ជាតិ
រដ្ឋាភិបាល​ទិញ​សព្វាវុធ​ថ្មី ព្រោះ​មិន​ចង់ឃើញ​យោធា​ប្រើ​សម្ភារៈ​អេតចាយ ហើយ​គ្មាន​បំណង​ទុក​បង្ក្រាប​ពលរដ្ឋ​ទេ​
01, Aug 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល អះអាងថា ការទិញ​សព្វាវុធ​ទំនើប​ពី​ចិន​នេះ ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​សម្ភារៈ​យោធា នៃ​ទិសដៅ​រក្សា​សន្តិសុខ​ប៉ុណ្ណោះ ដើម្បី​បញ្ចៀស​ការ​រិះគន់ថា​កម្លាំង​កម្ពុជា​ប្រើប្រាស​អាវុធ​អេតចាយ​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់ថា រដ្ឋាភិបាល​ទិញ​អាវុធ​ពេលនេះ គឺ​ទុក​សម្រាប់​ប្រើប្រាស់​បង្ក្រាប​លើ​ពលរដ្ឋ ដែល​ប្រឆាំង​ខ្លួន​។​

 
«​តើ​បងប្អូន​ឈឺចាប់​ទេ ដែល​គេ​មាក់ងាយ​កងយោធពល​ខេមរភូមិន្ទ​ថា​ប្រើ​សុទ្ធ​អាវុធ​អេតចាយ​? ពួក​អ្នកវិភាគ​សប្បាយចិត្ត​ទេ ? ពួក​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​សប្បាយចិត្ត​?​បើ​គេ​មាក់ងាយ​ជនជាតិ​ខ្លួនឯង​»​។ នេះ​ជាការ​ចោទសួរ​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បកស្រាយ​ថា ការទិញ​អាវុធ​ពី​ចិន​នេះ គឺ​រដ្ឋាភិបាល​ទុក​សម្រាប់​ប្រើប្រាស់​ការពារ​ដែន​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​



 
​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ជុំវិញ​ការចំណាយ​ថវិកា​ទិញ​អាវុធ​នេះ នៅ​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធផល​ស្តីពី «​សមិទ្ធផល​មួយឆ្នាំ​ក្រោយ​ការបោះឆ្នោត​» នា​ព្រឹក​ថ្ងៃទី​១ សីហា​នេះ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ប៉ុន្តែ​វា​មាន​ប្រយោជន៍​(​ទិញ​អាវុធ​)​ទេ បើ​ប្រទេសជិតខាង គេ​ទិញ​ទាំង​កប៉ាល់មុជទឹក គេ​ទិញ​តាំងពី​អាវុធ យុទ្ធភណ្ឌ​។ តើ​យើង​អាច​ទិញ​កាំភ្លើង​តូចតាច​មក​ការពារ​ខ្លួន​បានទេ​? ខ្ញុំ​សួរ​បញ្ច្រាស់​ទៅវិញ​។ សំនួរ​(​ខ្ញុំ​)​សម្រាប់​ទៅ​អ្នកវិភាគ ដែល​វិភាគ​នឹក​ឃើញថា​ស្រេច​តែ​ចិត្ត ប៉ុន្តែ​អាវុធ​ទាំងអស់នេះ គឺ​វា​ការពារ​ពី​ការឈ្លានពាន រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​»​។​
 
​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ថវិកា​ប្រមាណ​៤០​លាន​ដុល្លារ បន្ថែម​លើ​ថវិកា​ជិត​៣០០​លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ​ពី​ចិន​។ ប្រមុខ​រដ្ឋាភិបាល អះអាងថា ការទិញ​អាវុធ​ទាំងនេះ គឺ​ដើម្បី​ឲ្យ​កងកម្លាំង មាន​អាវុធ​ថ្មី ហើយ​អាវុធ​ចាស់ៗ នឹងត្រូវ​ដូរ​ចេញ​យកទៅ​ជួសជុល​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការទិញ​អាវុធ​នេះ ក៏​ដើម្បី​ពង្រឹង​កងកម្លាំង​ផងដែរ​។ 
 
​ក្រោយ​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មួយថ្ងៃ ស្រាប់តែ​លោក សម រង្ស៊ី ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ការចំណាយ​របស់​រដ្ឋាភិបាល​លើ​វិស័យ​យោធា​ទាំងនេះ គឺ​វា​មិនមាន​ការចាំបាច់​ទាល់តែសោះ ក្នុងពេលដែល​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយ​ស្រប​ពេលដែល​ប្រព័ន្ធ​អប់រំ និង​សុខាភិបាល​នៅ​កម្ពុជា មាន​ភាព​រយីក​រយាក មិនអាច​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។​
 
«​កម្ពុជា មិន​ប្រឈមមុខ​ការគំរាមកំហែង​ពី​ខាងក្រៅ​ណាមួយ​ទេ មានន័យថា​គ្រឿងសាស្ត្រាវុធ ដែល ហ៊ុន សែន ទិញ​ពី​ចិន​នេះ គឺ​ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ​ក្នុងប្រទេស ដែល​ប្រឆាំង​របប ហ៊ុន សែន តែប៉ុណ្ណោះ​។ ដោយសារតែ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​របប ហ៊ុន សែន នេះ ដែល​ពុករលួយ និង​អយុត្តិធម៌​ជាទីបំផុត ហ៊ុន សែន ខ្លួន​គាត់ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើ​អំពើហិង្សា ដើម្បី​ឆ្លើយតប​ទៅនឹង​កំហឹង​របស់​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី​។​
 
​បន្ថែម​ពីនេះ​លោក សម រង្ស៊ី នៅតែ​លើកឡើងថា «​ក្រោយពី ហ៊ុន សែន បានផ្តល់​ទឹកដី​ប្រទេស​កម្ពុជា ឲ្យ​កងទ័ព​ចិន មក​សំចត និង​រៀបចំ​ទីតាំង​របស់គេ ការទិញ​គ្រឿងសាស្ត្រាវុធ​ពី​ចិន​នេះ បង្កើន​ឥទ្ធិពល​របស់​ចិន មកលើ​កម្ពុជា កាន់តែខ្លាំង​ឡើង​»​។​
 
​តាមរយៈ​ការសង្ស័យ​របស់លោក សម រង្ស៊ី នេះ ត្រូវបាន​លោក ផៃ ស៊ី​ផាន អះអាង​ជាថ្មី​ថា កម្ពុជា​មិនបាន​ផ្ដល់​ដី​ឲ្យ​ចិន បង្កើត​មូលដ្ឋានទ័ព​នោះទេ ហើយ​រដ្ឋាភិបាល​ក៏​គ្មានអ្វី​លាក់បាំង​រឿងនេះ​ដែរ ។ ចំពោះ​ករណី​ទិញ​អាវុធ​ពី​ចិន​វិញ លោក ផៃ ស៊ី​ផាន បកស្រាយ​ថា សព្វាវុធ​របស់​ចិន វា​តម្លៃថោក​ជាង​អាវុធ​របស់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ទើប​តម្រូវ​ឲ្យ​កម្ពុជា​ប្រើប្រាស់​ខ្ទង់ចំណាយ​ថវិកា ឲ្យ​ស្របតាម​លទ្ធភាព​ខ្លួន ដែល​អាចធ្វើ​ទៅបាន​។ 
 
«​ហើយ​(​គេ​)​ថា​ដូចម្ដេច​បានជា​ទៅ​ទិញ​អាវុធ​ពី​ចិន ព្រោះថា​វា​ថោក​។ ពិភពលោក គេ​ទិញ​របស់​(​អាវុធ​)​ពី​ចិន​ដែរ​តើ​។ ប្រទេស​ចិន​លក់​(​សព្វាវុធ​)​ថោក​ជា​អឺរ៉ុប ខាង​រុស្ស៊ី​…​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា ការធ្វើ​ទំនើបកម្ម​សម្ភារៈ​យោធា​នេះ គឺ​អនុវត្ត​ស្របតាម​កាលៈទេសៈ​នៃ​ប្រទេស ដែល​លោក​អះអាងថា មាន​សន្តិភាព ហើយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម ឬ​បុគ្គល​ណា​បំផ្លាញ​សន្តិសុខ​ជាតិ ដែល​រដ្ឋាភិបាល​បាន​កសាង​មក​ឡើយ​។​
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ ទឹកប្រាក់​៤០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​សម្រេច​យកទៅ​ទិញ​អាវុធ​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកាជាតិ ដែល​សភា​បាន​អនុវត្ត​កន្លងមក​ឡើយ ពោល​គឺជា​ទឹកប្រាក់​ដែល​សល់​(​អតិរេក​) ពី​ការប្រមូល​ពន្ធគយ​ជាង​១០០​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​៕

Tag:
 ផៃ ស៊ី​ផាន​
  សន្តិសុខ​
  អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com