អន្តរជាតិ
ក្រុមហ៊ុនមួយនៅជប៉ុន មានមហិច្ឆតាទាញថាមពលអគ្គិសនីពីចរន្តទឹកសមុទ្រ ម៉ាស៊ីនគំរូ ទម្ងន់ ៣០តោន មានសមត្ថភាពទាញថាមពល ១០០គីឡូវ៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Asia Nikkei)
× ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា IHI បានប្រកាសកាលពីសប្តាហ៍មុនថា នាពេលឆាប់ៗខាងមុខនេះ ខ្លួននឹងរៀបចំការសាកល្បងប្រព័ន្ធតួប៊ីនមួយ ដែលមានសមត្ថភាពចាប់យកចរន្តទឹកមហាសមុទ្រ ហើយបំលែងទៅជាថាមពលអគ្គិសនី។ នេះ គឺជាការសាកល្បងទ្រង់ទ្រោយធំលើកទីមួយ ដើម្បីទាញយកថាមពលពីមហាសមុទ្រ។
កាលពីថ្ងៃទី២៥ កក្កដា ក្រុមហ៊ុនជប៉ុន IHI បានដាក់បង្ហាញនូវម៉ាស៊ីនគំរូមួយ ទម្ងន់ ៣០តោន ដែលនឹងសមត្ថភាពទាញថាមពល ១០០គីឡូវ៉ាត់។ តាមការចុះផ្សាយរបស់កាសែតជប៉ុន Asia Nikkei ការសាកល្បង នឹងចាប់ផ្តើមនាចុងខែសីហាខាងមុខនេះ ហើយវានឹងអូសបន្លាយដល់ទៅពេល១ឆ្នាំឯណោះ។
ក្រុមហ៊ុននេះ នឹងធ្វើអាជីវកម្មលើបច្ចេកវិទ្យានេះ ចាប់ពីដើមឆ្នាំ២០២១តទៅ។ គោលដៅ គឺដើម្បីបង្កើតឡើងនូវរោងចក្រចរន្តក្រោមទឹកមួយ ជាមួយអនុភាពអគ្គិសនីដល់ទៅ ២០០ មេហ្កាវ៉ាត់។ តាមការប៉ាន់ស្មានជាបឋម ម៉ាស៊ីននេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាជន ៣ពាន់គ្រួសារនៅត្រឹមឆ្នាំ២០៣០។
នាដើមខែសីហាខាងមុខ ម៉ាស៊ីនភ្លើងនេះ នឹងត្រូវបញ្ជូនពីរោងចក្រក្នុងទីក្រុង Yokohama ភាគកណ្តាលនៃប្រទេសជប៉ុន និងទៅដល់ទីតាំងមួយកន្លែង ដែលមានចម្ងាយ ១០គីឡូម៉ែត្រពីឆ្នេរសមុទ្រ Kuchinoshima។ ម៉ាស៊ីននេះ នឹងត្រូវចងភ្ជាប់ជាមួយបង្គោលអណ្តែត និងដាក់ក្នុងជម្រៅទឹក ១០០ម៉ែត្រ។ ហើយថាមពលអគ្គិសនីដែលទាញរួចរាល់ នឹងត្រូវបញ្ជូនតាមរយៈខ្សែកាបក្រោមទឹកសមុទ្រ។
តាម Asia Nikkei លោក Shigeki Nagaya ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន IHI ដែលទទួលខុសត្រូវលើគម្រោងនេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិទ្ធភាពនៃប្រតិបត្តិការទាញថាមពលអគ្គិសនីពីចរន្តទឹកសមុទ្រនេះ គឺស្មើនឹង ៥០ ទៅ ៧០ភាគរយ ដោយខ្ពស់ជាងប្រសិទ្ធភាពនៃការទាញថាមពលអគ្គិសនីពីចរន្តខ្យល់ មានត្រឹម ៣០ទៅ៤០ភាគរយ ឬ ១០ទៅ ១៥ភាគរយប៉ុណ្ណោះសម្រាប់ផ្ទាំងសូឡា។
និយាយពីតម្លៃនៃការផលិតវិញ ម៉ាស៊ីននេះ ផលិតឡើងដោយប្រើប្រាស់ទឹកប្រាក់អស់ប្រមាណ ៩,២៥លានដុល្លារ។ ត្រង់ចំណុចនេះ ក្រុមហ៊ុនជប៉ុន IHI មានសង្ឃឹមខ្ពស់សម្រាប់ទីផ្សារនៅក្រៅប្រទេសរបស់បច្ចេកវិទ្យា ដែលខ្លួនកំពុងប្រឹងប្រែងផលិតនេះ។ សហរដ្ឋអាមេរិក និងតៃវ៉ាន់ ជាគោលដៅសំខាន់របស់ខ្លួន៕
Tag:
ជប៉ុន
ថាមពលអគ្គិសនី
ទឹកសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com