កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រកូរ៉េខាងត្បូងទារជំងឺចិត្ត ព្រោះអត់ឃើញ Ronaldo ចូលលេងដូចការផ្សាយពាណិជ្ជកម្ម
× ក្របខណ្ឌកីឡាបាល់ទាត់កូរ៉េខាងត្បូង (K League) បានផ្ញើលិខិតតវ៉ាទៅកាន់ក្លិប Juventus បន្ទាប់ពីក្រុមអ្នកគាំទ្រ នាំគ្នាប្តឹងជំងឺចិត្ត ដោយសារតែពួកខំទិញសំបុត្រចូលទស្សនាជំនួបមិត្តភាពនៅក្រុងសេអ៊ូល កាលពីពេលថ្មីៗកន្លងមកនេះ ប៉ុន្តែមិនឃើញវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ចូលលេង ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះឡើយ។
អ្នកគាំទ្រជាច្រើនក្នុងចំណោមអ្នកគាំទ្រប្រមាណ៦៣ ០០០នាក់ ខកចិត្តយ៉ាងខ្លាំង នាជំនួបមិត្តភាពរវាងក្រុម K League All-Stars និង Juventus នៅកីឡដ្ឋាន Seoul Olympic ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមក។ បញ្ហានោះ គឺត្រង់ថា Ronaldo មិនបានចូលលេងទាល់តែសោះក្នុងជំនួបស្មើ ៣-៣ រវាងក្រុមទាំងពីរ ដោយគេបានអង្គុយនៅកៅអីកីឡាករបម្រុងអស់រយៈពេល៩០នាទីពេញ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ក្រុមអ្នកគាំទ្រកូរ៉េខាងត្បូង ខឹងសម្បារយ៉ាងខ្លាំង ពីព្រោះពួកគេចង់ឃើញកីឡាករឆ្នើមព័រទុយហ្គាល់ លេងនៅលើទឹកដីខ្លួនលើកដំបូង ក្រោយអវត្តមានជាង១០ឆ្នាំ។ «យើងបានផ្ញើលិខិតទៅ Juventus ដើម្បីតវ៉ា ដែលក្នុងនោះ ក្លិបមិនគោរពកិច្ចសន្យា តាមរយៈការមិនដាក់ Ronaldo ចូលលេង»។ លោក Kim Jin-hyung មន្ត្រីទំនាក់ទំនងសាធារណៈរបស់ K League ថ្លែងយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាន។
តាមមន្ត្រី K League ក្លិបយក្សអ៊ីតាលី Juventus ក៏បានស្នើទៅអ្នករៀបចំកម្មវិធីឲ្យបន្ថយការប្រកួតមកត្រឹម៤០នាទីក្នុង១តង់ និងសម្រាកតង់តែ១០នាទីផងដែរ។ បន្ថែមពីលើនេះ ពួកគេព្រមានលុបចោលការប្រកួត បើភាគីកូរ៉េមិនធ្វើតាមខ្លួន។
លោក Kim បានត្អូញត្អែថា ការប្រកួតបានពន្យាប្រមាណ១ម៉ោង ហើយ Ronaldo អត់បានចូលលេងទៀត បន្ថែមពីលើនេះ ក៏មិនមានការរៀបចំឲ្យ Ronaldo ជួបជាមួយក្រុមអ្នកគាំទ្រផងដែរ។ តាម Yonhap ប៉ូលិសក្រុងសេអ៊ូល បានអះអាងថា ទទួលបានបណ្តឹងជាច្រើនពីក្រុមអ្នកគាំទ្រ ដោយចោទ ទាំងអ្នករៀបចំកម្មវិធី (TheFesta) ទាំងក្លិបអ៊ីតាលី ក៏ដូចជា Ronaldo ផ្ទាល់ ថា បានបោកប្រាស់ពួកគេ។
ក្រុមអ្នកគាំទ្រទាំងនោះ ទាមទារសំណងថ្លៃសំបុត្រប្រមាណ៦០ដុល្លារអាមេរិកក្នុងម្នាក់ និងជំងឺចិត្តផ្សេងទៀតទៀត។ មេធាវីម្នាក់ បានអះអាងប្រាប់រ៉យទ័រថា អ្នកគាំទ្រអាចមានសិទ្ធិទទួលសំណងវិញ ដោយសារតែក្រុមហ៊ុន មិនបានធ្វើតាមអ្វីដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអ្នកគាំទ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com