ជាតិ
បាក់ឌុប
បាក់​ឌុប​៖ ក្រសួង​អប់រំ ប្រាប់ បេក្ខជន​ឲ្យ​ទៅពិនិត្យ​បញ្ជី​បេក្ខភាព​នៅតាម​សាលា​រៀងខ្លួន ចៀសវាង​ខុស​ឈ្មោះ​
03, Aug 2019 , 2:29 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា
រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២ សីហា បាន​ប្រាប់​ឲ្យ​បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី ១៩ សីហា​នេះ ទៅពិនិត្យ​បញ្ជី​បេក្ខភាព នៅតាម​សាលា​រៀងៗ​ខ្លួន ចៀសវាង​ការខុស​អក្ខរាវិរុទ្ធ​លើ​ឈ្មោះ​បេក្ខជន ឬ​ឈ្មោះ​ឪពុកម្ដាយ​។ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា បេក្ខជន អាចទាក់ទង​ទៅ​នាយក​សាលា និង​ជូនដំណឹង​មក​ក្រសួង​ដើម្បី​កែតម្រូវ បើ​ពួកគេ រកឃើញ​មាន​កំហុស​អក្ខរាវិរុទ្ធ​លើ​ឈ្មោះ​របស់ខ្លួន​។​


 
 ក្រសួង​អប់រំ បាន​បិទ​បញ្ជី​បេក្ខភាព នៅតាម​សាលា​រួចរាល់​ហើយ​។ ដូច្នេះ​បេក្ខជន​ប្រឡង​ទាំងអស់ អាច​ទៅពិនិត្យ​បញ្ជី​បេក្ខភាព សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន ដើម្បី​ធានា​ភាពច្បាស់លាស់ និង​ចៀសវាង​ការខុស​អក្ខរាវិរុទ្ធ​លើ​ឈ្មោះ​បេក្ខជន ឬ​ឪពុកម្ដាយ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី ៣ ខែសីហា​នេះ​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ  បន្តថា បញ្ជី​បេក្ខភាព​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​បេក្ខជន​ប្រឡង និង​ដើម្បី​ធានា​ពី​ភាពត្រឹមត្រូវ លើ​អត្ដ​សញ្ញាណ​របស់​បេក្ខជន​ផង​។ បញ្ជី​បេក្ខភាព​នេះ ក៏​អាច​ឲ្យ​បានដឹងថា ពួកគេ មានឈ្មោះ​ប្រឡង ឬ​អត់​ផងដែរ​។  បើតាម លោក ឌី ខាំ​បូ​លី បេក្ខជន​ដែល​ត្រូវបាន​លុប​បេក្ខភាព  គឺ​ដោយសារ​អវត្តមាន​ច្រើន​,​ធ្លាក់​មធ្យមភាគ និង​បោះបង់​ការសិក្សា​។​
 
​គួរ​ជម្រាប​ថា បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ និង​លេខ​បន្ទប់ នឹងត្រូវ​បិទ​ផ្សាយ នៅ​ថ្ងៃទី​១៨ សីហា នា​មណ្ឌល​ប្រឡង​ទាំង​២០២ នៅ​ទូទាំង​រាជធានី​-​ខេត្ត​៕ 

Tag:
 អប់រំ​
 ​បាក់​ឌុប​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com