ជាតិ
អង្គការ​បេះដូង​ជប៉ុន នឹង​រៀបចំ​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​១១-១២ សីហា​
03, Aug 2019 , 12:59 pm        
រូបភាព
រូបភាពពីមន្ទីរពេទ្យជប៉ុនឧដុង្គ
រូបភាពពីមន្ទីរពេទ្យជប៉ុនឧដុង្គ
​ដោយ​៖ ហួ ឆេង​ស៊ីម​
 
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១-១២ សីហា​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន សហការ​មណ្ឌល​សុខភាព​ខ្នុរ​ដំបង និង មន្ទីរពេទ្យបង្អែក​ជើង​ព្រៃ គ្រោង​រៀបចំ​ពិនិត្យ និង ពិគ្រោះ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០០​នាក់ ដោយ​ឥតគិតថ្លៃ​។ ប្រភេទ​ជំងឺ​វះកាត់​ដែល​ត្រូវ​ពិនិត្យ និង​ព្យាបាល​សម្រាប់​មនុស្ស​ធំ​ពី​អាយុ​១៦​ឆ្នាំ​ឡើងទៅ​រួមមាន ពោះវៀន​ធ្លាក់ចូល​ពងស្វាស ដុំ​ពក ទឹក​ដក់​ក្នុង​ពងស្វាស និង​បូស​អន្ទង់​។​


 
​អង្គការ​បេះដូង​ជប៉ុន ជា​អង្គការ​សុខាភិបាល​អន្តរជាតិ​ស្ម័គ្រចិត្ត​ដែល​គាំទ្រ​លើ​គម្រោង​សេវា​វេជ្ជសាស្ត្រ និង​គម្រោង​អប់រំ​សុខភាព​។ អង្គការ​បេះដូង​ជប៉ុន នឹង​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​នាក់​ក្នុង​១​ថ្ងៃ​ដោយ​ឥតគិតថ្លៃ​។ ការពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ នឹង​រៀបចំ​នៅ​មណ្ឌល​សុខភាព​ខ្នុរ​ដំបង នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ និង​នៅ​មន្ទីរពេទ្យបង្អែក​ជើងព្រៃ នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​
 
​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គការ​បេះដូង​ជប៉ុន ប្រភេទ​ជំងឺ​វះកាត់​ដែល​ត្រូវ​ព្យាបាល​សម្រាប់​មនុស្ស​ធំ​ពី​អាយុ​១៦​ឆ្នាំ​ឡើង ទៅ រួមមាន ពោះវៀន​ធ្លាក់ចូល​ពងស្វាស ដុំ​ពក ទឹក​ដក់​ក្នុង​ពងស្វាស បូស​អន្ទង់ និង​គ្រាប់​ពងស្វាស​អត់​ធ្លាក់​។ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការពិនិត្យ និង​ព្យាបាល សូម​ភ្ជាប់​មកជា​មួយ​លេខ​ទូរ​សព្ទ ថ្នាំពេទ្យ វេជ្ជបញ្ជា លទ្ធផល​វិភាគ ឬ ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​៕
 

Tag:
 សុខភាព​​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com