អន្តរជាតិ
ជប៉ុន​៖ រលក​កម្តៅ​ឆក់យក​ជីវិត​មនុស្ស​១១​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង ៦​ពាន់​នាក់​ចូល​ពេទ្យ​
01, Aug 2019 , 4:46 pm        
រូបភាព
​ដោយ​៖ ឈួន ឈី​វ​អ៊ីង
 
​ទីក្រុង​ជាច្រើន​នៅ​ជប៉ុន កំពុង​រង​ការវាយប្រហារ​ដោយ​រលក​កម្ដៅ ដោយ​តំបន់​ខ្លះ​សីតុណ្ហភាព​កើន​ដល់​ជិត​៣៨​អង្សា​។ មកទល់ពេលនេះ មនុស្ស​១១​នាក់​ហើយ បាន​បាត់​បង់ជីវិត​ដោយសារ​បាតុភូតធម្មជាតិ​នេះ ខណៈ​មនុស្ស​រាប់ពាន់នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​។

 
​ជនជាតិ​ជប៉ុន ១១​នាក់​បាត់​បង់ជីវិត​ដោយសារ​កម្តៅ​កើនឡើង​ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា​កន្លងទៅ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ ក៏មាន​បុរស​ម្នាក់​ដែលជា​អ្នក​សម្តែង​ដោយ​ស្លៀក​ឈុត​តុក្កតា​ទម្ងន់ ១៦​គីឡូក្រាម អស់​រយៈ​២០​នាទី​ក្នុង​ឧទ្យាន​ហិ​រ៉ា​កាតា ក្នុង​ទីក្រុង​អូ​សា​កា​ដែរ​។ 
 
​ជាការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ខាង​ឧទ្យាន​កម្សាន្ត​បាន​លុបចោល​រាល់​កម្មវិធី​ដែល​តម្រូវ​ឲ្យ​មាន​ការប្រើ​សម្លៀកបំពាក់​តុក្កតា​ទាំងអស់  និង​ស៊ើបអង្កេត​ឲ្យ​លម្អិត​ពី​បញ្ហា​ដើម្បី​ធានា​មិន​ឲ្យ​កើតមាន​រឿងនេះ​ម្តងទៀត​។ សីតុណ្ហភាព​ខ្ពស់បំផុត​នៅ​ហិ​រ៉ា​កាតា​ក្នុង​ថ្ងៃកើតហេតុ​នោះ​គឺ ៣៣.២​អង្សា​សេ ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ដួលសន្លប់ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​។​
 
​តួលេខ​បាន​បង្ហាញថា មាន​ប្រជាជន​ច្រើនជាង ៦០០០​នាក់​បាន​ស្វែងរក​ការព្យាបាល​ដោយសារ​ការ​កើន​កម្តៅ​នេះ​កាលពី​សប្តាហ៍​មុននេះ ហើយ​ភាគច្រើន​មាន​អាយុ​លើសពី ៦៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ពត៌មាន​ជប៉ុន Kyodo​។ នៅ​ទីក្រុង​តូ​ក្យូ សីតុណ្ហភាព​ឡើងដល់ ៣៥,៤​អង្សា​នៅពេល​ថ្ងៃ ហើយ​ពេលយប់​ចុះមក​ត្រឹម​លើស​២៥​អង្សា​។ នៅ​ភាគ​កណ្ដាល​ជប៉ុន សីតុណ្ហភាព​ឡើងដល់​៣៧,១​អង្សា​ឯណោះ​។ 
 
​វា​មិនមែនជា​លើកដំបូង​របស់​ប្រទេស​ជប៉ុន​ដែល​ទទួលរង​គ្រោះ​ដោយសារ​រលក​កម្តៅ​នោះទេ​។ កាលពី​ខែកក្កដា​ឆ្នាំមុន ភ្នាក់ងារ​ឧតុនិយម​បានប្រកាស​ពី​គ្រោះធម្មជាតិ​នៃ​រលក​កម្តៅ​បន្ទាប់ពី​មាន​មនុស្ស ៦៥​នាក់​ត្រូវបាន​ស្លាប់​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​៕ 
 

Tag:
 ជប៉ុន​
  រលក​កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com