កីឡាជាតិ
ជាតិ
វិសាខាប្រជែងដណ្តើមលេខរៀងទី៣ជាមួយអង្គរថាយហ្គឺរ រីឯទ័ពសងសឹកបឹងកេត ខណៈយុវជនបាទីប៉ះកំពង់ចាម
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១៨ ដោយនៅថ្ងៃសៅរ៍ ទី៣ សីហា នេះ មានការប្រកួតដ៏ជក់ចិត្តចំនួនពីរគូ អមដោយជំនួបបង្គ្រប់កិច្ច១គូទៀតផងដែរ។ វិសាខា ត្រូវបើកទ្វារកីឡដ្ឋានខ្លួន ជម្រះបញ្ជីចាស់ជាមួយអង្គរថាយហ្គឺរ រីឯកីឡដ្ឋានខេមបូឌាអ៊ែរវ៉េក្លាយជាទីតាំងកាត់សេចក្តីរវាងបឹងកេតជាមួយក្រសួងការពារជាតិ ខណៈយុវជនអាយុក្រោម១៨ឆ្នាំបាទីរំពឹងយកឈ្នះកំពង់ចាមជាលើកទី២។
វិសាខា ប៉ះ អង្គរថាយហ្គឺរ វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានវិសាខា
ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ៧-០ នៅសប្តាហ៍មុន វិសាខារំពឹងប្រើភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះយកឈ្នះអង្គរថាយហ្គឺរ ដើម្បីឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្ន។ វា ក៏ជាឱកាសសម្រាប់ក្រុមស្ថិតនៅលេខរៀងទី៤មាន៣៧ពិន្ទុមួយនេះ សងសឹកអង្គរថាយហ្គឺរ ដែលបានយកឈ្នះពួកគេ ២-១ នៅជើងទី១ផងដែរ។ វានឹងក្លាយជាជំនួបដ៏តានតឹងនិងជក់ចិត្តសម្រាប់ទស្សនិកជន ដ្បិតអង្គរថាយហ្គឺរ ត្រូវការវិសាខាដើម្បីទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ពង្រឹងទីតាំងដែលខ្លួនកំពុងឈរ ក៏ដូចជាបង្កើនក្តីឱកាសប្រជែងដណ្តើមពាននៅរដូវនេះ។ បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះស្ថិតនៅលេខរៀងទី៣មាន៣៧ពិន្ទុជាមួយជ័យជម្នះ១១លើក ស្មើ៤ និងចាញ់២។
បឹងកេត ប៉ះ ក្រសួងការពារជាតិ វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ
ក្រោយស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ និងយកឈ្នះកំពង់ចាម ៤-០ នៅសប្តាហ៍មុន បឹងកេតរំពឹងបន្តយកឈ្នះក្រសួងការពារជាតិជាលើកទី២ ដើម្បីបាន៣ពិន្ទុបន្ថែម សម្រាប់ពង្រឹងទីតាំងដែលខ្លួនកំពុងឈរលេខរៀងទី៥មាន៣៤ពិន្ទុ។ វាក៏ជាការប្រកួតដ៏តានតឹងនិងជក់ចិត្តផងដែរ ដ្បិតក្រសួងការពារជាតិត្រូវការឈ្នះ ដើម្បីសងសឹកបឹងកេត ដែលធ្វើឲ្យពួកគេបាត់បង់៣ពិន្ទុលើទឹកដីខ្លួនជាមួយបរាជ័យ ២-០។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី៦មាន២៩ពិន្ទុ។
យុវជនបាទី ប៉ះ កំពង់ចាម វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី
នេះជាជំនួបបង្គ្រប់កិច្ចដ្បិតក្រុមទាំងពីរសុទ្ធតែបានធ្លាក់ចេញពីពានរង្វាន់នេះ ទោះបីពួកគេនៅសល់៨ប្រកួតក្នុងដៃទៀតក៏ដោយតែយុវជនបាទីរំពឹងអាចស្វែងរកជ័យជម្នះជាលើកទី២លើកំពង់ចាម ដែលពួកគេបានយកឈ្នះ ៣-០ នៅជើងទី១។ បច្ចុប្បន្នយុវជនបាទីស្ថិតនៅលេខរៀងទី១៣មាន៣ពិន្ទុ ខណៈកំពង់ចាមស្ថិតនៅបាតតារាងមាន៣ពិន្ទុដូចគ្នា៕
Tag:
បាល់ទាត់
Cambodian League 2019
វិសាខា
អង្គរថាយហ្គឺរ
ទ័ព បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com