អូស្ត្រាលី​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​៥៥​លាន​ដុល្លារ​ជួយ​អាស៊ាន​ប្រឆាំង​ការជួញដូរ​មនុស្ស​
អន្តរជាតិ
អូស្ត្រាលី​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​៥៥​លាន​ដុល្លារ​ជួយ​អាស៊ាន​ប្រឆាំង​ការជួញដូរ​មនុស្ស​
02, Aug 2019 , 8:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​
 
​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ផ្តល់​ថវិកា ៥៥ លាន​ដុល្លារ​ដល់​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន សម្រាប់​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាសភាព​នេះដែរ​។​


 
​ជំនួយ​ហិរញ្ញវត្ថុ​អូស្ត្រាលី​មាន​ទំហំ ៥៥​លាន​ដុល្លារ​ដែល​ផ្តល់​ឲ្យ​តំបន់​អាស៊ី​អា​គ្នេ​ហ៍​ក្នុងការ​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​នេះ ត្រូវបាន​ផ្តល់​ឲ្យ​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​អូស្ត្រាលី​នៅ​ទីក្រុង​បាងកក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី លោកស្រី Marise Payne បាន​ថ្លែង​នា​កិច្ចប្រជុំ​នោះ​ថា កិច្ច​ហិរញ្ញវត្ថុ​នេះ​គឺ​ស្ថិតនៅក្នុង​គម្រោង​ដែលមាន​រយៈពេល​១០​ឆ្នាំ​។ បើតាម​លោកស្រី វា​មាន​រួមបញ្ចូល​ទាំង​ការផ្តល់​ការហ្វឹកហ្វឺន​ដល់​ប៉ូលិស​ដែលជា​ភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​អ្នកច្បាប់​ដូចជា​ចៅក្រម​ជាដើម​ដើម្បី​ធានា​ការស៊ើបអង្កេត​ពីបទ​ល្មើស​ជួញដូរ​មនុស្ស​។ 
 
​ប្រមុខ​ការទូត​អូស្ត្រាលី​រូបនេះ​បាន​បន្ថែមថា គម្រោង​គាំទ្រ​ពី​សំណាក់​អូស្ត្រាលី​នេះ​នឹង​ជួយ​ជំរុញអោយមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ ក៏ដូចជា​ចាប់ខ្លួន និង​ដាក់ទោស​បណ្តាញ​អ្នកជួញដូរ​មនុស្ស​ផង​។​
 
​រដ្ឋាភិបាល​អូស្ត្រាលី​ជឿជាក់ថា ជំនួញ​ហិរញ្ញវត្ថុ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបង្កើត​ដំណោះស្រាយ​ដែល​អាច​បញ្ចប់​ទាសភាព​សម័យ​ទំនើប ការបោកប្រាស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នៅក្នុង​តំបន់​ជាពិសេស​កម្មករ​មាន​ប្រាក់កម្រៃ​ទាប ក្មេង​មិនទាន់​គ្រប់​អាយុ និង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​ជាដើម​។​
 
​ជាធម្មតា កំណើន​តម្រូវការ​កម្លាំង​ពលកម្ម​ថោក ជាពិសេស​កម្មករ​ធ្វើការ​នេសាទ និង​កម្មករសំណង់ បាន​ជំរុញ​បណ្តាញ​ជួញដូរ​នេះ​អោយ​រីក​រាលដាល​ពេញ​តំបន់​។ ចំណែក​វិបត្តិ​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក៏​ក្លាយជា​ក្តីបារម្ភ​ដោយ​វា​អាច​ក្លាយជា​ប្រភព​ថ្មី​នៃ​ការជួញដូរ​មនុស្ស​ផង​។ 
 
​ក្នុង​ឆ្នាំ​២០១៧ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧​សែន​នាក់​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​។ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​ក៏បាន​ព្យាយាម​រត់ចេញ​ពី​ជំរំ​ជនភៀសខ្លួន​ទៅធ្វើជា​កម្មករ​នៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ហើយ​ខ្លះ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ផង​។ 
 
​បើតាម​ការលើកឡើងរ​បស់​លោកស្រី Payne អូស្ត្រាលី​ព្រួយបារម្ភ​ពី​បញ្ហា​នេះ  ហើយ​ក៏បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​រយៈពេល​វែង​តាមរយៈ​ការសហការ​ជាមួយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស ក៏ដូចជា​អាស៊ាន​ជារួម​ដែរ​។​
 
​សូមបញ្ជាក់ថា មនុស្ស​ជាង​២៥​លាន​នាក់​បាន​រងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​ខុសច្បាប់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បើ​យាម​របាយការណ៍​ស​ន្ទ​ស្សន៍​ទាសភាព​សាកល​ឆ្នាំ ២០១៦៕
 

Tag:
 អាស៊ាន​
  អូស្ត្រាលី​
  ការជួញដូរ​មនុស្ស​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com