អន្តរជាតិ
សិង្ហ​បុរី​៖​គ្រឿង​ស្រវឹង​ស្ថិតក្នុង​មូលហេតុ​បង្ក​ឲ្យ​«​មនុស្ស​វ័យក្មេង​»​ជាច្រើន​ប្រឈម​ជំងឺ​សន្លាក់ឆ្អឹង
01, Aug 2019 , 12:29 pm        
រូបភាព
រូបភាពពី Eu Yang Sang
រូបភាពពី Eu Yang Sang
​ដោយ៖ ឈួន ឈី​វ​អ៊ីង

​ប្រជាជន​សិង្ហ​បុរី​ជាច្រើន​បច្ចុប្បន្ននេះ កំពុង​ប្រឈមមុខ​ជំងឺ​សន្លាក់ឆ្អឹង​ទាំង​វ័យក្មេង​។ ការ​ពិសា​រគ្រឿង​ស្រវឹង និង​ការបរិភោគ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ស្ថិតក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​នេះ​។

 
​វា​ចាប់ផ្តើម​ដោយមាន​អារម្មណ៍​ដូចជា​គ្រេច​កជើង​។ នេះ​ជាស​ម្ដី​ជនជាតិ​សិង្ហ​បុរី​ម្នាក់ Norman Sequerah ដែល​ជួប​បញ្ហា​សន្លាក់ឆ្អឹង​។ អ្វីដែល​ចម្លែក​នោះ​គឺ លោក​មិនអាច​បង្វិល​កជើង​បាន​ឡើយ​។ 
 
​បុរស​ជនជាតិ​សឹង្ហ​បុរី វ័យ ៤៦​ឆ្នាំ​រូបនោះ ចំណាយពេល ២​ថ្ងៃ​ឲ្យ​ជើង​ហើម​ធូរស្រាល​ដូចដើម ប៉ុន្តែ​ទីបំផុត​គាត់​ក៏​សម្រេចចិត្ត​ទៅ​ជួប​គ្រូពេទ្យ​។ ក្រោយ​ការពិនិត្យ គ្រូពេទ្យ​និយាយថា Sequerah កើត​ជំងឺ​សន្លាក់ឆ្អឹង​។ 
 
Sequerah មិនមែនជា​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ការវិនិច្ឆ័យ​រោគ​ថា កើត​ជំងឺ​សន្លាក់ឆ្អឹង​មុន​អាយុ​ដែល​ត្រូវ​កើត​នេះ​។ បើ​យោងទៅតាម វិទ្យាស្ថាន​ជាតិ​អាមេរិក​ជំនាញ​រោគ​សន្លាក់​សាច់ដុំ​ជាប់​ឆ្អឹង និង​ស្បែក ជំងឺ​សន្លាក់ឆ្អឹង​ដែល​វេជ្ជបណ្ឌិត​បាន​វិនិច្ឆ័យ ភាគច្រើន​កើតមាន​លើ​បុរស និង​ចន្លោះ​អាយុ ៤០​ទៅ ៥០​ឆ្នាំ​។​
 
​បើទោះជា​គ្មាន​របាយការណ៍​ពី​បញ្ហា​ជំងឺ​សន្លាក់ឆ្អឹង​នៅ​សិង្ហ​បុរី​ក្តី វេជ្ជបណ្ឌិត Lui Nailee ឯកទេស​សន្លាក់ឆ្អឹង​នៃ​មន្ទីរពេទ្យ Gleneagles លើកឡើងថា ពិតណាស់ មាន​អ្នកជំងឺ​ជាច្រើន​ក្នុង​វ័យ ៣០​ឆ្នាំ​របស់គេ កើត​ជំងឺ​សន្លាក់ឆ្អឹង​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី CNA  Lifestyles ។ 
 
​វេជ្ជបណ្ឌិត Cho Jiacai ដែលជា​អ្នក​ប្រឹក្សា​រង​នៃ​សកល​វិទ្យាល័យ​ពេទ្យ​ជាតិ​ផ្នែក​សន្លាក់ឆ្អឹង ក៏​និយាយ​ដែរ​ថា មានការ​កើនឡើង​នៃ​អត្រា​អ្នក​កើត​ជំងឺ​សន្លាក់ឆ្អឹង​ប្រមាណ ៣០​ភាគរយ​អំឡុង ១៥​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្នកជំងឺ​ដែលមាន​អាយុ​ក្មេង​ជាងគេ​របស់​វេជ្ជបណ្ឌិត Cho Jiacai គឺមាន​អាយុ ១៧​ឆ្នាំ​។ អ្នកជំងឺ​រូបនេះ​បាន​និយាយថា ដំបូង​ឡើយ​គាត់​ឈឺ​ប្រអប់ជើង និង កជើង​ប៉ុន្តែ​គាត់​មិនបាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ឡើយ ដោយ​ពួកគេ​មិន​ធ្លាប់​គិតថា​ជំងឺ​សន្លាក់ នឹង​កើត​លើ​ក្មេង​ដែលមាន​អាយុ​ដូច​គាត់​នោះទេ​។​
 
​ជំងឺ​សន្លាក់ឆ្អឹង​អាច​បណ្តាលមកពី​សាច់គោ​ដែលជា​អាហារ​មនុស្ស​គ្រប់គ្នា​បរិភោគ ដ្បិត​វា​ជា​ប្រភេទ​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​។ តាម​សម្តី​របស់​វេជ្ជបណ្ឌិត Lui យុវជន​ភាគច្រើន​នាំគ្នា​បរិភោគ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ ហើយក៏​និយម​បរិភោគ​គ្រឿង​ស្រវឹង តែ​មិនសូវ​បរិភោគ​ទឹក​។ ជំងឺ​សន្លាក់ឆ្អឹង​កើតឡើង​ដោយសារតែ​បរិមាណ​អាស៊ីត​អ៊ុយ​រិច​ច្រើន​នៅក្នុង​ឈាម ហើយ​អាស៊ីត​អ៊ុយ​រិច​ទាំងនោះ ត្រូវបាន​ផលិត​នៅពេល​សារពាង្គកាយ​បំបែក​ពួ​រី​ន ពី​ក្នុង​អាហារ​ដូចជា បាយ សាច់ បក្សី គ្រឿង​សមុទ្រ សារធាតុ​មាន​ជាតិ​អាល់កុល​ជាពិសេស​ស្រា​បៀរ និង​ជា​តំណពូជ​ផង​។​
 
​ជាធម្មតា អាស៊ីត​អ៊ុយ​រិច​មាន​ក្នុង​ឈាម​នឹង​ប​ញ្ជេ​ញ​តាម​ទឹកនោម​ដោយ​តម្រង់​នោម​។ បើ​យោងតាម​គ្រឹះស្ថាន​ជាតិ​ផ្នែក​តម្រង់​នោម​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា មាន​អ្នកជំងឺ​សន្លាក់ឆ្អឹង​ជាច្រើន​ដែលមាន​ជំងឺ​តម្រង់​នោម​រ៉ាំរ៉ៃ​។ បើទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការសន្និដ្ឋាន​ណា​អះអាងថា​ជំងឺ​តម្រង់​នោម បង្កើត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់ ហើយ​បណ្តាល​ឲ្យ​កើត​ជំងឺ​សន្លាក់​នោះទេ​។ នេះ​បើ​យោងតាម Healthline ។​
 
​ដើម្បី​ជួយ​ទប់ស្កាត់​ក៏ដូចជា​ព្យាបាល​ជំងឺ​សន្លាក់ គេ​អាច​ប្រើ​ថ្នាំ Allopurinol ដែល​អាចជួយ​កាត់បន្ថយ អាស៊ីត​អ៊ុយ​រិច​ដោយ​មិន​ប៉ះពាល់​ដល់​តម្រង់​នោម​។ មួយវិញទៀត​គឺ ការ​សម្រក​ទម្ងន់ ការចៀសវាង​ការបរិភោគ​សាច់ និង​គ្រឿង​ស្រវឹង​ដែល​សម្បូរ​សមាសធាតុ​ពួ​រី​ន ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​នេះដែរ​៕

Tag:
 សិង្ហ​បុរី​
  ជំងឺ​សន្លាក់ឆ្អឹង​
© រក្សាសិទ្ធិដោយ thmeythmey.com