ឆ្នេរ​អូរ​ឈើទាល កំពុង​ក្លាយជា​កន្លែង​បំពុល​សុខភាព​ដោយសារ​កន្ទុយបារី​?
ជាតិ
សង្គមជាតិ
ឆ្នេរ​អូរ​ឈើទាល កំពុង​ក្លាយជា​កន្លែង​បំពុល​សុខភាព​ដោយសារ​កន្ទុយបារី​?
02, Aug 2019 , 8:19 pm        
រូបភាព
កន្ទុយបារីនៅឆ្នេរអូរឈើទាល (រូបភាព ផ្តល់ដោយលោក សាន ដារ៉ាវីត )
កន្ទុយបារីនៅឆ្នេរអូរឈើទាល (រូបភាព ផ្តល់ដោយលោក សាន ដារ៉ាវីត )
​ភ្នំពេញ​៖  ថ្មីៗ​នេះ មាន​យុវជន​មួយក្រុម​ពី​រាជធានី​ភ្នំពេញ រើស​កន្ទុយបារី​បាន​ជិត​១​ម៉ឺន​កន្ទុយ នៅក្នុង​បរិវេណ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ​។ មូល​ហេតុដែល​ក្រុមយុវជន​ទាំងនោះ នាំគ្នា​ប្រមូល​កន្ទុយបារី​នេះ ដោយសារ​ពួកគេ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន រួមទាំង​ជីវចម្រុះ​ក្នុង​ទឹក​។​សម្រាប់​អ្នកជំនាញ ក៏​ព្រមាន​ពី​ហានិភ័យ​នៃ​កន្ទុយបារី​នេះ ដែល​ធ្វើឱ្យ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្លាយទៅជា​កន្លែង​បំពុល​សុខភាព​នា​ថ្ងៃ​អនាគត​ផងដែរ​។​

 
​ត្រឹមតែ​រយៈពេល​២​សប្ដាហ៍​ប៉ុណ្ណោះ ក្រុមយុវជន​សំរាម បាន​ប្រមូល​កន្ទុយបារី​ប្រមាណ​១​ម៉ឺន​ដើម​ហើយ ។ ពួកគេ​បាន​ចំណាយពេល​តែ​ពីរ​ថ្ងៃ​នៃ​ចុង​សប្ដាហ៍​ខ្លួន ទៅ​ប្រមូល​កន្ទុយបារី​ទាំងនោះ ដោយ​ពួកគេ​ជឿជាក់ថា​នឹង​ប្រមូលបាន​កន្ទុយបារី​១​លាន​ដើម​ក្នុងពេល​ឆាប់ៗ​នេះ ប្រសិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ទៅ​រើស​កន្ទុយបារី​ទាំងនោះ​។ យុវជន សាន ដា​រ៉ា​វីត ដែល​ដឹកនាំ​ក្រុមការងារ​ទៅ​រើស​កន្ទុយបារី​នៅ​ឆ្នេរ​អូរ​ឈើទាល​នេះ  បា​និយាយថា កន្ទុយបារី​ជា​សារធាតុ​មិន​រលាយ និង​មាន​ក្លិន​មិនល្អ ដែល​វា​នឹង​ធ្វើឱ្យ​ខូច​សោភ័ណភាព​ដ៏​ស្រស់ស្អាត​នៃ​ឆ្នេរសមុទ្រ​។ លើសពីនេះ លោក​បារម្ភ​ខ្លាច​កន្ទុយបារី​ទាំងនោះ​ហូរ​ចូល​ទឹកសមុទ្រ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវចម្រុះ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​ចុះ​លេង​ទឹកសមុទ្រ​ផងដែរ​។​


កន្ទុយ​បារី​នៅ​តាម​ឆ្នេរអូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ ដែលក្រុម​យុវជនសំរាមប្រមូលបាន​​
 
​លោក ស៊ា សុផល ក៏​យល់ឃើញ​ដូច​យុវជន សាន ដា​រ៉ា​វីត ដែរ​។ ប្រធាន​អង្គការ  NGO2 BambooShoot Foundation បាន​និយាយថា កន្ទុយបារី​ជា​ប្រភេទ​សំរាម​ដែលមាន​សារធាតុ​គីមី ដូចនឹង​សារធាតុ​បា្ល​ស្ទិ​ក ដែរ ហើយ​បង្ក​ផលប៉ះពាល់​ដល់​បរិយាកាស​រយៈពេល​វែង​។ 
 
«​កាលណា​កន្ទុយបារី​ហូរ​ចូលក្នុង​ទឹក សារធាតុ​គីមី​នោះ​នឹង​បំ​លែងខ្លួន​ទៅជា​ស្លែង ដែល​គ្មាន​ក្លិន​ជា​បារី​ទៀត ធ្វើឱ្យ​សត្វត្រីស៊ី​ជា​ចំណី ហើយ​ត្រី​ដែល​ស៊ី​ស្លែង​នោះ នឹង​ចាប់ផ្តើម​ពុល​ទៅតាម​កម្រិត​​ស្លែង​ដែលវាស៊ី​»​។   នេះ​ជាការ​លើកឡើង​របស់លោក ស៊ា សុផល ដែល​បាន​បន្ថែមថា ជាតិពុល​នៃ​បារី​នេះ នឹង​បង្កឱ្យមាន​ជំងឺមហារីក​កម្រិតធ្ងន់ ប៉ះពាល់​ផ្លូវដង្ហើម បេះដូង និង​ការបង្ក​កំណើត​របស់​ទារក​ជាដើម​។​
 
​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​កន្ទុយបារី​នេះ លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​និយាយថា ទីសាធារណៈ ពិសេស​តំបន់​ឆ្នេរសមុទ្រ មិនគួរ​ឱ្យមាន​អ្នក​ជក់បារី​ដាច់ខាត ព្រោះ​វា​ជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​សម្រាកលំហែ​កាយ ពោលគឺ​មិនមែនជា​កន្លែង​ស្រូប​ផ្សែង​បារី​នោះទេ​។ 


លោក ស៊ា​ សុផល ប្រធានអង្គការ NG02 BambooShoot Foundation
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អ្នក​ស្រូប​ផ្សែង​បារី គឺ​ទទួលរង​ផលប៉ះពាល់​ដូច​អ្នក​ជក់បារី អ៊ីចឹង​! គ្រាន់តែ​ថា​ផលប៉ះពាល់​ទាំងនោះ គឺ​តិចជាង​អ្នក​ជក់បារី ដោយសារ​ពួកគាត់​(​ភ្ញៀវទេសចរ​)​មិន​ស្រូប​ផ្សែង​បារី​ជាប្រចាំ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ជា​អ្នក​ជក់​ឬ​មិន​ជក់បារី​ម្នាក់ មិនគួរ​ប្រថុយ​ឬ​ទៅ​រងគ្រោះ​ដោយសារ​ផ្សែង​បារី​អ្នកដទៃ​ទេ ។​ជាពិសេស​នៅពេលដែល​ប្រទេស​កម្ពុជា យើង​មានច្បាប់​ហាមឃាត់​ការជក់បារី​នៅតាម​ទីសាធារណៈ មួយចំនួន​ត្រូវ​ហាមឃាត់​ទៅហើយនោះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​មិនគួរ​រងគ្រោះ​ដោយសារ​រឿង​ហ្នឹង​ទៀត​ទេ​»​។ 
 
​បើតាម​វេជ្ជបណ្ឌិត​រូបនេះ ជំងឺ​នានា​កើតឡើង​ពី​ការជក់បារី ឬ​ការ​ស្រូប​ផ្សែង​បារី ដែល​បង្កឱ្យមាន​អ្នកស្លាប់ មាន​ជំងឺ​ហើម​សួត​, ជំងឺមហារីក​សួត​, ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​, ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​បេះដូង​ជាដើម​។​
 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សុំ​មិន​អត្ថាធិប្បាយ​លើ​ករណី​កន្ទុយបារី​នៅ​តំបន់​នេះឡើយ ដោយ​ស្នើ​ឲ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន បកស្រាយ​លើ​ករណី​កន្ទុយបារី​នៅ​តំបន់ឆ្នេរ​សមុទ្រ​នេះ​។ 
​ជុំវិញ​បញ្ហា​នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏​ទទួលស្គាល់​ពី​ផលប៉ះពាល់​នៃ​កន្ទុយបារី ដែល​ធ្វើឱ្យ​ខូចគុណភាព​ខ្សាច់ និង​គុណភាព​ទឹក​សុ​មុ​ទ្រ​ផងដែរ​។ លោក ឃាង ភា​រុំ បាន​គាំទ្រ​ចំពោះ​សកម្មភាព​របស់​យុវជន​ក្នុង​ការប្រមូល​សំរាម និង​កន្ទុយ​នៅ​ឆ្នេរ​អូរ​ឈើទាល និង​តំបន់​ផ្សេងទៀត​ក្នុង​ខេត្ត​ព្រះសីហនុ​។  ប៉ុន្តែ​លោក ភា​រុំ អះអាងថា អាជ្ញាធរ​ក៏បាន​យកចិត្តទុកដាក់​ប្រមូល​សំរាម​នៅ​តំបន់ឆ្នេរ​ដែរ តែដោយសារ​កន្ទុយបារី​ជា​ប្រភេទ​សំរាម​តូច​ល្អិត​នោះ ទើប​ធ្វើឱ្យ​អ្នក​សម្អាត​បរិស្ថាន ប្រមូល​មិនបាន​អស់​ដូច្នេះ​។ 


នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា
 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ឧទាហរណ៍​អ្នកប្រមូល​សំរាម​មាន​ចំនួន​២០០​នាក់ ប៉ុន្តែ​អ្នក​ចោល​សំរាម​មាន​រាប់ម៉ឺន​នាក់ អ៊ីចឹង​ការ​គ្រប់​គ្រង់​សំរាម​ដែល​ចេញពី​អ្នកប្រើប្រាស់​ហ្នឹង គឺ​អ្នកប្រមូល​សំរាម​គាត់​មិនអាច​គ្រប់គ្រង​ការ​វេច​ខ្ចប់​បាន​ត្រឹមត្រូវ​ទាំងអស់​ទេ​។ អ៊ីចឹង​វា​ត្រូវឱ្យ​វា​រ៉ា​យ​ប៉ោយ​នៅតាម​ទីសាធារណៈ​! ចឹ​ង​យើង​ពិបាក​ដែរ ដែល​តម្រូវឱ្យ​ពួកគាត់​ប្រមូល​សំរាម​ឱ្យបាន​ស្អាត គឺ​វា​ពិបាក​មែនទែន​... ។​ធម្មតា​យើង​មើល​ទៅលើ​សកម្មភាព​ជាក់ស្តែង សំរាម​ដែល​យើង​ច្បាម​យក​គឺ​បានតែ​របស់​ធំៗ អ៊ីចឹង​ទេ​សំរាម​ដែលមាន​រូបរាង​ល្អិត គឺ​នឹង​មាននៅ​ទីសាធារណៈ​ខ្លះ​មិន​ខាន​។ ខ្ញុំ​និយាយ​បែបនេះ មិនមែន​មានន័យថា​ខ្ញុំ​ដាក់បន្ទុក​ខាង​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ទាមទារ​ឱ្យ​យើង​ចូលរួម​ទាំងអស់ »​។ 
 
​ត្រង់ចំណុច​នេះ​លោក សុផល មើលឃើញថា កម្ពុជា មានច្បាប់​ហាមឃាត់​ការជក់បារី​នៅតាម​ទីសាធារណៈ ប៉ុន្តែ​ពុំបាន​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង ទើប​ធ្វើឱ្យ​តំបន់ឆ្នេរ​អូរ​ឈើទាល កំពុង​ក្លាយទៅជា​កន្លែង​បំពុល​សុខភាព ដោយសារ​កាកសំណល់​ក​ន្ទុ​យ​បារី ។ ជាក់ស្ដែង​ក្រុមយុវជន​ប្រមូលបាន​កន្ទុយបារី​ខ្លះ ហើយ​ក៏មាន​កន្ទុយបារី​ចំនួន​ទៀត បាន​ហូរ​ចូលក្នុង​សមុទ្រ តាមរយៈ​ខ្យល់​ឬ​ទឹករលក​។ 
 
​ប្រធាន​អង្គការ  NGO2 BambooShoot Foundation រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ « តំបន់ឆ្នេរ​អូរ​ឈើទាល ក៏​ដូច​តំបន់ឆ្នេរ​ផ្សេងៗ​ទៀត ជា​កន្លែង​ដែល​មនុស្ស​អង្គុយលេង ដេក​ស្រូបខ្យល់​បរិសុទ្ធ ហេតុអ្វី​ឱ្យ​អ្នក​នៅ​ទីនោះ និង​ភ្ញៀវ​ទេសចរណ៍ មក​ដេក​ស្រូប​ផ្សែង​បារី​ដែល​បំផ្លាញ​សុខភាព​ទៅវិញ​។ យើង​មានច្បាប់​ហាមឃាត់​ជក់បារី​ហើយ យើង​គួរ​ណាស់​យក​ច្បាប់​នោះមក​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ទោះបី​យើង​មិន​យក​ច្បាប់​នោះមក​ផាកពិន័យ​ក៏ដោយ ប៉ុន្តែ​យើង​ត្រូវបង្កើត​បទ​បញ្ញា​ត្តិ ឬ​គោលការណ៍​ណាមួយ​តម្រូវឱ្យ​អ្នក​មក​តំបន់​សមុទ្រ ដាច់ខាត​មិនឱ្យ​ជក់បារី ប្រសិនបើ​យើង​មិន​ចង់ឱ្យមាន​កន្ទុយបារី​តំបន់​នោះ​»​។​


សកម្ម​ភាពរើស​កន្ទុយ​បារី​នៅ​តាម​ឆ្នេរអូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ របស់ក្រុម​យុវជនសំរាម​​
 
​នៅពេល​សួរថា តើ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​បន្ថែម​បែបណា លើ​ជក់បារី​តំបន់ឆ្នេរ​សមុទ្រ ដើម្បី​រក្សា​ការពារ​សោ​ភណ្ឌ​ភាព​ឆ្នេរ​? ជាការ​ឆ្លើយតប​លោក ឃាង ភា​រុំ បាន​និយាយថា កិច្ចការ​ទប់ស្កាត់​ការជក់បារី​នៅតាម​តំបន់ឆ្នេរ​នេះ វា​ត្រូវ​ការចេញ​សេចក្តីសម្រេច​ពី​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ ពោលគឺ​អាជ្ញាធរខេត្ត​មិនអាច​ចេញ​សេចក្តីសម្រេច​តែ​ឯកឯង​បានទេ​។​
 
​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖«​ចំពោះ​ការចាត់វិធានការ​តឹងរ៉ឹង​ផ្សេង​លើ​អ្នក​ជក់បារី​នៅ​ឆ្នេរ​អូរ​ឈើទាល​នេះ​ផ្ទាល់ យើង​ត្រូវ​ដឹងថា ម្ទា​ស់​គ្រប់គ្រង​ករណី​មិនមែន​ធ្វើឡើង​ដោយ​អាជ្ញាធរខេត្ត​នោះទេ​។ ម្ចាស់​គ្រប់​គ្រង់​លើ​បារី យើង​ត្រូវ​ដឹងថា​ស្ថាប័ន​ណា​ដែល​ពាក់ព័ន្ធ​ខ្លាំង គឺ​ក្រសួងសុខាភិបាល ដែលជា​អ្នក​តាំង​តែង​ច្បាប់ បម្រាម  និង​រៀបចំ​បទបញ្ញត្តិ​ផ្សេងៗ​នៃ​ការជក់បារី​ហ្នឹង គឺ​បាន​ហាមឃាត់​ហើយ ប៉ុន្តែ​គ្រាន់តែ​កន្លែង​ខ្លះ​ការផ្សព្វផ្សាយ​នៅមានកម្រិត​...! ចឹ​ង​ប្រសិនបើ​អាជ្ញាធរខេត្ត​ចុះទៅ​អនុវត្ត​ការងារ​ហ្នឹង ទាល់​តែមាន​ម្ចាស់​គ្រប់គ្រង​ករណី​ចូលរួម​ដែរ មានន័យថា​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម ទើប​យើង​ធ្វើបាន​ទាំងអស់គ្នា​»​។​


សកម្ម​ភាពរើស​កន្ទុយ​បារី​នៅ​តាម​ឆ្នេរអូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ របស់ក្រុម​យុវជនសំរាម​​
 
«​ប៉ុន្តែ​ខ្ញុំ​គិតថា យើង​មិនអាច​ប​ឈ្ឈ​ប់​គាត់​មិនឱ្យ​ជក់បារី​នោះទេ ។​តែ​យើង​អាច​ចាប់ខ្លួន​ផាកពិន័យ​បាន ប្រសិនបើ​ស្ថិតក្នុង​កន្លែង​ហាមឃាត់  តែ​(​កន្លងមក​)​គ្មាន​ប្រសិទ្ធភាព​នោះទេ​។ ចឹ​ង​អ្វីដែល​ខ្ញុំ​គិត​ពេលនេះ យើង​មានតែ​អប់រំ​ណែនាំ​ពួកគាត់ ឱ្យ​យល់​អំពី​ការជក់បារី បានធ្វើ​ទៅ​មាន​ប្រសិទ្ធភាព​»​។  នេះ​ជាការ​បន្ថែម​របស់លោក ឃាង ភា​រុំ​។​
 
​កន្លងមក​ក្រសួងសុខាភិបាល​បានអនុម័ត​ច្បាប់ ដោយមាន​ការចូលរួម​ពី​អន្តរក្រសួង រួម​ទាង​ក្រសួងទេសចរណ៍ ក្នុង​ការហាម​មិនឱ្យ​មានការ​ជក់បារី​នៅតាម​សាធារណៈ​ណាមួយ​ឡើយ ។ ប៉ុន្តែ​ច្បាប់​នោះ ពុំបាន​អនុវត្ត​ឱ្យមាន​ការផាកពិន័យ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក តុ​ប សុ​ភ័​ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ដែល​បន្ថែមថា អន្តរក្រសួង​កំពុង​ពិចារណា​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង់​ថ្នាំជក់ ក្នុងការ​ផាកពិន័យ​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់​។​
 
«​ហើយ​ថ្មីៗ​នេះ យើង​កំពុង​ពិភាក្សា និង​ចេញប្រកាស​អនុវត្ត​ច្បាប់​រួមមួយ​នៃ​អន្តរក្រសួង​នាពេល​មុខ ដើម្បី​អនុវត្ត​ក្នុងការ​ផាកពិន័យ​ទៅលើ​អ្នក​ជក់បារី​នៅតាម​ទីសាធារណៈ​ផ្សេងៗ​។  ប្រកាស​រួម​ដែល​អនុវត្ត​ទៅលើ​អ្នក​ជក់បារី នឹង​ចេញ​ដោយ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច ក្រសួងទេសចរណ៍ និង​ក្រសួងមហាផ្ទៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តុ​ប សុ​ភ័​ក ដែល​មិន​គាំទ្រ​ឲ្យ​មានការ​ជក់បារី​នៅតាម​សាធារណៈ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូ​ល​ឈើទាល ដែលជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ធំជាងគេ​ក្នុង​ខេត្ត​ព្រះសីហនុ​ឡើយ​។​


សកម្ម​ភាពរើស​កន្ទុយ​បារី​នៅ​តាម​ឆ្នេរអូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ របស់ក្រុម​យុវជនសំរាម​​
 
​បើតាម លោក តុ​ប សុ​ភ័​ក កន្លងមក ក្រសួងទេសចរណ៍​ក៏បាន​ណែនាំ​ដល់​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ មិនត្រូវ​ឱ្យ​ភ្ញៀវ​ស្នាក់នៅ​ជក់បារី​នោះទេ​។ ប៉ុន្តែ​ក្នុងករណី​មាន​អ្នក​ជក់ ម្ចាស់​អា​ជី​កម្ម​ទេសចរណ៍​ទាំងនោះ ត្រូវ​រៀបចំ​កន្លែង​ផ្សេង​សម្រាប់​ភ្ញៀវ​ជក់បារី ដែល​មិន​ប៉ះពាល់​អ្នកដទៃ​ផងដែរ​។ 
 
​អង្គការ​អភិរក្ស​មហាសមុទ្រ​(The NGO Ocean Conservancy) បានចេញ​ផ្សាយ​របាយការណ៍​ថា បារី​បាន​ក្លាយជា​របស់​ដែល​ប្រមូលបាន​ច្រើនជាងគេ​នៅលើ​ឆ្នេរ​ខ្សាច់​ពិភពលោក ដោយ​ប្រមូលបាន​ជាង​៦០​លាន​កន្ទុយ​តាំងពី​ឆ្នាំ ១៩៨៦ ។ តាម​ការប៉ាន់ស្មាន ក្នុង​មួយឆ្នាំៗ មាន​កន្ទុយបារី​ប្រហែល ៤,៥ ពាន់​លាន​កន្ទុយ ត្រូវបាន​គេ​បោះចោល​ទូទាំង​ពិភពលោក​។ 
 
​ដោយឡែក​ការសិក្សា​មួយទៀត ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Anglia Ruskin នៅ​ប្រទេស​អង់គ្លេស បាន​បង្ហាញថា បារី​ដែល​បោះចោល​លើ​ស្មៅ ឬ​នៅ​លើដី អាច​បណ្តាលឱ្យ​ការលូតលាស់​របស់​រុក្ខជាតិ​នោះ​ក្រិន​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា​ទោះបីជា​កន្ទុយបារី​អាច​បំ​លែង​បាន ដោយសារ​តម្រង​បារី ផ្សំ​ឡើង​ដោយសារ​ធាតុ​អា​សេ​តា​ល្យូ​ម​រាប់ពាន់ ដែល​ចំណាយពេល​រាប់​ឆ្នាំ ដើម្បី​បំបាត់​សារជាតិ​គីមី​នេះ​ពី​បរិស្ថាន​៕ 

Tag:
 បារី​
  ឆ្នេរ​
  សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com