ជាតិ
អាដហុក បារម្ភ​ពី​សិទ្ធិ​ជួបជុំ ក្រោយ​រកឃើញ​ការ​រឹតត្បិត​ដល់​ទៅ «៧១​ករណី​» នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩
31, Jul 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់ខ្លួន ចំពោះ​ការបន្ត​រឹតត្បិត​សកម្មភាព​ការជួបជុំ​របស់​អង្គការ​-​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សកម្មជន​គណបក្សនយោបាយ  ពី​សំណាក់​កងកម្លាំង​ប្រដា់​អាវុធ និង អាជ្ញាធរ​នៅតាម​មូលដ្ឋាន​។

 
​អាដហុក អះអាងថា  ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ សកម្មភាព​នៃ​ការ​រឹតត្បិត​សេរីភាព​ជួបជុំ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច បានកើត​ឡើង​៧១​ករណី ដែល​រួមមាន ការតាមដាន និង​ការឃ្លាំមើល​ការជួបជុំ​របស់​សមាគម​អាដហុក មាន​៣០​ករណី និង ៤១​ករណី​ផ្សេងទៀត គឺ​តាមដាន​និង​ឃ្លាំមើល​ទៅលើ​ការជួបជុំ​របស់​សហគម​ន៍​មូលដ្ឋាន សកម្មជន​នៃ​គណបក្សនយោបាយ និង អង្គការ​-​សង្គម​ស៊ីវិល​ផ្សេងៗ​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បកស្រាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់ និង​រស់នៅក្នុង​ភាពសុខសាន្ត​។ លោក បន្តថា ប្រជាពលរដ្ឋ​អាច​បញ្ចេញមតិ​និង​ជួបជុំគ្នា​ដោយ​សេរី តែ​មិនត្រូវ​ស្ថិតក្នុង​ក្រុម ដែន​មាន​គម្រោង​ប្រឆាំងនឹង​រដ្ឋាភិបាល​ឡើយ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​ចង់​បង្កើត​ក្រុម ប្រឆាំងនឹង​រដ្ឋាភិបាល យើង​ត្រូវតែ​កម្ចាត់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​»​។ 
 
​អាដហុក លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា សកម្មភាព​នៃ​ការ​រឹតត្បិត ឬ ការគំរាមកំហែង​ទាំងនោះ មានដូចជា មេឃុំ​-​ចៅសង្កាត់ បន្ត​ទាមទារ​រក​លិខិត​អនុ​ញ្ញ​តនៃ​ការជួបជុំ ពី​ថ្នាក់ស្រុក​-​ខណ្ឌ ឬ ពី​ថ្នាក់​ខេត្ត​, កម្លាំង​នគរបាល បាន​ចូលទៅ​ថតរូប​ភាព​នៃ​ការជួបប្រជុំ បាន​ស្រង់​ឈ្មោះ និង ថត​បញ្ជី​ឈ្មោះ​អ្នកចូលរួម​, កម្លាំង​នគរបាល​ស្លៀកពាក់​ស៊ីវិល ចូល​ស្តាប់​ការប្រជុំ ការរៀនសូត្រ​របស់​ស​ហគ​មន៍​, អាជ្ញា​ធរមាន​សមត្ថកិច្ច បានចេញ​លិខិត​កោះហៅ​តំណាង​សហគមន៍​ទៅ​ជួប​ផ្ទាល់ និង សាកសួរ​តាម​ទូរ​សព្ទ​នៅពេល​ពួកគេ​ត្រឡប់​ពី​ការជួបប្រជុំ​ជាមួយ​អង្គការ ឬ​សមាគម​ផ្សេងៗ ។​ល​។​
 
​អាដហុក បញ្ជាក់​បែបនេះ​ថា​៖«​សមាគម​អាដហុក​យល់ឃើញថា ចំពោះ​សកម្មភាព​នៃ​ការ​រឹតត្បិត​ទាំងអស់​ខាងលើ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​គោលការណ៍​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​....»​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ អាដហុក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​សមត្ថកិច្ច​ណា ដែល​នៅតែ​បន្តសកម្មភាព​រឹតត្បិត និង​គំរាមកំហែង​ដល់​ការជួបជុំ​របស់​អង្គការ សមាគម ព្រមទាំង​សហគមន៍​មូលដ្ឋាន​៕ 

Tag:
 អាដហុក​
  ផៃ ស៊ី​ផាន​
  សិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com