងជា​សញ្ញា​បង្ហាញ​ពី​ការបន្ថយ​ក្ដី​រំពឹង​នៃ​ជំនួប​ចរចា​ដែល​កំពុង​ធ្វើ​នៅ​សៀង​ហៃ​។ វា​ក៏​ហាក់ដូចជា​ផ្ទុយ​នឹង​ជំហរ​សុ​ទិ​ដ្ឋ​និយម​របស់លោក ត្រាំ អំឡុង​ជំនួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅ​ទឹកដី​ជប៉ុន​កាលពី​ខែមិថុនា​ផងដែរ​។​
 
​មិន​បញ្ចប់​ត្រឹម​ការ​ចោទថា ចិន​បង្អូស​ពេល​ចរចា​ឡើយ​។ នៅលើ​បណ្ដាញ​សង្គម Twitter ឯណោះ​វិញ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​ឆ្លៀត​អះអាង​ពី​ផល​អវិជ្ជមាន​នៃ​ការដំឡើង​ពន្ធ​លើ​សេដ្ឋកិច្ច​ចិន​ផងដែរ​។ លោក ត្រាំ និយាយថា សេដ្ឋកិច្ច​ចិន​ស្ថិតក្នុង​ពេលវេលា​យ៉ាប់​បំផុត​ក្នុង​រយៈពេល​២៧​ឆ្នាំ​មក​ដោយសារ​ការដាក់​ព​ន្ធ ហើយ​ក្រុមហ៊ុន​ជាច្រើន​បាន​ចាក​ចេញពី​ចិន ដែល​នេះ​ជា​រឿង​មិន​ធ្លាប់​ឃើញ​ពីមុនមក ខណៈ​អាមេរិក​វិញ​រកលុយ​បាន​រាប់ពាន់​លាន​ដុល្លារ​ពី​ចិន​។​
 
​កុំ​កាប់​បំពង់ រង់ចាំ​ទឹកភ្លៀង​! នេះ​ជាការ​ព្រមាន​ជាថ្មី​របស់លោក ត្រាំ ក្នុង​សារ​បន្ទាប់​ទៀត​។ មេដឹកនាំ​អាមេរិក​រូបនេះ ផ្ដាំ​ចិន​ថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត ការចរចា​នៅ​ថ្ងៃ​ខាងមុខ នឹង​កាន់តែ​ពិបាក​ខ្លាំង ប្រសិន​ប៉េកាំង​ព្យាយាម​បន្លាយពេល​រហូតដល់​ការបោះឆ្នោត​ឆ្នាំ​២០២០ ។ លោក​ជឿថា ចិន​ចង់បាន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​វិញ​ដើម្បី​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​កេងចំណេញ​ពី​អាមេរិក​បាន​ដូច​មុន​។​

Tag:
 ​អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ជម្លោះ​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com