ជាតិ
សង្គមជាតិ
ជប៉ុនផ្ដល់ជំនួយជាង៣១ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់កុមារពិការក្នុងប្រព័ន្ធអប់រំ
02, Aug 2019 , 10:30 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយប្រមាណ ៣១ ម៉ឺនដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន AAR Japan ដើម្បីលើកកម្ពស់កុមារពិការក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ ពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះ ធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២ សីហានេះ។



គម្រោងទឹកប្រាក់ប្រមាណ៣១ ម៉ឺនដុល្លារនេះ នឹងជួយដល់កុមារពិការកម្រិតធ្ងន់ ឲ្យទទួលឱកាសក្នុងការអប់រំ ជាមួយកុមារធម្មតា រួមទាំងការសាងសង់មជ្ឈមណ្ឌលបង្គោល ដើម្បីជួយគាំទ្រគ្រូបង្រៀនតាមសាលា ក្នុងមូលដ្ឋានជាប្រចាំផងដែរ។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាប្រមាណ៣១ ម៉ឺនដុល្លារ ដល់អង្គការ AAR Japan។ អង្គការនេះ នឹងលើកកម្ពស់ការអប់រំបរិយាបន្ន នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះ នឹងអាចឲ្យកុមាររៀន ដោយមិនគិតពីពិការភាព និងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះ ខ្ញុំរំពឹងថា ប្រជាជននឹងយល់ពីតម្លៃនៃការអប់រំបរិយាបន្ន កាន់តែស៊ីជម្រៅហើយ បរិយាកាសសិក្សាសម្រាប់សិស្ស ដែលមានពិការភាពនៅកម្ពុជា នឹងត្រូវបានកែលម្អ»។

កញ្ញា សាតូមិ ម៉ូកៃ នាយិកាស្ដីទីប្រចាំប្រទេសកម្ពុជានៃអង្គការ AAR Japan បាននិយាយថា អង្គការកំពុងអនវុត្តគម្រោងនេះ ដោយសហការជាមួយមន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋក្នុងសហគមន៍ រួមបញ្ចូលទាំងគ្រូបង្រៀន តាមរយៈការប្រើវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដូចជា ការសាងសង់បរិស្ថានមិនមានឧបសគ្គ ការបំប៉នសមត្ថភាពគ្រូបង្រៀន ការគាំទ្រចាំបាច់សម្រាប់កុមារពិការ និងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយការយល់ដឹង ស្តីពីពិការភាពសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ជាដើម

«វិធីសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺបានចូលរួមចំណែកក្នុងការបង្កើតសាលារៀន និងសង្គមមួយដែលកុមារទាំងអស់ មានចរិតលក្ខណៈខុសៗគ្នា អាចរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់ពួកគេផងដែរ។ តាមរយៈសកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក បង្ហាញថា កុមារពិការមួយចំនួនបានចាប់ផ្ដើមចូលរៀននៅគ្រាដំបូង កុមារពិការផ្សេងទៀតរីករាយជាមួយបរិយាកាសសិក្សាប្រសើរជាងមុន តាមរយៈការជួយគាំទ្រពីគ្រូបង្រៀន មិត្តរួមថ្នាក់ និងការបញ្ជូនកុមារពិការទៅកន្លែងផ្ដល់សេវា ដោយផ្អែកតាមតម្រូវការរបស់កុមារម្នាក់ៗ»។ នេះជាការបញ្ជាក់របស់ កញ្ញា សាតូមិ។

កន្លងមកអង្គការ AAR Japan មានគម្រោងក្នុងខេត្តកណ្ដាលរយៈពេល៣មកហើយ គឺចាប់តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ ទន្ទឹមគ្នាដែរ អង្គការ AAR Japan នឹងបង្កើតប្រព័ន្ធវាតម្លៃការអប់រំបរិយាបន្នក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ។ ចាប់តាំងពីបង្កើតការិយាល័យក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩០មក អង្គការ AAR Japan បានអនុវត្តសកម្មភាពជាច្រើន ដូចជា ដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់ជនពិការ និងរោងជាងរទេះរុញជាដើម៕

Tag:
 ជប៉ុន
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com