អន្តរជាតិ
កូរ៉េខាងត្បូង ព្រមាន​ពី​ផលវិបាក បើ​ជប៉ុន​លុបឈ្មោះ​ខ្លួន​ចេញពី​បញ្ជី​អនុគ្រោះ​ពាណិជ្ជកម្ម​
01, Aug 2019 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា ក្នុងទឹកមុខស្មើនាជំនួបជាមួយសមភាគីជប៉ុន តារ៉ូ កូណូ នៅបាងកក។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា ក្នុងទឹកមុខស្មើនាជំនួបជាមួយសមភាគីជប៉ុន តារ៉ូ កូណូ នៅបាងកក។ រូបភាព AFP
​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​ឡើង ខណៈ​ជប៉ុន​ប្រុង​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​។ នៅ​ថ្ងៃទី​១ ខែសីហា ប្រមុខ​ការទូត​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា បាន​ព្រមាន​សម​ភាគី​ជប៉ុន តា​រ៉ូ កូ​ណូ ចំៗ​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​តូ​ក្យូ​ហ៊ាន​សម្រេចចិត្ត​បែបនេះ​មែន​។ ការ​លុបឈ្មោះ​កូរ៉េខាងត្បូង​ពេលនេះ នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ពីលើ​សភាពការណ៍​សព្វថ្ងៃ​មិនសូវ​ស្រួល​ផង​នោះ​។

 
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) បាន​ឆ្លៀត​ជួប​ជាមួយ​សម​ភាគី​ជប៉ុន តា​រ៉ូ កូ​ណូ (Taro Kono) នៅ​ថ្ងៃទី​១ ខែសីហា នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ដៃគូ​នៅ​ទីក្រុង​បាងកក ដើម្បី​ដោះស្រាយ​ទំនាស់​ការទូត និង​ពាណិជ្ជកម្ម​។ ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាស៊ី​សេដ្ឋកិច្ច​ទាំងពីរ ផ្ដើមចេញពី​ការ​រឹតត្បិត​របស់​ជប៉ុន​លើ​ការនាំចេញ​សារធាតុ​គីមី​ដែល​ចាំបាច់​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​វៃ​ទៅ​ឲ្យ​កូរ៉េខាងត្បូង​។​
 
​ឯ​មូល​ហេតុដែល​នាំ​ឲ្យ​ជប៉ុន​ចេញ​វិធានការ​បែបនេះ គឺ​បណ្ដាលមកពី​ការសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង​ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់ក​ម្មករ​កូរ៉េខាងត្បូង​ដែល​រង​ការបង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​កាលពី​សម័យ​សង្គ្រាម​។ ទំនាស់​ប្រវត្តិសាស្ត្រ​នេះ ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ​នេះ កាន់តែ​ល្អក់កករ​ខ្លាំង​ដល់​សព្វថ្ងៃ ហើយ​ផលប៉ះពាល់​ក៏​ស្ដែងចេញ​ជា​បណ្ដើរៗ​ផងដែរ ពិសេស​ក្រុមហ៊ុន​កូរ៉េខាងត្បូង​តែម្ដង​។​
 
​ចុងក្រោយ​នេះ ជប៉ុន ក៏​ឈាន​មួយ​ជំហាន​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងត្បូង​។ រដ្ឋាភិបាល​ជប៉ុន​អះអាងថា ខ្លួន​នឹង​កូរ៉េខាងត្បូង​ចេញពី «​បញ្ជី​ស​» ដែល​សម្គាល់​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​។ ការសម្រេចចិត្ត​នេះ នឹង​កើតឡើង​នៅ​ថ្ងៃទី​២ ខែសីហា​។ បើសិនជា​តូ​ក្យូ​ធ្វើ​បែប​នោះ​មែន ស្ថានការណ៍​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ថែមទៀត ខណៈ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ជាច្រើន​នឹងរង​ផលប៉ះពាល់​ខ្លាំង​មួយកម្រិត​ទៀត​បន្ថែម​ពីលើ​ការ​រឹតត្បិត​លើក​មុន​។​
 
​លោកស្រី កាង ប្រា​ប់លោក កូ​ណូ ថា ជប៉ុន ត្រូវតែដើរ​ថយក្រោយ​វិញ​។ នា​ជំនួប​៤៥​នាទី​ជាមួយ​លោក កូ​ណូ ប្រមុខ​ការទូត​កូរ៉េខាងត្បូង បានស្នើ​ត្រង់ៗ​ឲ្យ​ជប៉ុន​រក្សា​កូរ៉េខាងត្បូង​ក្នុង​បញ្ជី​អនុគ្រោះ​របស់ខ្លួន​ដដែល ព្រោះ​មាន​ក្រុង​តូ​ក្យូ​ពិតជា​ដើរទៅ​មុខ​មួយ​ជំហាន​ទៀត​នោះ ទំនាក់ទំនង​ទ្វេភាគី​នឹងរង​ផលប៉ះពាល់​ខ្លាំង​។ លោកស្រី កាង ព្រមាន​ចំពោះមុខ​លោក កូ​ណូ ថា សេ​អ៊ូ​ល​នឹង​ពិនិត្យឡើងវិញ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ដូចគ្នា​ដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង ចង់​និយាយ​សំដៅ​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​រវាង​ប្រទេស​ទាំងពីរ​។ កន្លងមក សេ​អ៊ូ​ល ក៏​ធ្លាប់​គំរាម​តូ​ក្យូ​រឿង​ពិនិត្យឡើងវិញ​កិច្ចព្រមព្រៀង​នេះដែរ ប៉ុន្តែ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ហាក់​មិន​អើពើ​ឡើយ​។ ក្រោម​កិច្ចព្រមព្រៀង​ចែករំលែក​នេះ បើ​មាន​ភាគី​ណាមួយ​ដកខ្លួន នោះ​កិច្ចព្រមព្រៀង​មិនអាច​បន្ត​សុពលភាព​បាន​ទៀតឡើយ​។ តែបើ​មិនមាន​ភាគី​ណាមួយ​ជំទាស់ កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​ដោយ​ស្វ័យប្រវត្តិ​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  Kang Kyung-wha
  Taro Kono
© រក្សាសិទ្ធិដោយ thmeythmey.com