កីឡាជាតិ
ជាតិ
លោក ហៅ សុជាតិ​៖ បឹងកេត​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ប្រជែង​ពាន​សម្តេច ហ៊ុន សែន ឆ្នាំនេះ​
03, Aug 2019 , 10:29 am        
រូបភាព
ដោយ:
​ក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៧ ក្លិប​បឹងកេត​មិនដែល​ឈ្នះ​ជើងឯក​នោះទេ ពោលគឺ​ពួកគេ​បាន​ត្រឹម​ចំណាត់​លេខ​៣ និង​លេខ​៤​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ នេះ បឹងកេត​ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។ អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​រំពឹង​បែបនេះ គឺ​សំអាង​លើ​ភាពចាស់ទុំ​ផ្នែក​បទពិសោធ​លើ​ទីលាន​ប្រកួត​របស់​កីឡាករ​យុវជន និង​វត្តមាន​ចូលរួម​របស់ ចាន់ វឌ្ឍនាកា​។ បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។

 
​ភាពចាស់ទុំ​ផ្នែក​ទំនុកចិត្ត និង​បទពិសោធ​ប្រកួត​លើ​ទីលាន​របស់​កីឡាករ​ធ្វើ​ឲ្យ​ក្លិប​បឹងកេត​ជឿជាក់ថា ពួកគេ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជាមួយ​បណ្តា​ក្លិប​នានា ដើម្បី​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់​រស់ជាតិ​លើក​ពាន​សូម្បី​មួយ​លើក​។ វត្តមាន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបាន​គ្រូបង្វឹក​បឹងកេត​លោក ហៅ សុជាតិ រំពឹងថា នឹងធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​កាន់​តែមាន​គុណភាព​ខ្ពស់​។   


លោក ហៅ សុជាតិ ពេលចូលរួមចាប់ឆ្នោតការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ 

​លោក ហៅ សុជាតិ បង្ហាញ​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា កីឡាករ​បឹងកេត​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ប្រជែង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំនេះ ដោយសារ​កីឡាករ​យុវជន​យើង​កន្លងមក គាត់​ចាប់ផ្តើម​មាន​ទំនុកចិត្ត និង​បទពិសោធ ហើយ​មកទល់​ពេល​យើង​ឃើញ​កម្រិត​នៃ​ការលេង​របស់គាត់​មានការ​រីកចម្រើន​ច្រើន​។ ម្យ៉ាង​ការចូលរួម​របស់ វឌ្ឍនាកា ខ្ញុំ​គិតថា ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​យើង​មានលទ្ធភាព​ប្រយុទ្ធ​កាន់តែ​ខ្ពស់​»​។​
 
​សម្រាប់​ការចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​សូល​ទី​ឡូ​អង្គរ បន្ទាប់ពី​ពួកគេ​ទម្លាក់​សៀមរាប​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៩-០ ខណៈ​សូល​ទី​ឡូ​អង្គរ​ទម្លាក់​រតនគិរី ២៥-៦​។ ការប្រកួត​ជើង​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​១៣-១៤ ខែសីហា និង​ជើង​ទី​២​នៅ​ថ្ងៃទី​២១-២២ សីហា​។​
 
​ទោះបី​សូល​ទី​ឡូ​អង្គរ​ជា​សមាជិក​ថ្មី និង​ទើប​ឡើងដល់​វគ្គ​១/៤​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើកដំបូង តែ​លោក ហៅ សុជាតិ ជឿជាក់ថា កីឡាករ​ពួកគេ​អាចមាន​ទំនុកចិត្ត និង​ឆន្ទៈ​ខ្លាំង​ក្នុងការ​ប្រកួត ដែល​អាច​នាំ​ការលំបាក​ដល់​ក្រុម​លោក​។ តែ​យ៉ាងណា លោក ហៅ សុជាតិ ប្តេជ្ញា​ខិតខំ​រៀបចំ​ក្រុម​ឲ្យ​បានល្អ ដោយ​មិន​ខ្វល់​ពី​សមត្ថភាព​របស់​គូប្រកួត​។     
 
​លោក ហៅ សុជាតិ បានបង្ហាញ​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​សូល​ទី​ឡូ​អង្គរ​មាន​យុវជន​ច្រើន ហើយដោយ​សារ​គាត់​ទើប​ឡើងដល់​វគ្គ​នេះ​ជា​លើកដំបូង កីឡាករ​គាត់​ភាគច្រើន​មាន​ទំនុកចិត្ត និង​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រជែង ដូច្នេះ​ខ្ញុំ​គិតថា សូល​ទី​ឡូ​អង្គរ​មិនមែនជា​ក្រុម​ងាយស្រួល​សម្រាប់​យើង​យកជ័យ​ជម្នះ​»​។ 
 
​តាំងពី​ពានរង្វាន់​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ បឹងកេត​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ម្តង​នៅ​ឆ្នាំ​២០១៤ និង​លេខ​៤​ម្តង​នៅ​ឆ្នាំ​២០១៧ ដោយ​ពួកគេ​ពុំ​ធ្លាប់​ឈ្នះ​ជើងឯក​នោះឡើយ​។ កត្តា​នេះ បានធ្វើ​ឲ្យ​បឹងកេត​មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​ដណ្តើមពាន​នៅ​ឆ្នាំនេះ​៕    
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  ហៅ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com