អន្តរជាតិ
ប្រមុខការទូតអាមេរិក ដៀមដាមចិនរឿងឲ្យលុយធ្វើផ្លូវនិងស្ពាន រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងប្រមុខការទូតចិន វ៉ាង យី នាជំនួបនៅបាងកក។ រូបភាព AFP
× មួយថ្ងៃក្រោយប្រាប់ប្រទេសអាស៊ានថា អាមេរិកគ្មានបំណងឲ្យមានការជ្រើសរើសរវាងខ្លួន និងចិននោះ ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ក៏និយាយរិះគន់ចិនខ្លាំងអំឡុងពេលស្នាក់នៅទីក្រុងបាងកកដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូ។ មិនឲ្យជ្រើសរើសអ្នកណាមែន តែលោក ប៉ុមប៉េអូ បែរជានិយាយលើកពីគុណសម្បត្តិនៃនយោបាយអាមេរិកនៅអាស៊ាន ហើយបានបង្អាប់គោលនយោបាយ និងសកម្មភាពចិនក្នុងតំបន់ទៅវិញ។
ដូចរាល់ឆ្នាំដែរ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនោះ បានក្លាយជាទីលានវាយប្រហារគ្នារវាងអាមេរិក និងចិន។ នាជំនួបឆ្នាំ២០១៩ នៅបាងកក ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ បាននិយាយវាយប្រហារចិនយ៉ាងខ្លាំងលើប្រធានបទជាច្រើន ពិសេសការពង្រីកឥទ្ធិពលចិនចូលក្នុងតំបន់មួយនេះ។ លោក ប៉ុមប៉េអូ ក៏បានប្រៀបធៀបរបៀបវិនិយោគរបស់អាមេរិកដែលបានជួយដោះស្រាយពិតប្រាកដ ជាមួយការវិនិយោគចិនផងដែរ។
នាវេទិកាមួយក្រៅជំនួបនៅបាងកកនៅថ្ងៃទី២ ខែសីហា លោក ប៉ុមប៉េអូ បានរំឭកពីសមិទ្ធផលនៃការចងសម្ព័ន្ធភាពជាមួយអាមេរិក និងការវិនិយោគរបស់អាមេរិកក្នុងតំបន់ដែលបានជួយឲ្យអាស៊ីដើរចេញពីភាពក្រីក្រ និងស្គាល់ការរីកចម្រើន ខណៈចិនអនុវត្តនយោបាយពាណិជ្ជកម្មជញ្ជក់ឈាមគេ និងបំពានសិទ្ធិមនុស្ស។ ប្រមុខការទូតអាមេរិករូបនេះជឿថា អាស៊ីនឹងរីកចម្រើនដោយសារការវិនិយោគរបស់ក្រុមហ៊ុនឯកជនអាមេរិកជាជាងការវិនិយោគដោយក្រុមហ៊ុនរដ្ឋតាមបែបចិន។
«ការវិនិយោគរបស់យើង មិនបម្រើរដ្ឋាភិបាល ឬបម្រើបក្សឡើយ។» នេះជាការបញ្ជាក់របស់លោក ប៉ុមប៉េអូ នៅចំពោះមុខអ្នកនយោបាយ និងអ្នកជំនួញជាច្រើន រួចក៏បន្តវាយប្រហារចិនលើការផ្ដល់កម្ចី ឬជំនួយនានាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ជាដើម។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះសង្កត់ធ្ងន់ថា យើងមិនធ្វើផ្លូវដើម្បីបំពានអធិបតេយ្យប្រទេសណាឡើយ ហើយក៏មិនផ្ដល់លុយដើម្បីសាងសង់ស្ពានក្នុងន័យទាក់ទាញភាពស្មោះត្រង់ពីអ្នកណាដែរ។
សម្ដីទាំងអម្ប៉ាលម៉ានរបស់លោក ប៉ុមប៉េអូ ហាក់ផ្ទុយពីការលើកឡើងក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី កាលពីម្សិលមិញ។ នៅថ្ងៃទី១ ខែសីហា លោក ប៉ុមប៉េអូ បានប្រាប់ប្រទេសសមាជិកអាស៊ាន កុំភ័យបារម្ភថា នឹងត្រូវជ្រើសរើសរវាងអាមេរិក និងចិន។ បើតាមមន្ត្រីរូបនេះ នយោបាយអាមេរិកនៅ មិនមែនជាល្បែងដែលនាំមកផលអវិជ្ជមានឡើយ ហើយរឿងបែបនេះក៏នឹងមិនកើតឡើងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ពាក្យរិះគន់របស់លោក ប៉ុមប៉េអូ កើតឡើងតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ ប្រកាសយកពន្ធ១០ភាគរយលើទំនិញចិនតម្លៃ៣០០ពាន់លានដុល្លារ។ ដូចជំហរអាមេរិករាល់ដងដែរ លោក ប៉ុមប៉េអូ ចោទប៉េកាំងថា អនុវត្តនយោបាយគាំពារនិយមដើម្បីផ្ដល់ការចំណេញឲ្យក្រុមហ៊ុនរបស់ខ្លួនក្នុងទីផ្សារសាកលលោក។ ជាមួយនឹងការដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនសន្ធឹកសន្ធាប់បែបនេះ លោលរដ្ឋមន្ត្រីការបរទេសអាមេរិកយល់ថា ចិនគួរតែបញ្ឈប់ទង្វើរបស់ខ្លួនហើយ៕
Tag:
អាមេរិក
ចិន
អាស៊ាន
Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com