ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនានា កាលពីថ្ងៃទី៣១ ខែកក្កដា បានជួបប្រជុំគ្នាដើម្បីជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញ ឡើងវិញ ក្រោយចំនួនភ្ញៀវទេសចរដែលទៅលេងខេត្តសៀមរាបបានថយចុះ ៨,២៩ ភាគរយ។ កិច្ចប្រជុំរកដំណោះស្រាយខាងលើមានការចូលរួមពី អាជ្ញាធរជាតិអប្សរា, គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor), អង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ហើយក្រសួងក៏បានដាក់ចេញផែនការរួមមាន ទី១, ការជំរុញឲ្យមានផលិតផលទេសចរណ៍ថ្មីៗទូទាំងខេត្ត និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ ទី២, ការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ និងចុងក្រោយគេ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍។
លោកបាននិយាយថា៖ «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នា ប៉ុន្តែបញ្ហាសំខាន់មុនគេ គឺសៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ដែលថយចុះ ៨,២៩ ភាគរយ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។
លោក ថោង ខុន បានឲ្យដឹងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបណ្ដាលមកពី ក្រុមហ៊ុនទេសចរណ៍ដែលលក់កញ្ចប់ Zero Cost Tour គឺជាអ្នកបំផ្លាញគោលដៅទេសចរណ៍ ព្រោះថាបណ្ដាក្រុមហ៊ុនទាំងនោះយកភ្ញៀវមកក្នុងតម្លៃទាបឬមិនចំណេញតែម្ដង តែពួកគេរកស៊ីនៅតាមហាងវត្ថុអនុស្សាវរីយ៍ អាហារដ្ឋាន ឬសណ្ឋាគារជាដើមដែលលក់ក្នុងតម្លៃខ្ពស់ ដែលធ្វើឲ្យភ្ញៀវលែងចង់មកម្តងទៀត។
លោកបន្ថែមថា ការប្ដូរទិសដៅរបស់ទេសចរជនជាតិកូរ៉េផងដែរក៏ជាមូលហេតុមួយផងដែរ។ ព្រោះភ្ញៀវទេសចរកូរ៉េដែលធ្លាប់ឈរនៅកំពូលនៃចំនួនទេសចរមកកម្សាន្តកម្ពុជា បានប្ដូរទៅប្រទេសវៀតណាមវិញ ដ្បិតប្រទេសនេះមានគោលនយោបាយទេសចរណ៍ថ្មី។
លោកសាស្ត្រាចារ្យ Azédine BESCHAOUCH លេខាធិការអចិន្ត្រៃយ៍នៃ ICC-Angkor បានស្នើឱ្យមានការរៀបចំផែនការគ្រប់គ្រងតំបន់អង្គរមានជាអាទិ៍ បញ្ជរគ្រប់គ្រងភ្ញៀវមុនចូលទស្សនាប្រាសាទ, ការបែងចែកខ្សែទស្សនកិច្ច, ចំណតនៅមុខប្រាសាទអង្គរវត្ត, បណ្ដាញគមនាគមន៍នៅប្រាសាទបាយ័ន្ត លានជល់ដំរី ប្រាសាទព្រះពិធូ និងនៅតំបន់ភ្នំគូលែន ក៏ដូចជាការរៀបចំប្រព័ន្ធអ៉ីនធើណេត Wifi ការរៀបចំគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឱ្យមានកិច្ចប្រជុំជំរុញសកម្មភាពទេសចរណ៍នេះជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាម ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន និងក្រសួងសំខាន់ៗមួយចំនួនទៀត ដោយមានការចូលរួមជាចាំបាច់របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ៕