ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
អ្នកនាង ជា ផល្លា ជំរុញ​ស្ត្រី​រៀន​ឲ្យ​បាន​ខ្ពស់ ដើម្បី​លើកមុខ​មាត់​គ្រួសារ និង​ប្រទេសជាតិ​
31, Jul 2019 , 4:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​អ្នកនាង ជា ផល្លា ជា​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​រៀន​នៅ​សាកលវិទ្យាល័យ OXFORD នៅ​ចក្រភព​អង់គ្លេស ជា​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​។ ក្រៅពី​សិក្សា​បាន​ខ្ពស់ ស្ត្រី​ខ្មែរ​រូបនេះ ក៏បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ផងដែរ​។ ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុងការ​សិក្សា និង​ការងារ អ្នកស្រី បាន​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ដទៃទៀត ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​របស់ខ្លួន លើក​មុខមាត់​គ្រួសារ និង​ក្លាយ​ធនធានមនុស្ស​របស់​ស​ង្គ​ម​ជាតិ​។ 

   
 
«​ស្ត្រី​ប​ង្វ្រិ​ល​ចង្ក្រាន​មិន​ជុំ​» ជា​ទស្សនៈ​ដែល​អ្នកស្រី ជា ផល្លា យល់ថា​បាន​បង្អាក់ ឬ​បញ្ឈប់​ស្ត្រី​ខ្មែរ​ពី​ការរៀន​បាន​ខ្ពង់ខ្ពស់ ហើយ​មកដល់​បច្ចុប្បន្ន​ទស្សនៈ​នេះ ហាក់​នៅមាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ ក្នុងសង្គម​ខ្មែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី ជា ផល្លា ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការសិក្សា គ្រប់​ដំណាក់កាល​ផ្លាស់ប្តូរ​នៃ​ជីវិត ខណៈដែល​មិត្តភក្តិ​ដែល​រៀន​ស្រករៗ​គ្នា​ភាគច្រើន មិន​បន្ត​ការសិក្សា​ឲ្យ​បាន​ខ្ពស់​ទោះជា​គេ​មានលទ្ធភាព​ក៏ដោយ​។ សព្វថ្ងៃ​អ្នកស្រី ផល្លា មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​ទៅ​២​។ មួយ ពី​ប្រទេស​ថៃ និង​មួយទៀត​ពី​ចក្រភព​អង់គ្លេស​។ 


 
​កើត​នៅក្នុង​គ្រួសារ​ជីវភាព​មធ្យម​នៅ​ទីក្រុង​ភ្នំពេញ អ្នកនាង ជា ផល្លា គឺជា​នារី​ម្នាក់​ដែល​ផ្តល់​តម្លៃ​ខ្ពស់​លើ​ការសិក្សា ស្របពេល​ស្ត្រី​ដែល​រៀន​ស្របាលៗ​គ្នា​ជាច្រើន បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង​។ នាង​ខំរៀន​រហូត​ទទួលបាន​ពិន្ទុ​ខ្ពស់ និង​និទ្ទេស​ល្អ ព្រមទាំង​ជាប់​អាហារូបករណ៍​ជា​បន្តបន្ទាប់​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ មានឱកាស រួមផ្សំ​នឹង​ការប្រឹងប្រែង បានធ្វើ​ស្ត្រី​សម្បុរ​ស សក់ស្លូត​ខ្មៅ​រលោង និង​ពូកែសម្តី​រូបនេះ មាន​អនាគត​ដ៏​ត្រចះត្រចង់​ដូច​ពេលនេះ​។​
 
​បច្ចុប្បន្ន អ្នកស្រី ជា ផល្លា ជា​មន្ត្រី​គ្រប់គ្រង​ទំនាក់ទំនង និង​កិច្ចការ​ខាងក្រៅ នៅ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក៏​ធ្លាប់ធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន ដូចជា​អង្គការ World Vision ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។   អង្គុយ​ក្នុង​ហាង​កាហ្វេ​ក្នុង​ទីធ្លា​សារមន្ទីរ​ជាតិ ក្រោម​ដើមឈើ​ធំៗ​ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ ស្ត្រី​កូន​មួយ និង​មាន​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​រម្លឹក​ពី​ការសិក្សា​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​កាល​រៀន​ថ្នាក់​ទី​១២ ខ្ញុំ​ជាប់​និទ្ទេស B ហើយ​និទ្ទេស​នេះហើយ បានធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​១០០​ភាគរយ ផ្នែក​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា​។ អំឡុងពេល​រៀន​ឆ្នាំ​ទី​២ ខ្ញុំ​ឆ្លៀត​ធ្វើការ​មួយ​កំណាត់​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ពេល​បញ្ចប់​បរិញ្ញាបត្រ ខ្ញុំ​ក៏​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​១​ឆ្នាំ សិក្សា​អំពី​សហគមន៍​អឺរ៉ុប នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ប្រទេស​ថៃ​។ នៅ​ឆ្នាំ​២០១៥ ខ្ញុំ​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ OXFORD នៅ​ចក្រភព​អង់គ្លេស ជំនាញ​គោលនយោបាយ​សាធារណៈ​»​។ 
 
​បើតាម​អ្នកនាង ជា ផល្លា ការ​ខំប្រឹងប្រែង​ក្រសោប​យក​អាហារូបករណ៍​អនុបណ្ឌិត​ដល់​ទៅ ២​ពី​សាកលវិទ្យាល័យ​បរទេស គឺ​ដោយសារតែ​អ្នកស្រី ចង់​ពង្រីក​ចំណេះដឹង​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅក្នុង​ស្រុក​។ ជា​កូន​ទី​៧ ក្នុងចំណោម​បងប្អូន​៨​នាក់ ដែលមាន​ឪពុកម្តាយ​ប្រកប​របរ​លក់ដូរ គ្រួសារ​របស់​អ្នកនាង ជា ផល្លា មានលទ្ធភាព​ផ្គត់ផ្គង់​ការសិក្សា​សម្រាប់​នាង ក៏ប៉ុន្តែ​នាង​មិន​ចង់​ឲ្យ​ឪពុកម្តាយ​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់ខ្លួន ទើប​អ្នកនាង តែង​ស្វះ​ស្វែងរក​អាហារូបករណ៍ ទាំង​ក្នុងស្រុក និង​នៅ​បរទេស​។ 
​អ្នកស្រី ជា ផល្លា ដែលមាន​អាកប្បកិរិយា​រហ័សរហួន មើលឃើញថា បច្ចុប្បន្ន​ស្ត្រី​ខ្មែរ​មាន​តិចតួច​ណាស់ ដែល​ទទួលបាន​ការអប់រំ​ខ្ពស់ ស្របពេល​ដែលមាន​កត្តា​ជាច្រើន កំពុង​រាំងខ្ទប់​ពួកគេ មិន​ឲ្យ​មានឱកាស​សិក្សា​។ អ្នកនាង​ពន្យល់ថា​៖«​ស្រុក​ខ្មែរ យើង​បែង​ចែកជា​តំបន់ ដូចជា ភ្នំពេញ សៀមរាប កំពង់សោម និយាយ​រួម​អ្នករស់នៅ​ទីក្រុង ស្ត្រី​មានចំណេះដឹង​គួរសម​។ មនុស្ស​ស្រី​បាន​រៀន​ច្រើន ប៉ុន្តែ​អ្នក​នៅ​ជនបទ​ចុងកាត់មាត់ញក ពួកគាត់​មិនសូវ​មានឱកាស​ទេ ព្រោះ​មកពី​កត្តា​សង្គម​។ ប្រជាជន​ខ្មែរ​យើង​ខ្លះ គាត់​គិតថា កូនស្រី​រៀន​ធ្វើ​អី រៀន​ល្មមៗ​ទៅ ធ្វើការ​យកលុយ​មក​ចិញ្ចឹម​គ្រួសារ​វិញ​។  បើ​មើល​ស្ថិតិ ពលរដ្ឋ​ខ្មែរ​៧០​ភាគរយ រស់នៅ​ជនបទ ហើយ​ឪពុកម្តាយ​ឲ្យ​អាទិភាព​លើ​កូនប្រុស បាន​រៀន​។ ដូច្នេះ កូនស្រី​បាន​រៀនមាន​មិន​ច្រើន​នោះទេ​។ បញ្ហា​មួយទៀត បណ្តាលមកពី​ឪពុកម្តាយ​មួយចំនួន បារម្ភ​ពី​សុវត្ថិភាព ដោយ​មិន​ចង់​ឲ្យ​កូនស្រី​ទៅ​ឆ្ងាយ ពី​ភ្នែក​ច្រមុះ​របស់គាត់​។ ក្នុងនោះ​ក៏មាន​កត្តា​ខ្លួន​គាត់​ដែរ ដូចជា​មិត្តភក្តិ​ខ្ញុំ​កាល​នៅ​រៀន​ស្រករ​គ្នា អ្នកខ្លះ​គាត់​មានលទ្ធភាព តែ​គាត់​ថា​គាត់​អត់​ចង់​រៀន​»​។ 


 
​អ្នកនាង ជា ផល្លា ស្នើ​ឲ្យ​បោះចោល​ទស្សនៈ​«​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​» 
 
​អ្នកនាង ជា ផល្លា បាន​អះអាងថា បច្ចុប្បន្ន មាន​ស្ត្រី​មិនតិច​ទេ ដែលមាន​សមត្ថភាព​ដូច​បុរស​ដែរ​។ កត្តា​ដែល​រារាំង​ស្ត្រី​រាំងខ្ទប់​សក្តានុពល​រប​ស់​ខ្លួន គឺ​ដោយសារតែ​ទស្សនៈ​«​ស្ត្រី​បង្វិល         ចង្ក្រាន​មិន​ជុំ​»​។ សម្រាប់​អ្នកនាង ទាំង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស សុទ្ធតែជា​ធនធានមនុស្ស​សម្រាប់​ប្រទេសជាតិ​ដូចគ្នា ដូច្នេះ​អ្នកនាង​ផល្លា ស្នើ​ឲ្យ​បោះបង់​ទស្សនៈ​ប​ន្តុ​ច​បង្អាក់​នេះ​ចេញ​។ អ្នកនាង ជា ផល្លា បន្ថែមថា​៖«​ខ្ញុំ​ជាម​នុស្ស​ស្រី​ម្នាក់ ប៉ុន្តែ ខ្ញុំ​បាន​ខំប្រឹងប្រែង​ធ្វើការ ខំ​រក​អាហារូបករណ៍​រៀន​ឲ្យ​បាន​ខ្ពស់​។ បើ​មនុស្ស​ប្រុស​គាត់​ធ្វើបាន​ដូចគ្នា ប៉ុន្តែ ក៏មាន​មនុស្ស​ប្រុស​ខ្លះ ក៏​បង្វិល​ចង្ក្រាន​មិន​ជុំ​ដែរ​ហ្នឹង​។ យើង​មើល​ស្ថានភាព​ជាក់ស្តែង មនុស្ស​ប្រុស​ច្រើនណាស់ ដែល​គាត់​អត់​មាន​ការងារ​ធ្វើ ឬ ធ្វើ​ការងារ​សំណង់​ជាដើម​។ មិនមែន​មើលងាយ​គាត់​ទេ តែ​ខ្ញុំ​ចង់​បញ្ជាក់ថា មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី ដូច​តែ​គ្នា​ទេ​។ ឲ្យ​តែ​ខំប្រឹង អ្វីៗ​គង់តែ​បានសម្រេច​ដូចគ្នា​»​។ នេះ​ការពន្យល់​របស់​អ្នកស្រី ជា ផល្លា ដោយ​បន្ត​ជំរុញ​ឲ្យ​ឪពុកម្តាយ​ទាំងឡាយ គួរតែ​ផ្តល់ឱកាស​ដល់​កូនប្រុស​ស្រី  មានឱកាស​ទៅ​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ស​ម្រា​ប់​ប្រទេសជាតិ​»​។ 
 
 
​ស្ត្រី​រៀន​បាន​ខ្ពស់ អាចជួយ​ខ្លួនឯង លើក​មុខមាត់​គ្រួសារ និង​ជួយ​សង្គម  
 
​បច្ចុប្បន្ន ស្ត្រី​កម្ពុជា​ដែល​សិក្សា​ខ្ពស់ មាន​កំណើន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ដែល​ស្ត្រី​មាន​ចំនួន​ច្រើនជាង​បុរស​។ វិសមភាព​នេះ គឺជា​ឧបសគ្គ​មួយ​រារាំង​សន្ទុះ​ការអភិវឌ្ឍ​ប្រទេស​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់ អ្នកនាង​ផល្លា​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកនាង ផល្លា បាន​ជំរុញ​ឲ្យ​ស្ត្រី​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ ពីព្រោះ​ក្រៅពី​អាច​ចិញ្ចឹម​ខ្លួនឯង ស្ត្រី​ដែល​ទទួលបាន​ការអប់រំ​ខ្ពស់ ក៏​អាច​ចូលរួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​ផ្តល់​កិត្តិយស​ដល់​គ្រួសារ ព្រមទាំង​អាច​ចូលរួម​សកម្មភាព​នានា ក្នុង​ការជួយ​ដល់​ប្រទេសជាតិ​ផងដែរ​។     
       
​អ្នកស្រី​បានផ្តល់​ឧទាហរណ៍​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើការ​បាន​ប្រាក់ខែ​គួរសម​អ៊ីចឹង បើ​គ្រួសារ​ខ្ញុំ​មាន​វិបត្តិ​សេដ្ឋកិច្ច​។ ខ្ញុំ​ជួយ​គាត់​បាន​។ បើសិន​គ្រួសារ​ខ្ញុំ​មាន​បញ្ហា គាត់​មាន​ឧបសគ្គ​អ្វីមួយ​ដោះស្រាយ​មិន​ចេញ គាត់​មិន​យល់ គាត់​អាចមក​សួរ​ខ្ញុំ​ជា​យោបល់​។ តើ​អាហ្នឹង​គួរ​ដោះស្រាយ​ម៉េច​? ដូច្នេះ​ពេល​ខ្ញុំ​រៀន​បាន​ច្រើន ខ្ញុំ​គិត​បាន​វែងឆ្ងាយ ខ្ញុំ​អាច​ឲ្យ​យោបល់​ល្អៗ​ដល់​គាត់ ដែល​វា​ល្អ​ជាង​គាត់​គិតតែ​ម្នាក់ឯង​។ មួយវិញទៀត ស្ត្រី​រៀន​បាន​ខ្ពស់ ក៏​ក្លាយជា​ប្រពន្ធ​ល្អ ដែល​តែងតែ​ផ្តល់​គំនិត​យោបល់​ដល់​ស្វាមី និង​ជា​ម្តាយ​ដ៏​ល្អ​នៅក្នុង​គ្រួសារ​។ លើសពីនេះ យើង​ក៏​អាចជួយ​ដល់​ប្រទេសជាតិ​ផងដែរ​។ មិនចាំបាច់​តែ​បញ្ហា​ធំ​នោះទេ​។ ពេល​យើង​ចេះដឹង យើង​មិន​ចោល​សំរាម​ផ្តេសផ្តាស ជា​ផ្នែក​ជួយ​ដល់​បរិស្ថាន​សង្គម​ដែរ​»​។ 
 

​ក្រៅតែពី​ជួយ​ខ្លួន គ្រួសារ និង​ក្លាយជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ចជាតិ​ហើយ អ្នកនាង ជា ផល្លា ក៏​មើលឃើញ​ផងដែរ​ថា នៅ​ព​លេ​ស្ត្រី​មានការ​សិក្សា​ខ្ពស់ ពួកគេ​នឹងមាន​សមត្ថភាព​ដើម្បី​ទៅ​អង្គុយ​ក្នុង​តំណែង​សំខាន់ៗ​របស់​រដ្ឋ ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័ន​ធំៗ និង ក្លាយជា​សម្រេចចិត្ត​ថ្នាក់​គោលនយោបាយ សម្រាប់​ការពារ​ប្រយោជន៍​របស់​ស្ត្រី​ដូចគ្នា​ផង​។ 

អ្នកនាង ពន្យល់​ដូច្នេះ​៖«​ស្ត្រី​ត្រូវ​ជំរុញ​ស្ត្រី​គ្នាឯង ឲ្យ​ទៅកាន់​តំណែង​ធំៗ ដូច​មនុស្ស​ប្រុស​ដែរ ព្រោះ​យើង​ឃើញ​គេ​ច្រើន យើង​ត្រូវ​លើកគ្នា​ទៅធ្វើ​ការ​កន្លែង​ហ្នឹង​ឲ្យ​ច្រើន ដើម្បី​ការពារ             ប្រយោជន៍​ស្ត្រី​ដូចគ្នា​។ ឧទាហរណ៍​ថា ច្បាប់​ដែល​បង្កើតឡើង​ដោយ​មនុស្ស​ប្រុស ភាគច្រើន គេ​មិនសូវ​គិតពី​មនុស្ស​ស្រី​ទេ​។ គាត់​មិនដឹងថា​មនុស្ស​ស្រី​ត្រូវការ​អ្វី ឬ​ចង់បាន​អ្វី​ទេ​…​។ សង្គម​យើង​រាល់ថ្ងៃ មានការ​បង្អាប់​ខាង​ស្ត្រី​។ ដូច្នេះ​យើង​គួរតែ​ដក​បញ្ហា​ហ្នឹង​ចេញ ដើម្បី​លើកទឹកចិត្ត​ស្ត្រី​។ ដោយឡែក​ស្ត្រី​ខ្លួនឯង ក៏ត្រូវ​សិក្សា​រៀន​ឲ្យ​បាន​ខ្ពស់ ដើម្បី​មានការ​គិត វិភាគ និង​ពិចារណា​ច្រើន ដើម្បី​មាន​ភាពជា​អ្នកដឹកនាំ​»​។ 
 
​បច្ចុប្បន្ន អ្នកស្រី ជា ផល្លា មិនទាន់​មានបំណង​បន្ត​ការសិក្សា​យក​ថ្នាក់បណ្ឌិត​នៅឡើយ​ទេ​។ ប៉ុន្តែ ស្ត្រី​ខ្មែរ​រូបនេះ មាន​មហិច្ឆតា​ឈោង​ចាប់​តំណែង​ជា​ប្រធាន​ស្ថាប័ន​អន្តរជាតិ​ណាមួយ ដើម្បី​ចូលរួមចំណែក​ជួយ​ប្រទេស​កម្ពុជា និង​ពិភពលោក​នៅ​ថ្ងៃ​អនាគត​៕                         
 

Tag:
 ជា ផល្លា​
 ​អប់រំ​
 ​ស្ត្រី​
 WYEL
 USAID
 TI_Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com