ជាតិ
គ្រោះអគ្គិភ័យក្នុងខែកក្ដដា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួស៥៥នាក់ នាយកដ្ឋាន បង្ការ និងពន្លត់អគ្គិភ័យ
× នៅក្នុងខែកក្កដា កន្លងទៅ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤១លើក និងបានបណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងចំនួន៥៥នាក់រងរបួស។ ហេតុការណ៍ទាំង៤២លើកនេះ បានបណ្តាលឲ្យផ្ទះពលរដ្ឋ ៣៩ខ្នង រងការខូចខាតផងដែរ។ នេះជាការបញ្ជាក់របស់ លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ប្រាប់អ្នកកាសែត នៅក្រោយប្រតិបត្តិការពន្លត់អគ្គិភ័យនៅផ្សារទំនើប អូឡាំព្យា កាលពីថ្ងៃទី២ ខែសីហា។
លោក នេត វន្ថា ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ១ឆមាស ឆ្នាំ២០១៩នេះ មានអគ្គិភ័យបានកើតឡើងចំនួន ៤២៩លើក បានកើតឡើងនៅទូទាំងប្រទេស។ ចំនួននេះ កើនឡើង ៧៩លើក បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។
ដោយឡែកបើគិតតែក្នុងរយៈពេល៦ខែដដែល គ្រោះអគ្គិភ័យបានបណ្តាលឲ្យមនុស្សចំនួន ១៧នាក់ របួស៤៦នាក់ និងឆេះផ្ទះចំនួន ៤១៨ខ្នង។ នេះបើតាមប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ លោក នេត វន្ថា ដោយបន្តពន្យល់ថា មូលហេតុដែលផ្ដើមឲ្យមានអគ្គិភ័យទាំងនេះ គឺមកពីឆ្លងចរន្តអគ្គិសនី ៤០ភាគរយ, ភ្លើងទាន និងធូប ៣៩ភាគរយ និងមិនដឹងមូលហេតុច្បាស់ ២១ភាគរយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា នេះ អគ្គិភ័យបានឆាបឆេះឃ្លាំងផ្ទុកសម្ភារក្រោមដី ក្នុងការដ្ឋានអគារ ទីក្រុង អូឡាំព្យា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែអគ្គិភ័យនេះ មិនបានបង្កឲ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com