មានក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ Bangkok Airways ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលបានមកដល់កម្ពុជាតាំងពីដើមទសវត្សរ៍១៩៩០ បានកំពុងឈរជើង និងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើននៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ លោក ពុទ្ធីពង្ស ប្រាសាទទង់-អូសុទ្ធ (Puttipong Prasarttong-Osoth) ដែលប្រធានក្រុមហ៊ុនក្រុមហ៊ុនបាងកកអ៊ែរវេ (Bangkok Airways Public Company Limited) បានយល់ព្រមផ្តល់បទសម្ភាសន៍តាមអ៊ីមែលដល់លោក លាង ដឺលុច អ្នកកាសែតជាន់ខ្ពស់នៃសារព័ត៌មាន thmeythmey.com ដើម្បីនិយាយអំពីបរិយាកាសទីផ្សារអាកាសចរណ៍នៅកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រប្រកួតប្រជែងទីផ្សាររបស់ក្រុមហ៊ុនរបស់លោកផង។
សូមលោកអ្នកអានបទសម្ភាសរវាងលោក លាង ដឺលុចនៃសារព័ត៌មានថ្មីៗ និងលោក ពុទ្ធីពង្ស ប្រាសាទទង់-អូសុទ្ធ ប្រធានក្រុមហ៊ុន Bangkok Airways ខាងក្រោមនេះ៖
លោក លាង ដឺលុច៖ តើលោកអាចរៀបរាប់ប្រាប់អ្នកអានរបស់យើងបានទេ អំពីប្រវត្តិនៃការកកើតក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេ (Bangkok Airways, PG) របស់លោក?
លោក Puttipong Prasarttong-Osoth៖ ក្រុមហ៊ុនបាងកកអ៊ែរវេ ត្រូវបានបង្កើតឡើងដោយលោក Prasert Prasarttong-Osoth ដែលជាអ្នកបង្កើតជំនួញអាកាសចរណ៍នៅក្នុងឆ្នាំ១៩៦៨ ដែលជាផ្នែកមួយនៅក្នុងក្រុមហ៊ុនក្រុងថេបសហគោល (Krungthep Sahakol Company) ដែលលោកគឺជាម្ចាស់។ នៅក្នុងឆ្នាំ១៩៨៤ លោក Prasert បានបង្កើតក្រុមហ៊ុន Sahakol Air ដើម្បីគ្រប់គ្រងជំនួញអាកាសចរណ៍របស់ក្រុមហ៊ុន ក្រុងថេប សហគោល ដែលបានប្រតិបត្តិការជំនួញនេះតាំងពីការចាប់ផ្តើមមក។ ឈ្មោះ Sahakol Air ក្រោយមកក៏ត្រូវបានប្តូរទៅជា Bangkok Airways។
នៅក្នុងឆ្នាំ១៩៨៩ ក្រុមហ៊ុនបាងកកអ៊ែរវេ បានសាងសង់ព្រលានយន្តហោះដំបូងនៅលើកោះសាមុយ ដែលក្រោយមកក៏ត្រូវបានពង្រីកទៅជាអាកាសយានដ្ឋានអន្តរជាតិ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនដដែលនេះ គឺជាម្ចាស់អាកាសយានដ្ឋានចំនួន៣ដែលរួមមាននៅកោះសាមុយ សុខោទ័យ និងព្រលានយន្តហោះត្រាត។
លោក លាង ដឺលុច៖ តើក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេមានយន្តហោះប៉ុន្មានគ្រឿង និងកំពុងប្រតិបត្តិការនៅប្រទេសណាខ្លះ?
លោក Puttipong Prasarttong-Osoth៖ ពេលនេះយើងមានយន្តហោះចំនួន៤០គ្រឿង រួមមាន ATR72-500 ចំនួន២គ្រឿង ATR72-600 ចំនួន១៣គ្រឿង Airbus 319 ចំនួន១៦គ្រឿង និងAirbus 320 ចំនួន៩គ្រឿង។
Bangkok Airways ធ្វើប្រតិបត្តិការនៅតាមបណ្តាគោលដៅ និងប្រទេសមួយចំនួនដូចជា ប្រទេសថៃ កម្ពុជា ចិន ក្រុងហុងកុង ប្រទេសឥណ្ឌា ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងប្រទេសម៉ាល់ឌីវ។ យើងមានគម្រោងពង្រីកបណ្តាញហោះហើររបស់យើងបន្ថែមទៀតនៅពេលអនាគត ដើម្បីសម្រួលដល់អតិថិជនរបស់យើង។
លោក លាង ដឺលុច៖ តើក្រុមហ៊ុន Bangkok Airways របស់លោកបានចាប់ផ្តើមនៅកម្ពុជាតាំងពីពេលណា? ហេតុអ្វី?
លោក Puttipong Prasarttong-Osoth៖ យើងមានសេវាតាមតម្រូវការជា Charter services រវាងបាងកក និងភ្នំពេញ នៅខែមីនាឆ្នាំ១៩៩២។ បន្ទាប់មកយើងមានកាលវិភាគនៃជើងហោះហើរជាក់លាក់រវាងបាងកក-ភ្នំពេញ ចាប់ពីខែកញ្ញាឆ្នាំ១៩៩៧ និងបាងកក-សៀមរាបចាប់ពីខែមករាឆ្នាំ១៩៩៨មក។
មូលហេតុដែលយើងបង្កើតគោលដៅហោះហើរមកកម្ពុជា ក៏ព្រោះតែយើងបានសម្លឹងឃើញសក្តានុពលរបស់កម្ពុជាជាគោលដៅធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាសម្បូរដោយវប្បធម៌ ទំនៀមទម្លាប់ និងគោលដៅទេសចរណ៍ជាច្រើនកន្លែង ក្នុងចំណោមនោះគឺមាន រមណីយដ្ឋានបេតិកភណ្ឌរបស់អង្គការយូណេស្កូ អង្គរវត្ត។ លើសពីនេះទៀត កម្ពុជាក៏ជាគោលដៅទាក់ទាញវិនិយោគ និងធុរកិច្ចផងដែរ។ ដូច្នេះ កម្ពុជាគឺជាគោលដៅយុទ្ធសាស្ត្រមួយដែលស្រូបយកអ្នកដំណើរមកពីពេញពិភពលោក។
លោក លាង ដឺលុច៖ តើក្រុមហ៊ុនរបស់លោកមានជើងហោះហើរចំនួនប៉ុន្មានដងនៅកម្ពុជា? និងបានបង្កើត ការងារចំនួនប៉ុន្មានដែរនៅកម្ពុជា?
លោក Puttipong Prasarttong-Osoth៖ យើងមានជើងហោះហើរចំនួន៦ដងជារៀងរាល់ថ្ងៃរវាងភ្នំពេញ និងបាងកក និងជើងហោះហើររៀងរាល់ថ្ងៃ៥ដងរវាងបាងកកនិងសៀមរាប។ យើងមិនមានតួលេខច្បាស់លាស់នៃចំនួនការងារដែលយើងបានបង្កើតនៅកម្ពុជានោះទេ។ តែយើងពិតជាបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាលើផ្នែកទីផ្សារ និងផ្នែកលក់ ក៏ដូចជាផ្នែកប្រតិបត្តិការ ដូចជាអ្នកដែលធ្វើការផ្ទាល់ជាមួយអតិថិជនរបស់យើង។
លោក លាង ដឺលុច៖ ដូចលោកបានឃើញហើយ បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើននៅកម្ពុជា។ តើអ្វីជាការវាយតម្លៃរបស់លោកចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា?
លោក Puttipong Prasarttong-Osoth៖ វាពិតជាមានការប្រកួតប្រជែងមែន នៅពេលដែលមានក្រុមហ៊ុនអាកាសចរណ៍ច្រើនដែលកំពុងប្រតិបត្តិការហោះហើរទៅមកពីកម្ពុជា។ ទោះយ៉ាងនេះក្តី យើងនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់នៃក្រុមហ៊ុនអាកាសចរណ៍ឈានមុខក្រោមពាក្យស្លោក «Asia’s boutique Airline»។ តាមរយៈពាក្យស្លោកនេះ យើងបានបង្កើតសេវាយ៉ាងសម្បូរបែប ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់យើងរីករាយជាមួយនឹងការហោះហើរ។ សេវាទាំងនោះមានដូចជា ទីកន្លែងសម្រាករង់ចាំសម្រាប់អតិថិជន ទាំងអស់របស់យើង ប្រភេទ Blue Ribbon និង Boutique lounges, ទីតាំងរង់ចាំដែល ត្រូវបានតុបតែង យ៉ាងល្អ និងសេវាម្ហូបអាហារដ៏ល្អនៅពេលហោះហើរផងដែរ។
ជាងនេះទៅទៀត ការណ៍ដែលយើងមានជើងហោះហើរដែលភ្ជាប់ទៅទីក្រុងទាំងពីរ គឺភ្នំពេញ និងសៀមរាបនោះ វាក៏បានផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងដែលត្រូវធ្វើដំណើរបន្ត ទៅ គោលដៅនានាក្នុងតំបន់តាមរយៈក្រុមហ៊ុនអាកាសចរណ៍ដែលជាដៃគូរបស់យើងនៅជុំវិញ ពិភពលោក ដែរ។ យើងជឿជាក់ថា សេវាដែលយើងបានបង្កើតឡើងដូចការរៀបរាប់ខាងលើនេះ បានអនុញ្ញាតឱ្យ យើងអាចនៅឈរជើងប្រកួតប្រជែងក្នុងទីផ្សារអាកាសចរណ៍នេះបាន។
លោក លាង ដឺលុច៖ តាមការយល់ឃើញរបស់លោក តើការប្រកួតប្រជែងបែបនេះលំបាកយ៉ាងណា? តើBangkok Airways នឹងមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីធ្វើយ៉ាងណាឱ្យខ្លួននៅតែជាជម្រើសដ៏ល្អរបស់អតិថិជន?
លោក Puttipong Prasarttong-Osoth៖ វាពិតជាលំបាកសម្រាប់យើង នៅក្នុងការប្រកួតប្រជែងដ៏តឹងតែង ជាពិសេសនៅពេលដែលអតិថិជនមានជម្រើសកាន់តែច្រើន។ យើងទទួលស្គាល់ថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់តែងមានផលិតផល និងសេវាពិសេសរបស់ពួកគេរៀងៗខ្លួន។ ទោះយ៉ាងនេះក្តី Bangkok Airways បានធ្វើការងារយ៉ាងប្រាកដប្រជាដើម្បីផ្តល់សេវាដ៏ល្អបំផុតដល់អតិថិជនរបស់យើងទាំងអស់ ដោយរាប់ចាប់តាំងពីដំណាក់កាលនៃការ កក់សំបុត្រយន្តហោះ ការចុះឈ្មោះ (Check in) ការរង់ចាំ និងរហូតដល់សេវានៅក្នុងយន្តហោះ។
យើងក៏សន្យាបន្តផ្តល់ជូនសេវាដែលមានស្តង់ដារខ្ពស់គ្រប់ទិដ្ឋភាពទាំងអស់ដើម្បីឱ្យអតិថិជនរបស់ទទួលបានភាពរីករាយ គ្រប់ពេលដែលពួកគេប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍របស់យើង។
លោក លាង ដឺលុច៖ តើលោកអាចបង្ហាញតួលេខអតិថិជនដែលបាងកកអ៊ែរវេរបស់លោក ទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទេ?
លោក Puttipong Prasarttong-Osoth៖ យើងទទួលបានកំណើននៃចំនួនអតិថិជនរបស់យើងដែលធ្វើដំណើរចេញចូលកម្ពុជាតាមរយៈយន្តហោះរបស់យើង។ ឆ្នាំ២០១៤ យើងទទួលបាន ៤៧១ ០០០ នាក់។ ឆ្នាំ ២០១៥ យើងទទួលបាន ៥៤០ ០០០ នាក់។ ឆ្នាំ ២០១៦ យើងទទួលបាន ៥៩៤ ០០០នាក់។ ឆ្នាំ ២០១៧ យើងទទួលបាន ៥៩៥ ០០០នាក់ និងឆ្នាំ២០១៨ យើងទទួលបានរហូតដល់ ៦១៥ ០០០នាក់។
លោក លាង ដឺលុច៖ លោក Puttipong Prasarttong-Osoth តើលោកមានគម្រោងបង្កើនប្រតិបត្តិការនៅកម្ពុជាក្នុងពេលអនាគតឬទេ?
លោក Puttipong Prasarttong-Osoth៖ យើងកំពុងស្រាវជ្រាវផ្នែកទីផ្សារ និងពិចារណាលើគោលដៅថ្មីដែរ។
លោក លាង ដឺលុច៖ បើតាមការវាយតម្លៃរបស់លោក តើអនាគតនៃទីផ្សារអាកាសចរណ៍របស់កម្ពុជានៅវិវត្តទៅយ៉ាងណាដែរ?
លោក Puttipong Prasarttong-Osoth៖ កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចកើនឡើង ហើយឧស្សហកម្មទេសចរណ៍ក៏រីកចម្រើនដែរ។ ពីរចំណុចនេះនឹងពិតជាជះឥទ្ធិពលដល់ទីផ្សារអាការចរណ៍នៅកម្ពុជា។ យើងជឿជាក់ថា ទីផ្សារនេះនឹងបន្តរីកលូតលាស់ជាបន្តបន្ទាប់ ដោយសារតែកំណើនខ្ពស់នៃការធ្វើដំណើរបែបទេសចរណ៍ផង និងវិនិយោគផងពីពិភពលោកមកកាន់កម្ពុជា៕