អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​ប្រមុខ​ការទូត​អ៊ីរ៉ង់
01, Aug 2019 , 9:38 am        
រូបភាព
​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​៣១ ខែកក្កដា បានដាក់​ទណ្ឌកម្ម​លើ​ប្រមុខ​ការទូត​អ៊ីរ៉ង់ មហាម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Mohammad Javad Zarif) ។ ទណ្ឌកម្ម​ដែល​សំដៅ​បង្កក​ទ្រព្យសម្បត្តិ​លោក ហ្សា​រី​ហ្វ នេះ​ទំនងជា​បាន​បិទផ្លូវ​ដល់​ការចរចា​ជាមួយ​អ៊ីរ៉ង់​ហើយ ព្រោះ​លោក ហ្សា​រី​ហ្វ ជា​មន្ត្រី​សំខាន់​ក្នុង​ដំណើការ​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។ យ៉ាងណាក្ដី លោក ហ្សា​រី​ហ្វ មិន​អើពើ​នឹង​ចំណាត់ការ​នេះឡើយ​។​

 
​ទ្រព្យ​ដែលមាន​នៅ​ទឹកដី​អាមេរិក​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ មិន​ថា​ជា​ទ្រព្យ​គ្រប់គ្រង​ដោយផ្ទាល់ ឬ​គ្រប់គ្រង​ដោយ​អ្នកផ្សេង នឹងត្រូវ​បង្កក​ទាំងអស់​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​រតនាគារ​អាមេរិក Steven Mnuchin នៅ​ថ្ងៃទី​៣១ ខែកក្កដា ក្នុង​សេចក្ដីប្រកាស​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​អ៊ីរ៉ង់​រូបនេះ​។ មិន​ត្រឹម​បង្កក​ទ្រព្យសម្បត្តិ​ឡើយ ការធ្វើដំណើរ​របស់លោក ហ្សា​រី​ហ្វ នៅ​អាមេរិក ក៏​នឹងត្រូវ​រឹតត្បិត​ខ្លាំង​ផងដែរ​។​
 
​លោក Mnuchin ចោទ​លោក ហ្សា​រី​ហ្វ ថា ជា​អ្នកអនុវត្ត​របៀបវារៈ​ព្រហើន​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មី​ណេ និង​ជា​អ្នកនាំពាក្យ​ដ៏​សំខាន់​របស់​របប​ក្រុង​តេ​ហេ​រ៉ង់​ទៅកាន់​ពិភពលោក​។ ជាមួយនឹង​ទណ្ឌកម្ម​នេះ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​បន្តថា អាមេរិក​បាន​ផ្ញើ​សារ​ដ៏​ច្បាស់​មួយ​ទៅកាន់​អ៊ីរ៉ង់​ពី​ភាព​មិនអាច​ទទួលយក​បាន​នៃ​សកម្មភាព​ថ្មីៗ​នេះ​។ លោក Mnuchin ទំនង​ចង់​សំដៅ​ដល់​ការបាញ់​ទម្លាក់​ដ្រូ​ន​អាមេរិក​ដោយ​អ៊ីរ៉ង់ និង​ការឃាត់ទុក​កប៉ាល់​អង់​គ្លេ​ស​ដោយ​កង​ឆ្មាំ​បដិវត្តន៍​ជាដើម​។​
 
​លោក ហ្សា​រី​ហ្វ ជា​មន្ត្រី​អ៊ីរ៉ង់​ចុងក្រោយ​គេ​មួយ​ដែល​រង​ទណ្ឌកម្ម​របស់​អាមេរិក​។ ការដាក់ទណ្ឌកម្ម​របៀប​បង្កក​ទ្រព្យសម្បត្តិ បាន​ធ្លា​ក់លើ​លោក ខា​មី​ណេ និង​មន្ត្រី​យោធា​គ្រាក់ៗ​មួយចំនួន​រួចស្រេច​ដែរ​ហើយ​។ លោក ហ្សា​រី​ហ្វ ជា​មនុស្ស​ដែល​គំនិត​សេរីនិយម​ក្នុង​របប​ដឹកនាំ​អ៊ីរ៉ង់​ដែល​ពោរពេញ​ដោយ​អ្នកនយោបាយ​ប្រកាន់​គំនិត​អភិរក្ស​ខ្លាំង​នោះ ហើយក៏​ជា​បុគ្គល​សំខាន់​ក្នុង​ការចរចា​ជាមួយ​មហាអំណាច​រហូត​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។​
 
​ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ខ្លួន លោក ហ្សា​រី​ហ្វ ក៏​មិន​នៅ​ស្ងៀម​ដែរ​។ តាមរយៈ Twitter របស់ខ្លួន ប្រមុខ​ការទូត​អ៊ីរ៉ង់​រូបនេះ​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា កំពុង​ព្យាយាម​បំបាត់​សំឡេង​អ៊ីរ៉ង់​លើ​ឆាក​អន្តរជាតិ​។ លោក ហ្សា​រី​ហ្វ ក៏​ឆ្លៀត​ឌឺដង​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទៀតថា អាមេរិក​ទំនងជា​ឈឺចាប់​នឹង​ការពិត​ដែល​លោក​បាន​និយាយ ទើប​ដាក់ទណ្ឌកម្ម​ទៅ​។ ចំណែក​រឿង​បង្កក​ទ្រព្យសម្បត្តិ​វិញ លោក ហ្សា​រី​ហ្វ និយាយថា លោក និង​គ្រួសារ​គ្មាន​ទ្រព្យសម្បត្តិ​នៅ​អាមេរិក​ឲ្យ​រដ្ឋ​បា​លោក ត្រាំ បង្កក​ឡើយ​។​
 
​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ប្រមុខ​ការទូត​អ៊ីរ៉ង់​បែបនេះ រដ្ឋបាល​លោក ត្រាំ ក៏​រង​ពាក្យរិះគន់​មិនតិច​ដែរ ព្រោះ​ប្រៀបដូចជា​ការបិទផ្លូវ​ការទូត​ដែលជា​ផ្លូវ​សម្រាប់​រក​ច្រកចេញ​ដូច្នោះ​ដែរ​។ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ Rand Paul យល់ថា ដាក់ទណ្ឌកម្ម​លើ​មន្ត្រីការទូត នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​កាន់តែ​តិច​។ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​លោក ត្រាំ និយាយ​ការពារ​ថា លោក ហ្សា​រី​ហ្វ មិនមែនជា​មនុស្ស​ដែល​ត្រូវ​ចរចា​បានឡើយ បើ​ចង់​ជជែក អាមេរិក​អាច​រក​អ្នកដទៃ​ទៀត​បាន​៕  

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  Mohammad Javad Zarif
© រក្សាសិទ្ធិដោយ thmeythmey.com