ជាតិ
សង្គមជាតិ
ក្រសួង​បិទ​មន្ទីរ​ព្យាបាល​មួយ​នៅ​កំពង់ធំ ដោយសារ​ឲ្យ​កូន​ដែល​គ្មាន​ជំនាញ​ទៅ​ព្យាបាល​អ្នកជំងឺ​
31, Jul 2019 , 5:23 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នក​នាំ​ពាក្យក្រសួងសុខាភិបាល រូបភាពពី​ក្រសួងសុខាភិបាល​
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នក​នាំ​ពាក្យក្រសួងសុខាភិបាល រូបភាពពី​ក្រសួងសុខាភិបាល​
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​៣០ ខែកក្កដា បានចេញ​លិខិត​ឲ្យ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដែលមាន​ឈ្មោះ «៥១៥​កំពង់ធំ​» របស់លោក ឡាយ សេរី​វុ​ធ នៅ​សង្កាត់​ព្រែក​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពី​ម្ចាស់​មន្ទីរពេទ្យ​នោះបាន​អនុញ្ញាត​ឲ្យ​កូន​របស់​ខ្លួនឯង​មក​ព្យាបាល​ជំងឺ ដោយ​ពុំមាន​សញ្ញាបត្រ​បញ្ជាក់​ត្រឹមត្រូវ​។

 
​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី ឱ វណ្ណឌី​ន  រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការបិទ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន​នេះ ដោយសារតែ​ម្ចាស់​មន្ទីរពេទ្យ​នោះបាន​បណ្តោយ​ឲ្យ​កូនប្រុស​ខ្លួន​ឈ្មោះថា ហូ ចាន់​ឡុង ដែល​មិនមែនជា​ពេទ្យ និង​មិនមាន​សញ្ញាបត្រ​ត្រឹមត្រូវ អនុវត្តន៍​ហាត់រៀន​ព្យាបាល​អ្នកជំងឺ​។ 
 
​ក្រោម​មូលហេតុ​មួយទៀត ក្រសួង​រកឃើញថា​ម្ចាស់​មន្ទីរពេទ្យ​នោះ​ពុំមាន​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកជំងឺ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ​។  
 
​កន្លងមក​ក្រសួង​ធ្លាប់បាន​ព្រមាន ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ «​ហម ឡុង​» នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​គ្រុនឈាម​សម្រាក​ព្យាបាល​ដល់​ទៅ​៩​ថ្ងៃ​។ នេះ​ជា​ករណី​ខុសពី​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ដែល​ហាម​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ មាន​គ្រែ​សម្រាក និង​ព្យាបាល​មិន​ឲ្យ​លើសពី​២៤​ម៉ោង​ឡើយ​៕ 



Tag:
 ​ក្រសួងសុខាភិបាល​
 ​មន្ទីរពេទ្យ​
 ​ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com