អន្តរជាតិ
បន្ថែមលើសម្ពាធការទូតនិងយោធា ចិនថែមសម្ពាធសេដ្ឋកិច្ចលើតៃវ៉ាន់
× ទីក្រុងប៉េកាំង នៅថ្ងៃទី៣១ ខែកក្កដា បានប្រកាសហាមឃាត់ការធ្វើដំណើរជាលក្ខណៈឯកជនរបស់ពលរដ្ឋចិនទៅកាន់ទឹកដីទឹកដីតៃវ៉ាន់ ដោយសារទំនាក់ទំនងមិនល្អរវាងទឹកដីទាំងពីរ។ ចំណាត់ការរបស់ប៉េកាំងនេះ ជាសម្ពាធមួយទៀតលើតៃវ៉ាន់ដែលកំពុងប្រឈមមុខសម្ពាធការទូត និងការគំរាមកំហែងខាងយោធានោះ។ កោះតៃវ៉ាន់ ប្រឈមមុខការខាតបង់ច្រើនពីបម្រាមនេះ ព្រោះទេសចរដីគោក ក៏ជាប្រភពចំណូលមួយសំខាន់ដែរ។
ចាប់ពីថ្ងៃទី១ ខែសីហាទៅ ប្រជាជនចិនលែងអាចធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ជាលក្ខណៈឯកជនទៀតហើយ។ ក្នុងសេចក្ដីប្រកាសនៅថ្ងៃទី៣១ ខែកក្កដា ក្រសួងទេសចរណ៍ និងវប្បធម៌ចិនបញ្ជាក់ថា ខ្លួននឹងឈប់ផ្ដល់ការអនុញ្ញាតការធ្វើដំណើរបែបឯកជនទៅកាន់តៃវ៉ាន់សម្រាប់ពលរដ្ឋចិនរស់នៅទីក្រុងចំនួន៤៧ ព្រោះទំនាក់ទំនងជាតៃវ៉ាន់កំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺនខ្លាំង ហើយបម្រាមនេះ នឹងមានប្រសិទ្ធភាពរហូតមានការជូនដំណឹងថ្មី។
កន្លងមក ប្រជាជនរស់នៅទីក្រុងទាំង៤៧ ដូចជារដ្ឋធានីប៉េកាំង ទីក្រុងហិរញ្ញវត្ថុសៀងហៃ និងសៀមិនដែលនៅក្បែរតៃវ៉ាន់ជាដើមនោះ អាចសុំការអនុញ្ញាតពីអាជ្ញាធរដើម្បីធ្វើដំណើរតែឯងទៅកាន់តៃវ៉ាន់ ដោយមិនចាំបាច់ចុះឈ្មោះជាក្រុមឡើយ។ បម្រាមរបស់ប៉េកាំងខាងលើនេះ នឹងបង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅតៃវ៉ាន់ ពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនដែលជាកត្តាសំខាន់មួយក្នុងការរក្សាទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់នោះ។
បើតាមការប៉ាន់ស្មានដោយអ្នកជំនាញនានា ចំនួនអ្នកទេសចរពីដីគោកទៅកាន់តៃវ៉ាន់ នឹងធ្លាក់ចំនួន៧សែននាក់ក្នុងរយៈពេល៦ខែបន្ទាប់ ហើយដែលធ្វើឲ្យតៃវ៉ាន់ខាតបង់ចំណូលប្រមាណ៩០០លានដុល្លារឯណោះ។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ។
ក្រុងតៃប៉ិឯណោះវិញ បង្ហាញការមិនពេញចិត្តចំពោះបម្រាមរបស់ប៉េកាំងនេះ។ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បានរិះគន់ចំណាត់ការរបស់ប៉េកាំង និងចាត់ទុកជាការបំពានកិច្ចព្រមព្រៀងធ្វើដំណើររបស់ប្រជាជនទាំងសងខាង។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៣១ ខែកក្កដា ក្រុមប្រឹក្សាដដែល ក៏បានបង្ហាញការសោកស្ដាយចំពោះបម្រាមឯកតោភាគីរបស់ប៉េកាំងលើការធ្វើដំណើរដោយសេរីរបស់ពលរដ្ឋចិនទៅតៃវ៉ាន់។
អ្វីគួរកត់សម្គាល់នោះ បម្រាមរបស់ប៉េកាំង ធ្វើឡើង៥ខែមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅតៃវ៉ាន់។ ប្រធានាធិបតីបច្ចុប្បន្នលោកស្រី Tsai Ing-wen ត្រូវប្រជែងជាមួយបេក្ខជនបក្សប្រឆាំង Han Kuo-yu ដែលមានជំហរខិតរកចិនឡើងវិញ។ កាលពីការបោះឆ្នោតឆ្នាំ២០១៦ ចិនក៏ធ្លាប់ចេញបម្រាមបែបនេះដែរ ក្នុងគោលដៅកាត់បន្ថយការគាំទ្របេក្ខភាពលោកស្រី Tsai ដែលមាននិន្នការរកការប្រកាសឯករាជ្យ ប៉ុនលោកស្រីនៅតែឈ្នះដដែល៕
Tag:
ចិន
តៃវ៉ាន់
Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com