អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​បន្ទាន់​ពិភាក្សា​ពី​ការបាញ់​ផ្លោង​មី​ស៊ី​ល​ផ្ទួនៗ​គ្នា​របស់​កូរ៉េខាងជើង​
01, Aug 2019 , 9:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី
 
​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​បន្តបន្ទាប់​គ្នា​របស់​កូរ៉េខាងជើង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ព្រួយបារម្ភ​ជាខ្លាំង ជាពិសេស​គឺ​កូរ៉េខាងត្បូង​។ ដោយ​ក្តីកង្វល់​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រេច​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ជជែក​រឿងនេះ​។ 


 
​ត្រឹម​រយ​:​ពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន​ពីរដង​បន្តបន្ទាប់ ដោយ​ការបាញ់​សាកល្បង​លើកទីមួយ​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា និង​ការបាញ់​លើក​ទី​ពិរ​នៅ​ថ្ងៃទី​៣១ ខែកក្កដា​។​
 
​ដោយសារ​បញ្ហា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រេច​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​នៅ​ថ្ងៃទី​១​ខែសីហា​នេះ​តែម្ដង​។  អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ក៏បាន​ស្នើអោយ​មានការ​ត្រួតពិនិត្យ​ទៅលើ​ការផលិត​គ្រឿង​សព្វាវុធ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង ដោយ​គេ​ព្រួយបារម្ភ​ថា ការបង្កើត​សព្វាវុធ​នេះ​អាច​បំពាន​សេចក្តីសម្រេច​របស់​អង្គ​សហប្រជាជាតិ​។
 
​ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន​ពីរលើក​នេះ កូរ៉េខាងជើង​កំពុងតែ​ព្រមាន​កូរ៉េខាងត្បូង​ដែល​ប្រុង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​ទិញ​សព្វាវុធ​ថ្មីៗ​មាន​យន្តហោះ​ស៊េរី​ទំនើប F-35 ជាដើម​។​
 
​សូម​រំឭកថា ក្រោម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង​រង​ការហាម​មិន​ឃាត់​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​កូរ៉េខាងជើង​នៅតែ​បន្ត​ការសាកល្បង​របស់ខ្លួន​ដោយ​ពុំ​ខ្លាច​ការដាក់ទណ្ឌកម្មរ​បស់​អង្គការសហប្រជាជាតិ​និង​ប្រទេស​មហាអំណាច​ឡើយ​។​
 
 អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​បង្កើត​ទំនាក់ទំនង​ខាង​ផ្លូវ​ទូត​ជាមួយ​កូរ៉េខាងជើង ដោយ​ប្រឹងប្រែង​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាដើម​កន្លងមក​។​ដូច​ឃើញស្រាប់ លោក ត្រាំ និង​មេដឹកនាំ​កំពូល កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជួបគ្នា​ទល់មុខ​បី​ដង​ហើយ​រាប់​ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៨​មក​។ 
 
​យ៉ាងណាក៏ដោយ លោក ត្រាំ ធ្លាប់​និយាយ​ច្បាស់​ថា​ថា​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​មិនមែន​គួរ​ឲ្យ​បារម្ភ និង​គ្មាន​គោលដៅ​ណាមួយ​ប្រឆាំង​អាមេរិក​ឡើយ​។ បន្ទាប់ពី​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បន្តបន្ទាប់​គ្នា​នេះ ភាគី​ពាក់ព័ន្ធ​ក៏​ប្រហែលជា​ត្រៀម​បើក​ការពិភាក្សា​ជាសម្ងាត់​ទាក់ទង​នឹង​រឿងនេះ​ផងដែរ​។ ៕
 

Tag:
 ​កូរ៉េខាងជើង​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com