ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ «​ឃាត់ទុក ឬ បំផ្លាញ​សាច់ជ្រូក​» ដែល​នាំចូល​ខុសច្បាប់
31, Jul 2019 , 9:39 pm        
រូបភាព
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ទប់ស្កាត់​អស់ហើយ ដោយ​គ្មាន​ការ​រាលដាល​ទៅ​ខេត្ត​ដទៃទៀត​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក តាន់ ផាន់ ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។ ទោះជា​ជំងឺ​នេះ​មិន​មានការ​រាលដាល​ដល់​ខេត្ត​ដទៃទៀត​មែន តែ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅតែ​បញ្ជា​ឲ្យ​ស្ថាប័ន និង​អង្គភាព​ដែល​ពាក់ព័ន្ធ បន្ត​តាមដាន និង​ទប់ស្កាត់​ដើម្បី​ជៀសវាង​ជំងឺ​នេះ​កើតឡើង​បន្តទៀត​។


 
​សារាចរ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​៣១ ខែកក្កដា  បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដោយ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ សម្តេច​បង្គាប់​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់វិធានការ​ជាបន្ទាន់ បើ​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​តំបន់​ណាមួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ទន្ទឹមនឹងនេះ ត្រូវអនុវត្ត​កិច្ចការ​ត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​នាំចូល​ជ្រូក​ឲ្យ​បាន​ហ្មត់ចត់ និង​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​សត្តឃាតដ្ឋាន អនាម័យ​សាច់ ឃាត់ទុក ឬ បំផ្លាញចោល​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដែល​លួច​នាំចូល​ខុសច្បាប់​។​
 
​លើសពីនេះ​ក្រសួងកសិកម្ម​ត្រូវតែ​ពិនិត្យ​តាមដាន​លើ​ការ​នាំចូល​ជ្រូក​ពូជ ជ្រូក​យក​សាច់ សាច់ជ្រូក ដោយ​ដាច់ខាត​ត្រូវមាន​ការត្រួតពិនិត្យ​អនាម័យ និង​សុខភាព​សត្វ​តាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវមាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ផងដែរ​។ 
 
​ប្រមុខ​រដ្ឋាភិបាល បាន​ទៅ​ក្រសួងមហាផ្ទៃ  ឲ្យ​ដាក់បទបញ្ជា​ដល់​អភិបាល​រាជធានី​-​ខេត្ត តាម​បណ្តោយ​ព្រំដែន និង​ក្រ​សូង​សេដ្ឋកិច្ច សហការគ្នា​ទប់ស្កាត់​នូវ​ការ​នាំចូល​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដែល​ខុសច្បាប់ និង​គ្មាន​ការអនុញ្ញាត​។ ជាមួយគ្នា​ផងដែរ ប្រមុខ​រដ្ឋាភិបាល បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ  កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សាលា​រាជធានី​-​ខេត្ត ត្រូវ​ផ្តល់​កិច្ចសហការ​ដល់​ក្រសួង ដើម្បី​បំពេញភារកិច្ច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ 
 
​ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កុំ​ឲ្យ​ផ្ទុះឡើង​បន្តទៀត ក្រសួងកសិកម្ម បានប្រកាស​លេខ​ទូរ​សព្ទ​ចំនួន​ពីរ​ខ្សែ គឺ ០១២ ៩៥២ ៥១៨ និង ០១២ ៤៨៣ ៥៧៨ សម្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​សា្ថ​ន​ភាព​ជំងឺ​។ 
 
​មកដល់​ពេលបច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​តែ​នៅ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល ដែល​បណ្តាល​ឲ្យ​ងាប់​ជ្រូក​ប្រមាណ​២៧០០​ក្បាល​៕ 
អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com