អន្តរជាតិ
លោក ត្រាំ ប្រកាស​ដាក់​ពន្ធ​១០​ភាគរយ​ទៀត​លើ​ទំនិញ​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​
02, Aug 2019 , 11:56 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែសីហា បានប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​។ បើតាម​លោក ត្រាំ ការដំឡើង​ពន្ធ​នេះ ជា​រឿង​ថ្មី មិនមែន​ជាការ​បូក​បន្ថែម​លើ​ពន្ធ​២៥​ភាគរយ​ដែល​ដំឡើង​ហើយ​ស្រេច​នោះទេ​។ គម្រោង​ដំឡើង​ពន្ធ​ដែល​ប្រកាស​តែមួយ​ថ្ងៃក្រោយ​ការចរចា​នៅ​សៀង​ហៃ​នេះ ទំនងជា​ដុត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ជាង​មួយឆ្នាំ​ហើយ​នោះ ព្រោះ​ចិន​ទំនង​មិន​នៅ​ស្ងៀម​ឡើយ​។​

 
​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ពន្ធ​នាំចូល​ចំនួន​១០​ភាគរយ នឹងត្រូវ​អនុវត្ត​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ដែល​មិនទាន់​រង​ការដំឡើង​ពន្ធ​ពីមុន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​នេះ បញ្ជាក់ថា ការដំឡើង​ពន្ធ​ខែក្រោយ មិន​រាប់បញ្ចូល​ទំនិញ​ចិន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​ដែល​កំពុង​ជាប់ពន្ធ​២៥​ភាគរយ​នោះឡើយ​។ គិត​ទាំង​មុន​ទាំងក្រោយ ទំនិញ​ចិន​សឹងតែ​ទាំងអស់​ទៅហើយ​ដែល​នាំចូល​ទីផ្សារ​អាមេរិក ត្រូវ​រង​ការដំឡើង​ពន្ធ​។​
 
​ទំនិញ​ចិន​ដែល​រង​ការដំឡើង​ពន្ធ​១០​ភាគរយ​នេះ ជា​ប្រភេទ​ទំនិញ​ដែល​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​។ ទំនិញ​ទាំងនោះ​មាន​ទូរ​សព្ទ​ដៃ រទេះរុញ​ដាក់​ទារក នាឡិកាដៃ និង​សម្ភារ​សម្រាប់​កុមារ​ជាដើម​។ គ្រាន់តែ​វិធានការ​ថ្មី​ប្រកាស​ភ្លាម ទីផ្សារ​ហ៊ុន​អាមេរិក​ក៏​ធ្លាក់ចុះ​ភ្លាម​ដែរ ប៉ុន្តែ​លោក ត្រាំ ថា វា​មិនមែន​រឿង​គួរ​ឲ្យ​បារម្ភ​ឡើយ​។ 
 
​ការប្រកាស​ដំឡើង​ពន្ធ​ដោយ​លោក ត្រាំ នេះ ធ្វើឡើង​ក្រោយ​មន្ត្រី​អាមេរិក និង​ចិន​បញ្ចប់​ការចរចា​ដើម្បី​រក​ច្រកចេញ​ជម្លោះ​ពាណិជ្ជកម្ម​។ ជំនួប​នៅ​សៀង​ហៃ ហាក់​មិន​ទទួលបាន​ផ្លែផ្កា​អ្វី​ទេ ប៉ុន្តែ​ភាគី​ទាំងពីរ​យល់ព្រម​ជួបគ្នា​ម្ដងទៀត​នៅ​ខែកញ្ញា​។ បើ​ធ្វើឡើង​តាម​ការព្រមព្រៀង​មែន ការចរចា​លើក​ក្រោយនេះ ត្រូវធ្វើឡើង​ក្រោយ​ការដំឡើង​ពន្ធ​១០​ភាគរយ​ខាងលើ​ចូល​ជា​ធរមាន​។ មាន​អ្នកខ្លះ​យល់ថា លោក ត្រាំ កំពុង​គំរាម​ចិន​ទុក​មុន​តែម្ដង​។​
 
​គម្រោង​ដំឡើង​ពន្ធ​១០​ភាគរយ​នេះ ជា​ដំណាក់កាល​ចុងក្រោយ ដោយ​លោក ត្រាំ ព្រលយ​ថា លោក​អាច​ដំឡើង​ថែមទៀត​។ ពី​សេត​វិមាន មេដឹកនាំ​អាមេរិក​រូបនេះ​បញ្ជាក់ថា ១០​ភាគរយ​នេះ សម្រាប់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់ពី​មក​លោក​អាច​បង្កើន ឬ​អាច​បន្ថយ​វិញ អាស្រ័យ​លើ​ដំណើការ​ចរចា​។ បើ​បង្កើន​ពន្ធ​នាំចូល​មែន លោក ត្រាំ គំរាមថា អាច​លើសពី​២៥​ភាគរយ​ទៀត​។ 
​មិនមាន​មូលហេតុ​ជាក់លាក់​អ្វី​ទាក់ទង​រឿងនេះ ប៉ុន្តែ​លោក ត្រាំ បង្ហាញ​ជំហរ​មិន​ពេញចិត្ត​ចំពោះ​ចិន​ដែល​មិន​គោរព​សម្ដី​។ លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ បញ្ជាក់ថា ប៉េកាំង​បាន​សន្យា​ទិញ​ផលិតផល​កសិកម្ម​ច្រើនៗ​ពី​អាមេរិក ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើតាម​សម្ដី​ឡើយ​។ លើសពីនោះ លោក ត្រាំ ក៏​មិនសូវ​ពេញចិត្ត​នឹង​ចិន​ដែល​មិនទាន់​បញ្ឈប់​ការ​នាំចូល​សារធាតុ Fentanyl ទៅ​អាមេរិក ទោះ​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​សន្យា​ក្ដី​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com