ជាតិ
សង្គមជាតិ
ប្រមុខ​រដ្ឋាភិបាល រក្សា​ជំហរ​វះកាត់​មន្ត្រី​ពុករលួយ កាប់​ឈើ យក​ដី​រដ្ឋ​...
03, Aug 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន បន្ត​ព្រមាន​ចាត់ការ​មន្ត្រី​និង​កងកម្លាំងប្រដាប់អាវុធ ដែល​ធ្វើ​ខុសច្បាប់ និង​ទង្វើ​មិន​គប្បី​។ ប្រមុខ​រដ្ឋាភិបាល បាន​ហៅ​វិធានការ​នេះ ថា​ជាការ​អនុវត្ត​អភិក្រម​ទី​៥ គឺ​ការវះកាត់​។


 
​ការព្រមាន​ទៅកាន់​មន្ត្រី​ជាថ្មី​នេះ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​។ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បានសរសេរថា​៖«​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​អភិក្រម​ទី​៥ ដោយ​ព្រមាន​ដកហូត​បុណ្យ​សក្តិ និង​បង្កក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ ហើយ​កងកម្លាំងប្រដាប់អាវុធ ដែល​ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់​ផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ថែមទៀត​»​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ មាន​មន្ត្រី​និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន ត្រូវបាន​ដកចេញ​ពី​តំណែង និង​បន្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយសារតែ​អំពើ​ខុសឆ្គង​របស់​ពួកគេ​។ ជាក់ស្តែង ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច បាន​ចាប់​ឧកញ៉ា ស៊ឹង សំអុល ពីបទ​ល្មើស​ព្រៃឈើ និង​បញ្ជូនទៅ​តុលាការ​។ 
 
​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់​ប្រធាន អនុប្រធាន និង មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ដោយ​សង្ស័យថា​ពួកគេ បាន​ប្រព្រឹត្ត​អំពើពុករលួយ​។ បច្ចុប្បន្ន អ្នក​ទាំងបី កំពុង​ជាប់ឃុំ​៕ 

Tag:
 ហ៊ុន សែន​
  អភិក្រម​ទី​៥
© រក្សាសិទ្ធិដោយ thmeythmey.com