ជាតិ
សង្គមជាតិ
ពលរដ្ឋថា កណ្តូប ធ្លាក់ថ្លៃពី៤ម៉ឺន មកត្រឹម២ម៉ឺនរៀល ក្នុង១គីឡូក្រាម
× ប្រជាពលរដ្ឋដែលប្រកបរបរចាប់កណ្ដូបលក់ បានឲ្យដឹងថា តម្លៃកណ្ដូបក្នុងឆ្នាំ២០១៩នេះ បានធ្លាក់ថ្លៃជាឆ្នាំមុនៗ។ ឆ្នាំមុន ឈ្មួញហ៊ានទិញកណ្ដូបដែលពួកគេរកបានក្នុងមួយគីឡូ ៤ម៉ឺនរៀល ប៉ុន្តែឆ្នាំនេះបានត្រឹម ២ម៉ឺនរៀនប៉ុណ្ណោះ។
លោក សាវ៉ន ប្រជាពលរដ្ឋចាប់កណ្ដូបម្នាក់ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា តម្លៃកណ្ដូបក្នុងឆ្នាំនេះ មិនទទួលបានតម្លៃថ្លៃដូចឆ្នាំមុនៗទេ ដែលក្នុងមួយគីឡូក្រាមបានត្រឹម២ម៉ឺនរៀលប៉ុណ្ណោះ។ លោកបន្តថា កាលពីឆ្នាំ២០១៧ និង ២០១៨ កណ្ដូបមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
លោកឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំរបស់លោក បានប្រកបរបរចាប់កណ្ដូបនេះ បន្ថែមលើមុខរបរធ្វើស្រែចម្ការរបស់ពួកគេ ក្រោយមានហ៊ុនមួយចំនួនទៅវិនិយោគដាំអំពៅ។ លោកបាននិយាយថា៖«ក្រោយពីក្រុមហ៊ុនចុះទៅដាំអំពៅ យើងមិនមានមុខរបរអ្វី ហើយមានគេមករកទិញកណ្ដូប បងប្អូនខ្លះក៏ទៅចាប់កណ្ដូប»។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋបានចេញទៅចាប់កណ្ដូបនៅតាមចម្ការអំពៅនានាដែលមាននៅក្នុងឃុំ ចាប់ពីម៉ោង៦ កន្លះយប់ រហូតដល់ពាក់កណ្ដាល់អធ្រាត្រ។ ប្រជាពលរដ្ឋម្នាក់អាចចាប់កណ្ដូបបានក្នុងចន្លោះពី១ ឬ ២គីឡូក្រាម ឬច្រើនជាងនេះ ក្នុងមួយយប់ ហើយមានឈ្មួញកណ្ដាលជាអ្នកចាំទទួលទិញកណ្ដូបទាំងនោះ។
លោកបាននិយាយថា៖«យើងលក់ទៅឲ្យឈ្មួញកណ្ដាល ដែលគាត់មកទិញដល់កន្លែងតែម្តង តម្លៃមានការប្រែប្រួល គាត់ទិញពីយើងហើយគាត់យកទៅលក់បន្តទៀត។ ហើយអ្នកទិញថាយកទៅលក់នៅប្រទេសថៃ»។
លោកបានឲ្យដឹងទៀតថា ចំពោះរដូវកាលនៃការចាប់កណ្ដូបមានប្រមាណ ២ ឬ៣ ខែប៉ុណ្ណោះ (ពីខែមិថុនា ដល់ ខែសីហា)៕
© រក្សាសិទ្ធិដោយ thmeythmey.com