អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក ដៀមដាម​ចិន​រឿង​ឲ្យ​លុយ​ធ្វើ​ផ្លូវ​និង​ស្ពាន​
02, Aug 2019 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងប្រមុខការទូតចិន វ៉ាង យី នាជំនួបនៅបាងកក។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងប្រមុខការទូតចិន វ៉ាង យី នាជំនួបនៅបាងកក។ រូបភាព AFP
​មួយថ្ងៃ​ក្រោយ​ប្រាប់​ប្រទេស​អាស៊ាន​ថា អាមេរិក​គ្មាន​បំណង​ឲ្យ​មានការ​ជ្រើសរើស​រវាង​ខ្លួន និង​ចិន​នោះ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​និយាយ​រិះគន់​ចិន​ខ្លាំង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក​ដើម្បី​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ដៃគូ​។ មិន​ឲ្យ​ជ្រើសរើស​អ្នកណា​មែន តែ​លោក ប៉ុ​ម​ប៉េ​អូ បែរជា​និយាយ​លើក​ពី​គុណសម្បត្តិ​នៃ​នយោបាយ​អាមេរិក​នៅ​អាស៊ាន ហើយ​បាន​បង្អាប់​គោលនយោបាយ និង​សកម្មភាព​ចិន​ក្នុង​តំបន់​ទៅវិញ​។​

 
​ដូច​រាល់​ឆ្នាំ​ដែរ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ដៃគូ​នោះ បានក្លាយ​ជាទី​លាន​វាយប្រហារ​គ្នា​រវាង​អាមេរិក និង​ចិន​។ នា​ជំនួប​ឆ្នាំ​២០១៩ នៅ​បាងកក ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​និយាយ​វាយប្រហារ​ចិន​យ៉ាងខ្លាំង​លើ​ប្រធានបទ​ជាច្រើន ពិសេស​ការពង្រីក​ឥទ្ធិពល​ចិន​ចូលក្នុង​តំបន់​មួយ​នេះ​។ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ប្រៀបធៀប​របៀប​វិនិយោគ​របស់​អាមេរិក​ដែល​បាន​ជួយ​ដោះស្រាយ​ពិតប្រាកដ ជាមួយ​ការវិនិយោគ​ចិន​ផងដែរ​។​
 
​នា​វេទិកា​មួយ​ក្រៅ​ជំនួប​នៅ​បាងកក​នៅ​ថ្ងៃទី​២ ខែសីហា លោក ប៉ុ​ម​ប៉េ​អូ បាន​រំឭក​ពី​សមិទ្ធផល​នៃ​ការ​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក និង​ការវិនិយោគ​របស់​អាមេរិក​ក្នុង​តំបន់​ដែល​បាន​ជួយ​ឲ្យ​អាស៊ី​ដើរ​ចេញពី​ភាពក្រីក្រ និង​ស្គាល់​ការរីកចម្រើន ខណៈ​ចិន​អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​ជញ្ជក់​ឈាម​គេ និង​បំពាន​សិទ្ធិមនុស្ស​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ជឿថា អាស៊ី​នឹង​រីកចម្រើន​ដោយសារ​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ឯកជន​អាមេរិក​ជាជាង​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​រដ្ឋ​តាមបែប​ចិន​។ 
 
«​ការវិនិយោគ​របស់​យើង មិន​បម្រើ​រដ្ឋាភិបាល ឬ​បម្រើ​បក្ស​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ុ​ម​ប៉េ​អូ នៅ​ចំពោះមុខ​អ្នកនយោបាយ និង​អ្នកជំនួញ​ជាច្រើន រួច​ក៏​បន្ត​វាយប្រហារ​ចិន​លើ​ការផ្ដល់​កម្ចី ឬ​ជំនួយ​នានា​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវថ្នល់​ជាដើម​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​សង្កត់ធ្ងន់ថា យើង​មិន​ធ្វើ​ផ្លូវ​ដើម្បី​បំពាន​អធិបតេយ្យ​ប្រទេស​ណា​ឡើយ ហើយក៏​មិន​ផ្ដល់​លុយ​ដើម្បី​សាងសង់​ស្ពាន​ក្នុងន័យ​ទាក់ទាញ​ភាពស្មោះត្រង់​ពី​អ្នកណា​ដែរ​។ 
 
​សម្ដី​ទាំង​អ​ម្ប៉ា​ល​ម៉ាន​របស់លោក ប៉ុ​ម​ប៉េ​អូ ហាក់​ផ្ទុយ​ពី​ការលើកឡើង​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី កាលពី​ម្សិលមិញ​។ នៅ​ថ្ងៃទី​១ ខែសីហា លោក ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​ប្រទេស​សមាជិក​អាស៊ាន កុំ​ភ័យ​បារម្ភ​ថា នឹងត្រូវ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន​។ បើតាម​មន្ត្រី​រូបនេះ នយោបាយ​អាមេរិក​នៅ មិនមែនជា​ល្បែង​ដែល​នាំមក​ផល​អវិជ្ជមាន​ឡើយ ហើយ​រឿង​បែបនេះ​ក៏​នឹងមិន​កើតឡើង​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ពាក្យរិះគន់​របស់លោក ប៉ុ​ម​ប៉េ​អូ  កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​យកពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​។ ដូច​ជំហរ​អាមេរិក​រាល់ដង​ដែរ លោក ប៉ុ​ម​ប៉េ​អូ ចោទ​ប៉េកាំង​ថា អនុវត្ត​នយោបាយ​គាំពារ​និយម​ដើម្បី​ផ្ដល់​ការ​ចំណេញ​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​ក្នុង​ទីផ្សារ​សាកលលោក​។ ជាមួយនឹង​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​សន្ធឹកសន្ធាប់​បែបនេះ លោ​ល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​យល់ថា ចិន​គួរតែបញ្ឈប់​ទង្វើ​របស់​ខ្លួន​ហើយ​៕

Tag:
 អាមេរិក​
  ចិន​
  អាស៊ាន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com