ជាតិ
សង្គមជាតិ
តុលាការ ឃុំ​ប្រធាន​-​អនុប្រធាន និង មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ក្រោម​បទ​ចោទ​បី​
01, Aug 2019 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ចំពោះ លោក លៀម ប៊ុន​រឿន ប្រធាន លោក ជាង វុទ្ធី អនុប្រធាន និង លោក តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​។ នេះ​បើតាម​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។


 
​អ្នក​ទាំងបី ត្រូវបាន​ព្រះ​ព្រះរាជអាជ្ញា ចោទ​បី​បទល្មើស គឺ​បទ​វិ​តិ​ក្រម (​អ្វីដែល​មន្ត្រី​មិនអាច​ទាមទារ​ពី​ពលរដ្ឋ​) តាម​ក្រមព្រហ្មទណ្ឌ បទ​រំលោភ​អំណាច តាមច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ និង បទ​សម្អាត​ប្រាក់ តាមច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​។​
 
​កាលពី​ថ្ងៃទី​២៧ ខែកក្កដា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​អ្នក​ទាំងបី ហើយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ក៏​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ អ្នក​ទាំងបី រង​ការសង្ស័យថា ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ទារប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​មួយ ជា​ថ្នូរ​នឹង​ការចេញ​លិខិតស្នាម​និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ បង្កើន​រោងចក្រ​។ អ្នក​ទាំងបី ត្រូវ​ឃាត់ខ្លួន ក្នុង​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ ជាទី​កន្លែង​ដែល​ពួកគេ​និង​ខាង​ក្រុមហ៊ុន​ជួបគ្នា ដើម្បី​ប្រគល់​លុយ​៕
 
 

Tag:
 តុលាការ​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com