អន្តរជាតិ
ប្រធានាធិបតីម៉ុងហ្គោលី ជូនសេះ១ក្បាលឲ្យកូនប្រុសពៅលោក ត្រាំ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រា (ឆ្វេង) និងសមភាគីម៉ុងហ្គោលី Battulaga Khaltmaa នៅសេតវិមានអាមេរិក (AFP)
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៣១ ខែកក្កដា បានបង្ហើបពីឈ្មោះ ដែលលោកបានជ្រើសរើសសម្រាប់សត្វសេះមួយក្បាល ដែលមេដឹកនាំម៉ុងហ្គោលី លោក Battulga Khaltmaa បានប្រគល់ឲ្យកូនប្រុសវ័យ ១៣ឆ្នាំលោក។ ហើយឈ្មោះសត្វសេះនោះ គឺ «Victory» ប្រែជាភាសាខ្មែរថា «ជ័យជម្នះ»។
លោក Battulga ជាប្រធានាធិបតីទីមួយមកពីប្រទេសក្នុងតំបន់អាស៊ីដាច់ស្រយោល ក្រីក្រ ដែលបានឈានជើងចូលក្នុងសេតវិមានអាមេរិក ចាប់តាំងពីឆ្នាំ២០១១មក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ុងហ្គោលី មន្ត្រីជាន់ខ្ពស់អាមរិកម្នាក់ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោក Battulga មានបំណងឲ្យលោកត្រាំដាក់ឈ្មោះសត្វសេះ ដែលលោកនឹងប្រគល់ឲ្យ។
ជាប្រពៃណី ការជូនសត្វសេះបែបនេះ គឺជាអំណោយនិមិត្តរូបសម្រាប់ការធ្វើទស្សនកិច្ចរបស់មេដឹកនាំម៉ុងហ្គោលីទៅជួបមនុស្សសំខាន់។ ក្នុងសម័យបុរាណ មេដឹកនាំ និងមេទ័ពកំពូលៗរបស់ប្រទេសនេះ បានប្រើសត្វសេះជាយានជំនិះ ដើម្បីធ្វើចម្បាំងផ្លូវឆ្ងាយ។
សាកសួរដោយក្រុមអ្នកសារព័ត៌មានអំឡុងពេលថតរូបនិសេតវិមាន ប្រសិនបើលោក ត្រាំ បានគិតគូរដាក់ឈ្មោះឲ្យសត្វសេះនោះហើយឬនៅ លោកប្រធានាធិបតី ឆ្លើយតបថា៖ «ខ្ញុំបានដាក់រួចហើយ ឈ្មៅថា Victory»។ ភ្លាមៗនោះ លោក ត្រាំ បានងាកទៅរកលោកមេដឹកនាំម៉ុងហ្គោលី ដោយនិយាយថា៖ «អរគុណច្រើនណាស់សម្រាប់សត្វសេះមួយក្បាលនេះ»។
សូមបញ្ជាក់ថា ប្រទេស ម៉ុងហ្គោលី មានប្រជាជនសរុប ៣លាននាក់ប៉ុណ្ណោះ។ យោងតាមភូមិសាស្ត្រ ប្រទេសនេះ ត្រូវហ៊ុមព័ទ្ធដូចសាំងវិច ចន្លោះមហាអំណាចចិន និងរុស្ស៊ី។ ការធ្វើទស្សនកិច្ចរបស់លោក Battulga ឆ្លុះបញ្ចាំងពីការស្រេកឃ្លានការវិនិយោគពីសហរដ្ឋអាេមរិក និងបណ្តាប្រទេសផ្សេងទៀត ដែលខ្លួនចាត់ទុកថា «អ្នកជិតខាងទីបី»។ ហេតុផលនោះគឺដើម្បីជួយកាត់បន្ថយការពឹងផ្អែកខ្លាំងហួសហេតុពេកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន៕
Tag:
សហរដ្ឋអាមេរិក
ម៉ុងហ្គោលលី
សត្វសោះ
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com