ជាតិ
ស្ត្រី​ជាប់ទោស​១៦៥​ឆ្នាំ នឹងត្រូវ​អនុវត្ត​ទោស​ធ្ងន់ធ្ងរ​១ ក្នុងចំណោម​៩​ករណី ក្រោយ​បញ្ចប់​នីតិវិធីតុលាការ​
31, Jul 2019 , 7:39 pm        
រូបភាព
រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រកឃើញថា កំពុង​ជាប់ទោស​១៦៥​ឆ្នាំ​នៅក្នុង​ពន្ធនាគារ តាមរយៈ​អំណាច​សាលក្រម​ចំនួន​៩ របស់​តុលាការ​។ ប៉ុន្តែ​ទោស​នេះ នឹង​ថមថយ​មកវិញ នៅពេលដែល​តុលាការ​បញ្ចប់​នីតិវិធី​របស់ខ្លួន​។​


 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​និយាយថា ទោស​១៦៥​ឆ្នាំ​របស់​ស្ត្រី​ម្នាក់​នោះ គឺជា​ការបូកបញ្ចូល​គ្នា​នៃ​ទោស​សរុប តាម​សាលក្រម​ចំនួន​៩ ដែល​គាត់​រង​ការចោទប្រកាន់​ពី​តុលាការ​។ លោក ជិន ម៉ា​លីន បាន​បន្ថែមថា សាលក្រម​ទាំង​៩​របស់​ស្ត្រី​រូបនេះ ត្រូវបាន​ប្ដឹងផ្ដល់​ឡើងមក​ដល់​សាលាឧទ្ធរណ៍​ហើយ ដែល​តុលាការ​ត្រូវ​ការបន្ត​នីតិវិធី​ខ្លួន ឲ្យ​បាន​ចប់សព្វគ្រប់​សិន មុននឹង​សម្រេច​ឲ្យ​ស្ត្រី​រូបនោះ អនុវត្ត​ទោស​ធ្ងន់ធ្ងរ​មួយ ក្នុងចំណោម​ទោស​ទាំង​៩​នេះ ពោលគឺ​នាង​មិនអាច​ជាប់ទោស​រហូតដល់​១៦៥​ឆ្នាំ​ឡើយ​។​



 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រោយ​យើង​សិក្សា​ស្រាវជ្រាវ​មើលទៅ គឺ​ទោស​គាត់​មិនមែន​១៦៥​ឆ្នាំ​ទេ គឺ​គាត់​មាន​សំណុំរឿង​៩​ផ្សេងគ្នា ហើយ​សាលក្រម​នីមួយៗ​នេះ មាន​សាលក្រម​ខ្លះ​ផ្តន្ទាទោស​គាត់ ១៨​ឆ្នាំ ខ្លះ​២០​ឆ្នាំ ដូច្នេះ​បាន​បូក​បញ្ចូល​រហូតដល់​ជាង​១០០​ឆ្នាំ​។ ប៉ុន្តែ​នៅក្នុង​នីតិវិធី​របស់​តុលាការ បានន័យថា ស្ត្រី​រូបនោះ គាត់​បាន​ប្ដឹងទៅ​ឧទ្ធរណ៍ ហើយ​នៅពេល​តុលាការ​សម្រេច​ចុងក្រោយ ដែល​ដល់​នីតិវិធី​(​បញ្ចប់​សវ​នា​នៅត្រឹម​ឧទ្ធរណ៍​)​ចុងក្រោយ គឺ​តុលាការ​នឹង​ស្រូប​ទោស​នេះ​បញ្ចូល​គ្នា​។ ប៉ុន្តែ​ជាធម្មតា​គេ​ស្រូប​ទោស​ចូលគ្នា​នេះ គឺ​បានន័យថា គេ​មិនមែន​បូក​ទោស​នៃ​សាលក្រម​ទាំងអស់​បញ្ចូល​គ្នា​នោះទេ គឺ​គេ​(​តុលាការ​)​នឹង​យកទោស​ណា ដែល​ធ្ងន់​ជាងគេ នៅក្នុង​ចំណោម​បទល្មើស​ទាំងអស់​ហ្នឹង​(​សម្រេច​ឲ្យ​ស្ត្រី​នោះ​អនុវត្ត​)​។ ដូច្នេះ​យើង​សិក្សា​មើលទៅ​វា​ជា​នីតិវិធីតុលាការ​»​។​
 
​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​ពិភាក្សា​ជាមួយ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា ហើយ​បាន​ចុះទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បី​ធ្វើ​បែបបទ​រដ្ឋបាល និង​នីតិវិធី​ច្បាប់ ក្នុងការ​ទទួលយក​ក្មេង​ចេញពី​ពន្ធនាគារ ប្រគល់​ទៅ​ឲ្យ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា ដែល​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ នៅ​គ្រា​ដែល​ក្រុមការងារ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស ចុះទៅ​ជួប​ស្ត្រី​និង​កូន​ក្នុង​ពន្ធនាគារ​នោះ ក៏បាន​រកឃើញ​ស្ត្រី​ម្នាក់ មានទោស​ជាច្រើន​បូកផ្សំ​បញ្ចូល​គ្នា រហូតដល់​ទៅ​មានទោស​សរុប​១៦៥​ឆ្នាំ ដោយមាន​ទាំង​កូនប្រុស​តូច​ម្នាក់​អាយុ​ទើប​ឆ្នាំ​៣​ឆ្នាំ​នៅ​ជាមួយ​ផង​។ ស្ត្រី​រូបនេះ បាន​អនុវត្ត​ទោស​៣​ឆ្នាំ​មកហើយ​។​
 
​បើតាម​របាយការណ៍​នៃ​សាលក្រម ដែល​តុលាការ​បាន​បញ្ជូនទៅ​លោក អង្គ វង្ស វ​ឌ្ឍ​នា នោះ គឺ​ការផ្ដន្ទាទោស​ស្ត្រី​ខាងលើ​នោះ ដោយ​យោងតាម​បទល្មើស​ព្រហ្មទណ្ឌ ដែល​ស្ត្រី​រូបនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ជាមួយ​ស្វាមី​កន្លងមក​។ ត្រង់ចំណុច​នេះ​លោក វ​ឌ្ឍ​នា បាន​បញ្ជាក់ថា សាលក្រម​នីមួយៗ​បាន​កាត់ទោស​ឲ្យ​ស្ត្រី​រូបនោះ ជាប់ទោស​ពី​៨​ឆ្នាំ​ឡើងទៅ​។ បើតាម​លោក វ​ឌ្ឍ​នា ស្វាមី​របស់​ស្ត្រី​រូបនេះ ជា​ក្រុមចោរប្លន់​យ៉ាង​សាហាវ ដោយ​ក្នុង​មួយឆ្នាំ​ចេញ​ប្លន់​យ៉ាងតិច​៩​ករណី​។​
 
​តែ​យ៉ាងណា​រដ្ឋមន្ត្រី​យុត្តិធម៌ បាន​សង្កត់ធ្ងន់ថា យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​នីតិវិធី​ច្បាប់​កម្ពុជា គឺ​តម្រូវ​ឲ្យ​ជនល្មើស​ជាប់ទោស​ណាមួយ ដែល​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​ច្រើនជាងគេ ក្នុងចំណោម​ទោស​ដែល​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ ៕

Tag:
 ​ជិន ម៉ា​លីន​
  តុលាការ​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com