អន្តរជាតិ
ដំឡើង​ពន្ធ​នាំចូល​១០​ភាគរយ​៖ ចិន​ថា លោក ត្រាំ បំពាន​ពាក្យសន្យា​ជាមួយ​លោក ស៊ី នៅ​ជប៉ុន​
03, Aug 2019 , 11:59 am        
រូបភាព
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២ ខែសីហា។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២ ខែសីហា។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២ ខែសីហា បានបង្ហាញ​ជំហរ​មិន​ពេញចិត្ត​យ៉ាងខ្លាំង ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​គម្រោង​យកពន្ធ​នាំចូល​ចំនួន​១០​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ចាប់ពី​ខែកញ្ញា​ខាងមុខ​។ ម្យ៉ាង​នេះ​ជាការ​បំពាន​ពាក្យសន្យា​មេដឹកនាំ​កំពូល​នៅ​ជប៉ុន ហើយ​ម្យ៉ាង​ជាការ​លើផ្លូវ​ខុស​ផង​។ មន្ត្រី​ក្រសួងការបរទេស​ចិន​អះអាងថា ប៉េកាំង នឹងមិន​នៅ​ស្ងៀម​ឡើយ បើ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​មែន​នោះ​។

 
​សន្យា​នឹង​ដៃ លុប​នឹង​ជើង​? ទីក្រុង​ប៉េកាំង បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​គម្រោង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​យកពន្ធ​នាំចូល​១០​ភាគរយ​លើ​ទំនិញ​របស់​ចិន​ទំហំ​៣០០​ពាន់​លាន​ដុល្លារ ដោយ​ចាត់ទុក​គម្រោង​នេះ​ជាការ​បំពាន​កិច្ចសន្យា​នៅ​ជប៉ុន​។ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ចិន​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​បញ្ច្រាស់ទិស​បែបនេះ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២ ខែសីហា លោកស្រី Hua បញ្ជាក់ថា ការយកពន្ធ ជាការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ការឯកភាព​គ្នារ​វាង​ប្រធានាធិបតី ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំឡុង​ជំនួប​នៅ​ទីក្រុង​អូ​សា​កា ហើយ​ខុស​ទិសដៅ​ត្រឹមត្រូវ​ទៀតផង​។ លោកស្រី​បន្តថា ការយកពន្ធ​នេះ ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​អ្វី​ដែរ ហើយ​ចិន​នឹង​ចាត់វិធានការ​តប​តប​វិញ​មិន​ខាន​ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​របស់ខ្លួន និង​ប្រយោជន៍​ជនជាតិ​ចិន ខណៈ​អាមេរិក​ត្រូវ​ទទួលខុសត្រូវ​លើ​ផលវិបាក​ដែលមាន​។​
 
«​ចិន​ជឿថា គ្មាន​អ្នកឈ្នះ​ឡើយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។ យើង​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ តែ​ក៏​មិន​រអា​នឹង​ប្រយុទ្ធ​តទល់​ក្នុង​សង្គ្រាម​នេះដែរ​។ ចិន​ក៏​មិន​ទទួលយក​ការដាក់​សម្ពាធ​អតិប្បរមា​ណាមួយ ឬ​ការគំរាមកំហែង​អ្វី​ដែរ​។​» នេះ​ជាការ​បកស្រាយ​របស់​អ្នកនាំពាក្យ​ដដែល ក្នុងន័យ​ផ្ញើ​សារ​ទៅកាន់​អាមេរិក ដែល​រំពឹងថា ការយកពន្ធ​បែបនេះ អាច​បង្ខំ​ឲ្យ​ចិន​ប្រញាប់​ចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​។​
 
​គម្រោង​យកពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​នេះ មិនមែនជា​ការបន្ថែម​លើ​ការយកពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​ដែល​កំពុង​អនុវត្ត​នៅឡើយ​។ លោក ត្រាំ ក៏​គំរាម​ដែរ​ថា ១០​ភាគរយ​នេះ មិនមែនជា​តួលេខ​ចុងក្រោយ​ឡើយ គឺ​អាមេរិក​អាច​ដំឡើង​ទៅលើ​ស​២៥​ភាគរយ​ឯណោះ ប៉ុន្តែ​លោក​រង់​ចាំមើល​ដំណើរការ​ចរចា​សិន​។ កន្លងមក ចិន​ក៏បាន​យកពន្ធ​លើ​ទំនិញ​អាមេរិក​ទំហំ​១១០​ពាន់​លាន​ដុល្លារ ជា​សងសឹក​អាមេរិក​វិញ​ដែរ​។​
 
​ពាក់ព័ន្ធ​រឿង​ចរចា​វិញ មន្ត្រី​អាមេរិក និង​ចិន នឹង​ជួបគ្នា​លើក​ទី​១៣ នៅ​កញ្ញា​ខាងមុខ ពោល​បន្ទាប់ពី​គម្រោង​យកពន្ធ​១០​ភាគរយ​ខាងលើ​ចូល​ធរមាន​។ លោកស្រី Hua ដែល​ទើប​ឡើងកាន់តំណែង​អគ្គនាយិកា​នៃ​អគ្គនាយក​ព័ត៌មាន​ក្រសួងការបរទេស​ចិន​ដែរនោះ និយាយ​ទុក​ថា ជំហរ​របស់​ចិន មិន​ប្រែប្រួល​ឡើយ ដោយ​ចង់ឃើញ​ការចរចា​ទាំងអស់ ត្រូវធ្វើឡើង​ដោយ​ស្មើភាព និង​ការគោរព​គ្នា​ទៅវិញទៅមក ចំណែក​អាមេរិក​ត្រូវ​ងាក​មក​ដើរ​ផ្លូវ​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​៕ 

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com