ជាតិ
សេដ្ឋកិច្ច
ត្រឹម​ឆមាស​ទី​១ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ២​លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​
31, Jul 2019 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​បាន​ចំនួន ២,៣៧ លាន​តោន ក្នុង​រយៈពេល​៧ ឆ្នាំ​២០១៩ នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ស្ដីពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម កាលពី​ថ្ងៃទី ៣០ ខែកក្កដា​។​

 
​លោក វេ​ង សាខុន បានលើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ប្រាប់​លោក​ទូត​ម៉ាឡេស៊ី​ថ្មី​ថា កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ប្រទេស​ដែល​គ្មាន​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​ដល់​ប្រជាជន ក្លាយជា​ប្រទេស​ដែលមាន​អតិរេក​ស្បៀង​ជា​អង្ករ​ជិត ៤​លាន​តោន និង​បាន​ក្លាយជា​ប្រទេស​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​ផងដែរ​។​
 
​ក្រៅពី​បង្ហាញ​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា លោក​រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​ស្នើ​ឲ្យ​លោក​ទូត​ម៉ាឡេស៊ី ជួយ​ជំរុញ វិនិយោគិន​ម៉ាឡេស៊ី​ឲ្យ​មក​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ពង្រីក​ការនាំ​ចូល​ផលិតផល​កសិកម្ម​ទៅ​ម៉ាឡេស៊ី​ឲ្យ​កាន់តែច្រើន​ថែមទៀត​។ 
 
​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង ២,៣៧​លាន​តោន​។ នេះ​បើតាម​លោក វេ​ង សាខុន ដែល​បាន​បន្ថែមថា សមិទ្ធផល​មួយទៀត​ដែល​កម្ពុជា សម្រេចបាន​នា​ថ្មីៗ​នេះ គឺ​ការនាំចេញ​ចេកអំបូង​លឿង​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​។​
 
​ជាការ​ឆ្លើយតប​អគ្គរដ្ឋទូត​ម៉ាឡេស៊ី សន្យា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នេះ ឲ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ ក្នុងអំឡុង​អាណត្តិ​របស់ខ្លួន​។ លោក​ថា ម៉ាឡេស៊ី​បានសម្រេច​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ហើយ​កំពុងមាន​ចំណាប់អារម្មណ៍​ជាខ្លាំង​លើ​ផលិតផល​ដទៃទៀត​រប​ស់​កម្ពុជា ដូចជា​ម្រេច តា​ង៉ែ​ន និង​ប្រេងដូង​ជាដើម​។  
 
​បើតាម​អគ្គរដ្ឋទូត​រូបនេះ ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​មួយចំនួន​នឹង​មក​ទស្សនកិច្ច​សិក្សា ស្វែងយល់​បន្ថែម​អំ​ពីស​ក្តា​នុព​ល​នៃ​វិស័យ​កសិកម្ម​កម្ពុជា នា​ខែកញ្ញា​ខាងមុខនេះ​។ 
 
​កាលពីពេល​ថ្មីៗ​នេះ ចិន​បាន​បញ្ជា​ទិញ​ផលិតផល​កសិកម្ម​ចំនួន ៦ ប្រភេទ ពី​កម្ពុជា រួមមាន ផ្លែ​សា្វ​យ​ស្រស់​, ផ្លែ​មៀន​ប៉ៃលិន​, ម្រេច​, ផ្លែ​ស្រការ​នាគ​, ដូងក្រអូប និង​ទឹកមាត់​ត្រចៀកកាំ​៕ 

Tag:
 ​វេ​ង សាខុន​
  កសិកម្ម​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com