អន្តរជាតិ
ចូល​វ័យ​១០៧​ឆ្នាំ លោកយាយ Signore ប្រាប់​អាថ៌កំបាំង​ថា បើ​ចង់​អាយុ​វែង «​កុំ​រៀបការ​»
03, Aug 2019 , 9:29 am        
រូបភាព
ដោយ:
​ស្ត្រី​ជនជាតិ​អាមេរិក ដែល​ទើបតែ​បាន​ប្រារព្ធ​ពិធី​ខួប​អាយុ ១០៧​ឆ្នាំ កាលពី​ថ្ងៃ​ពុធ​ទី ៣១ កក្កដា បាន​ចែករំលែក​អាថ៌កំបាំង​ថា បើ​ចង់​រស់នៅ​បានយូរ​អង្វែង ត្រូវ​នៅ​លីវ​។

 
​មាន​ទីលំនៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អា​េ​ម​រិ​ក លោកយាយ Louise Signore ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​ទទួលទាន​តែ​របប​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោកស្រី ជឿជាក់ថា ហេតុផល​ពិតប្រាកដ​ដែល​ធ្វើ​លោកស្រី​មាន​សុខភាព​ល្អ មាំមួន រយៈពេល​លើស​១​សតវត្សរ៍​មកនេះ ក៏​ព្រោះតែ​លោកស្រី ពុំ​ធ្លាប់មាន​ចំណងអាពាហ៍ពិពាហ៍​អ្វី​ឡើយ​។​
 
​ប្រា​ទូរទស្សន៍​អាមេរិក CNN លោកយាយ Signore បញ្ជាក់​បែបនេះ​៖«​ប្រសិនបើ ពួកគេ ធ្វើ​លំ​ហាត់ប្រាណ ខ្ញុំ​ក៏​ធ្វើ​លំ​ហាត់ប្រាណ​។ ប្រសិនបើ​ពួកគេ រាំរែក ខ្ញុំ​ក៏​រាំ​ដូចគ្នា​។ ឥឡូវនេះ ខ្ញុំ នៅតែ​អាច​រាំរែក​បន្តិចបន្តួច​ផងដែរ​។ ក្រោយពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច ខ្ញុំ​នឹង​លេងល្បែង Bingo ដូច្នេះ​ខ្ញុំ​មាន​ពេល​ពេញ​មួយថ្ងៃ​»​។ 
 
«​ខ្ញុំ គិតថា អា​ថ័​កំបាំង​នៃ​ការឈាន​ដល់​អាយុ ១០៧​ឆ្នាំ គឺ ខ្ញុំ​ពុំ​ធ្លាប់​រៀបការ​ឡើយ​។ ខ្ញុំ​គិតថា​វា​ជា​អា​ថ័​កំបាំង​។ ប្អូនស្រី​ខ្ញុំ ធ្លាប់​និយាយថា គាត់​ស្តាយ​ដែល​បាន​រៀបការ​»​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី Signore ។ យ៉ាងណាមិញ ប្អូនស្រី​របស់លោក​ស្រី មាន​អាយុ ១០២​ឆ្នាំ​។ តាម CNN ហេតុផល​នៃ​ការ​អាយុ​វែង​នេះ ប្រហែល​មកពី​គ្រួសារ​លោកស្រី​តែម្តង​។ 
 
​សូមបញ្ជាក់ថា ខួបកំណើត​របស់លោក​ស្រី ឈានចូល​វ័យ ១០៧​ឆ្នាំ បានធ្វើ​ឡើង​ក្នុង​មជ្ឍមណ្ឌល​សហគមន៍​មួយកន្លែង​ឈ្មោះថា Bartow ក្នុង​ទីក្រុង ញូវយ៉ក ។ មនុស្ស​ជាង ១០០​នាក់ បាន​ចូលរួម​កម្មវិធី​នេះ​។ បច្ចុប្បន្ន លោកស្រី Alelia Murphy អាយុ ១១៤ កាន់កាប់​កំណត់ត្រា​ពិភពលោក ជា​ស្ត្រី​ចំណាស់​ជាងគេ​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។ លោកស្រី Murphy រស់នៅក្នុង Harlem ទីក្រុង ញូវយ៉ក ៕

Tag:
 សហរដ្ឋអាមេរិក​
  ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com