អន្តរជាតិ
ក្រៅពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ លោក ប្រា​យុទ្ធ គ្រប់គ្រង​ស្ថាប័ន​ប៉ូលិស​មួយទៀត
31, Jul 2019 , 7:19 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា ដែលជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ ប្រកាសត្រួតពិនិត្យប៉ូលិសខ្លួនឯង។
លោក ប្រាយុទ្ធ ចន្ទអូចា ដែលជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ ប្រកាសត្រួតពិនិត្យប៉ូលិសខ្លួនឯង។
​គ្រប់គ្រង​ទាំង​កងទ័ព ក្ដាប់​ទាំង​ប៉ូលិស​! នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៣០ ខែកក្កដា បាន​បែងចែក​ភារកិច្ច​ទៅ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ទាំង​ប្រាំ​របស់លោក​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ប្រា​យុទ្ធ ក៏បាន​ទាញយក​ស្ថាប័ន​ប៉ូលិស​មក​ដាក់​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់លោក​វិញ ខណៈ​កាលពី​ក្នុង​រដ្ឋាភិបាលយោធា ស្ថាប័ន​មួយ​នេះ ស្ថិតក្រោម​ការមើល​ការខុសត្រូវ​ដោយ​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​សុវណ្ណ ។ 

 
​ដោយ​លើកឡើង​ពី​ការបារម្ភ​សុខភាព​របស់លោក ប្រា​វីត វង្ស​សុវណ្ណ ដែលជា​ឧបនាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាសថា លោក​នឹង​មើល​ការខុសត្រូវ​ប៉ូលិស​ជាតិ​ថៃ និង​ធ្វើជា​ប្រធាន​គណៈកម្មការ​ប៉ូលិស​ដោយ​ខ្លួនឯង​។ លោក ប្រា​យុទ្ធ ប្រកាស​ដូចនេះ អំឡុងពេល​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នេះ ពីមុន​ក៏​ជា​កាន់កាប់​ដោយ​លោក ប្រា​វីត ដែរ​។ 
 
​លោក ប្រា​វីត ដែលមាន​វ័យ​ជាង​៧០​ឆ្នាំ​ទៅហើយនោះ ក៏មាន​បញ្ហា​សុខភាព​ផងដែរ​។ ប៉ុន្តែ​លោក ប្រា​យុទ្ធ អះអាងថា អតីត​មេទ័ព​ជើងគោក​រូបនេះ នៅតែមាន​ការប្ដេជ្ញាចិត្ត​ក្នុងការ​លី​អ​ម្រែ​ក​ជាច្រើន​ទៀត​ដដែល​។ សម្រាប់​ភារកិច្ច​ក្នុង​រដ្ឋាភិបាល​ថ្មី លោក ប្រា​យុទ្ធ បាន​ឲ្យ​លោក ប្រា​វីត មើល​ការខុសត្រូវ​ក្រសួង​ចំនួន​បួន ដឹកនាំ​នាំ​ការងារ​ចារកម្ម​ជាតិ និង​គ្រប់គ្រង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។ នេះ​បើតាម​សារព័ត៌មាន​ថៃ The Nation ។​
 
​ជាមួយនឹង​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​ការគ្រប់គ្រង​អង្គភាព​ប៉ូលិស​ដោយផ្ទាល់​បែបនេះ កិច្ចការ​សន្តិសុខ​ទាំងមូល គឺ​ស្ថិតក្នុង​កណ្ដាប់ដៃ​លោក ប្រា​យុទ្ធ តែម្នាក់ឯង​។ នាយករដ្ឋមន្ត្រី​រូបនេះ​ក៏បាន​អះអាងថា លោក​នឹង​ត្រួតពិនិត្យ​ដោយផ្ទាល់​រាល់​សំណើ​ដំឡើង​ឋានៈ​ទាំងអស់​ទាំង​ក្នុង​ជួរ​កងទ័ព និង​ជួរ​ប៉ូលិស​ជាតិ សំដៅ​ការពារ​ស្ថិរភាព​ក្នុងប្រទេស​។ 
 
​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត រួម​និង​រដ្ឋមន្ត្រី​មហាផ្ទៃ​បច្ចុប្បន្ន ឧ​ត្ត​ម​សេនីយ៍ អនុពង្ស ផៅ​ចិន្តា ត្រូវបាន​ចាត់ទុកជា​ប​ង​ប្អូន​រួម​អាវុធ​របស់លោក ប្រា​យុទ្ធ អំឡុងពេល​កាន់កាប់​អំណាច​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​នៃ​បក្ស​ភឿ​ថៃ​នៅ​ឆ្នាំ​២០១៤ មក​។ លោក ប្រា​វីត លោក អនុពង្ស និង​លោក ប្រា​យុទ្ធ សុទ្ធតែជា​អតីត​មេបញ្ជាការ​កងទ័ពជើងគោក​ដ៏​មាន​ឥទ្ធិពល​ដូចគ្នា និង​មាន​ប្រភពពី​សម្ព័ន្ធភាព​តែមួយ​ក្នុង​ជួរ​កងទ័ព​ថៃ​ផងដែរ​។​
 
​ទោះ​ទាញយក​ប៉ូលិស​មក​គ្រប់គ្រង​មែន លោក ប្រា​យុទ្ធ មិនទាន់​សម្រេចចិត្ត​យក​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស (DSI) ក៏មាន​ឥទ្ធិពល មក​ដាក់​ក្រោម​ការត្រួតពិនិត្យ​នៅឡើយ​ទេ ប៉ុន្តែ​ចង់ឃើញ​អង្គភាព​មួយ​នេះ​មាន​កំណែទម្រង់​។ ឯ​រឿង​ការចំណាយ​កងទ័ព​វិញ នាយករដ្ឋមន្ត្រី​រូបនេះ លើកឡើងថា យោធា​នឹង​មិនអាច​ស្នើសុំ​ការចំណាយ​បាន​ច្រើន​ទៀតឡើយ ព្រោះ​រដ្ឋាភិបាល​មិនសូវមាន​លុយ​ច្រើន តែ​ការទិញ​សព្វាវុធ​ដែល​ចាំបាច់ អាច​ស្នើ​បាន​៕  

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ប្រា​វីត វង្ស​សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com