អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
មន្ត្រី​ធនាគារជាតិ​ក្រើនរំឭក​ពី​ផល​លំបាក​នៃ​ការទទួល​កម្ចី​ទិញ​ផ្ទះ​ពី​ម្ចាស់​បុរី​ផ្ទាល់​
03, Aug 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណើន​ការទទួល​កម្ចី​ដោយផ្ទាល់​ពី​ម្ចាស់​បុរី ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ បានធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ពី​ធនាគារកណ្តាល​កម្ពុជា បង្កើន​ការយកចិត្តទុកដាក់ ហើយ​បាន​ក្រើនរំឭក​ដល់​អ្នកទិញ​ផ្ទះ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ពី​អត្រា​ការប្រាក់​។​
 
​ថ្លែង​ក្នុងឱកាស នៃ​ការធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​ឆមាស​ទីមួយ ឆ្នាំ​២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មានការ​កើនឡើង​យ៉ាងខ្លាំង ហើយ​តម្រូវការ​ប្រាក់កម្ចី​ទិញ​ផ្ទះ ក៏​កំពុង​កើនឡើង​។ លោកស្រី​បាន​បន្តថា គូស្រករ​វ័យក្មេង​កាន់តែច្រើន តែង​ចង់បាន​របៀប​នៃ​ការរស់នៅ​ថ្មី​ដោយ​រស់នៅ​ដាច់ដោយឡែក​ពី​ឱ​ពុក​ម្តាយ​តាមរយៈ​ការ​មានផ្ទះ​ដោយ​ខ្លួនឯង ដោយ​ការទទួល​កម្ចី​។​
 
​តាមរយៈ​និន្នាការ​នេះ លោកស្រី សិរី បាន​ជំរុញ​ឱ្យ​អ្នកទិញ​អចលនទ្រព្យ ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ឲ្យ​បាន​លម្អិត មុនពេល​សម្រេចចិត្ត ដោយសារ​ថា​ការទិញ​ផ្ទះ​បង់​រំលស់​ពី​ម្ចាស់​បុរី ដោយផ្ទាល់ តែងមាន​អត្រា​ការប្រាក់​ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​ការទទួល​កម្ចី​ពី​ធនាគារ​។​
 
​គម្រោង​តែងតែ​ចង់​ឲ្យ​អ្នកទិញ​បង់​ផ្ទាល់​
 
​ដោយ​មិន​បញ្ចេញ​ចំឈ្មោះ លោកស្រី សិរី បាន​លើកឡើងថា មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខ្លះ​មាន​ចេតនា​អូស​បន្លាយពេល​អ្នកទិញ​ផ្ទះ ឲ្យ​បង់ក​ម្ចី​តាម​ក្រុមហ៊ុន ជៀស​ជាង​តាម​ធនាគារ ដោយ​អូសបន្លាយ​ការផ្តល់​ប្លង់​កម្មសិទ្ធិ​។ លោកស្រី​ថ្លែងថា​៖«​ម្ចាស់​គម្រោង​ខ្លះ គាត់​អត់​ចង់​ចេញ​ប្លង់​ហ្នឹង​ឲ្យ​យើង​ទេ គាត់​អត់​ជួយ​សម្រួល​យើង​ជាមួយ​ធនាគារ ព្រោះ​គាត់​ចង់ទុក​យើង​ឲ្យ​ខ្ចីលុយ​គាត់ ហើយ​ឲ្យ​ការប្រាក់​គាត់​»​។ 
 
​លោកស្រី​បន្តថា​៖«​មាន​គម្រោង​ខ្លះ [​អ្នកទិញ​] បាន​លុយ​កម្ចី​ពី​ធនាគារ ហើយ​យកទៅ​ឲ្យ​ម្ចាស់​គម្រោង តែ​ម្ចាស់​គម្រោង​អត់​យក​ភ្លាមៗ​ទេ​។ គាត់​ទុក​ឲ្យ​យើង​ចិញ្ចឹម​គាត់​មួយឆ្នាំ ១៨ ភាគរយ​»​។​
 
​ដោយសារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដូច្នេះ​ធនាគារជាតិ​នៃ​កម្ពុជា មិនមាន​ទិន្នន័យ​ទំហំ ប្រាក់កម្ចី​ទិញ​ផ្ទះ​ដែល​អ្នកទិញ ធ្វើតាម​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នោះទេ​។​
 
​ការទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​ពី​ម្ចាស់​បុរី ឬ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដោយផ្ទាល់ បានចាប់ផ្តើម​កក្រើក​ខ្លាំង នៅ​រយៈពេល​បី ទៅ​បួន​ឆ្នាំ​ចុងក្រោយ​។ ជាទូទៅ​ម្ចាស់​បុរី​បានអនុញ្ញាត​ឲ្យ​អ្នកទិញ​ផ្ទះ ទិញ​ដោយមាន​លក្ខខណ្ឌ​ងាយស្រួល ដោយ​មិនចាំបាច់​មាន​ប្រាក់​តម្កល់​ដំបូង មិនមាន​ការត្រួតពិនិត្យ​ប្រវត្តិ​ឥណទាន ឬ​មិនមាន​វាយតម្លៃ​ពី​លទ្ធភាព​សង​ត្រលប់ ព្រមទាំង​អនុញ្ញាត​ឲ្យ​មាន​ការបង់​រំលស់ រយៈពេល​វែង ដល់​ទៅ ២០ ឬ ៣០​ឆ្នាំ​។​

​ការប្រាក់​អាច​កើន​ពីរដង ឬ​បី​ដង​នៃ​ថ្លៃដើម​
 
​ទោះបី​ប្រាក់កម្ចី​ពី​បុរី ឬ​ម្ចាស់​គម្រោង​អចលនទ្រព្យ​ទាំងនេះ ដំបូង​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​អ្នកទិញ​ក៏ដោយ តែ​អត្រា​ការប្រាក់​គឺ​កើនឡើង​ទ្វេដង ឬ​បី​ដង នៃ​តម្លៃ​ផ្ទះ នៅពេល​ប្រាក់កម្ចី ត្រូវបាន​សង​ត្រលប់​ទាំងស្រុង​។​
 
​ខុសគ្នា​ពី ម្ចាស់​បុរី​ធនាគារ​រប​ស់​ប្រទេស​កម្ពុជា ជាធម្មតា​តម្រូវឱ្យ​អ្នកទិញ​ផ្ទះ​ត្រូវមាន​ប្រាក់​យ៉ាងហោចណាស់ ៣០ ភាគរយ នៃ​តម្លៃ​ផ្ទះ និង​មានការ​ត្រួតពិនិត្យ​រយៈ​ពេល​វែង លើ​ប្រវត្តិ​ឥណទាន និង​សមត្ថភាព​ក្នុង​ការសង​។ តែ​អត្ថប្រយោជន៍ គឺ​អត្រា​ការប្រាក់​សម្រាប់​ប្រាក់កម្ចី​ពី​ធនាគារ មាន​អត្រា​ចន្លោះ​ពី​៧ ទៅ ១២ ភាគរយ ក្នុង​មួយឆ្នាំ​។​
 
​យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) ប្រាក់កម្ចី​ទិញ​ផ្ទះ​នៅ​កម្ពុជា បាន​កើន​ដល់​ចំនួន ៣.២ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​២០១៩​នេះ គឺ​ការកើនឡើង ៣៤ ភាគរយ ធៀប​នឹង​ដំណាច់ខែ​មិនា​ឆ្នាំមុន​។​
 
​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ ស៊ី​ប៊ី​ស៊ី បាន​ប្រាប់ Realestate.com.kh ថា​៖ «​ការផ្តល់​កម្ចី​ទិញ​ផ្ទះ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ កំពុងដំណើរការ​យ៉ាង​ល្អ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​»​។​លោក​បន្តថា​៖«​និន្នាការ​នេះ កំពុង​កើនឡើង​ក្នុង​ល្បឿន​ដូច​ឆ្នាំមុន ហើយ​ស្រប​នឹង​កំណើន     វិស័យ​អចលនទ្រព្យ​ទូទៅ​»៕
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com